ភ្នំពេញៈ ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​កើន​ភាគរយ​កាន់​តែ​ខ្ពស់ ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៩ ​នេះ បន្ទាប់​ពី​ពួក​គេ​រក​បាន ​៣ ពិន្ទុ​បន្ថែម ស្រប​ពេល​គូ​​ប្រជែង​របស់​ខ្លួន គឺ វិសាខា ​បាន​​ត្រឹម​ចែក​គ្នា​ម្នាក់ ​១ ពិន្ទុ ​ជាមួយ​ក្រុម​បឹងកេត​នោះ ប៉ុន្តែ​ក្រុម​​ភ្នំពេញ​ក្រោន និង​ក្រសួង​ការពារ​ជាតិ សុទ្ធ​តែ​រក​បាន ​៣ ពិន្ទុ​បន្ថែម ហើយ​ខ្សែ​ប្រយុទ្ធ Bata ក៏​បាន​តាម​ទាន់​កំណត់ត្រា​រក​គ្រាប់ បាល់​ចំនួន ​២៤ ​គ្រាប់ ​របស់ Privat វិញ​ផង​ដែរ​។


សម្រាប់​ការ​ប្រកួត​លីក​កំពូល​កម្ពុជា ប្រចាំ​សប្តាហ៍​ទី​២០ កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ក្រុម​​ព្រះខ័នរាជ​ស្វាយរៀង បាន​​បន្ត​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ចាម ៥-០។ បើ​ទោះ​បីជា​លទ្ធផល​​លើក​នេះ វា​មិន​បាន​ល្អ​ប្រសើរ ​ដូចការ​ប្រកួត​ជើង​ទី​១ ដែល​ពួក​គេ បាន​ឈ្នះ​ខេត្ត​កំពង់ចាម ១៣-០ ប៉ុន្តែ​​ការ​ឈ្នះ ​៣ ពិន្ទុ​លើក នេះ វា​ពិត​ជា​មាន​ន័យ​ចំពោះ​ពួក​គេ ខណៈ​ដៃ​គូ​ប្រជែង វិសាខា បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម បឹងកេត នោះ។


លោក ជូ សារឿន គ្រូ​ជំនួយ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បាន​​ប្រាប់​​កាល​ពី​ម្សិលមិញ​ថា៖ ​«​​ការ​ឈ្នះ​បាន ​៣ ពិន្ទុ​លើក​នេះ វា​ជា​រឿង​ល្អ​មួយ​សម្រាប់​យើង ហើយ​ការ​ស្មើ​គ្នា​រវាង​ក្រុម​វិសាខា និង​បឹងកេត វា​​បាន​បន្ថែម​ឱកាស​មួយ​កម្រិត​​ទៀត​សម្រាប់​ពួក​យើង ព្រោះ​វា​បាន​ធ្វើ​ឲ្យ​យើង កាន់​តែ​មាន​ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុម​ឈរ​នៅ​លេខ ​២ និង​លេខ ​៣»។


តាមរយៈ​ការ​ឈ្នះ​បាន ​៣ ​ពិន្ទុ​នេះ បាន​ជួយ​ឲ្យ​ស្វាយរៀង បន្ត ឈរ​នៅ​លេខ ​១ ដោយ​មាន ​៥២ ​ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ ​២ ​រហូត​ដល់ ​៨ ពិន្ទុ​ឯណោះ ព្រោះ​ការ​​វាយ​បក​តាម​ស្មើ​របស់​ខ្សែ​ប្រយុទ្ធ Da Crus នៅ​នាទីទី​៤៥ ដើម្បី​លុប​ចោល​គ្រាប់​បាល់​នាំ​មុខ​របស់​ខ្សែ​ប្រយុទ្ធ​បឹងកេត Oiboh Julius នៅ​នាទីទី ​២៦ ​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​វិសាខា ធ្លាក់​ចេញ​ពី​លេខ ​២ មក​ឈរ​នៅ​លេខ ​៣ មាន ៤០ ​ពិន្ទុ។


ជាមួយ​គ្នា​នេះ ​ណាហ្គាវើល បាន​បន្ត​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៦-១ ដើម្បី​​ឡើង​មក​ឈរ​នៅ​លេខ ​២ ​វិញ ដោយ​មាន ​៤០ ​ពិន្ទុ​ ខណៈ​បឹងកេត បន្ត​ឈរ​នៅ​លេខ ​៤ ដដែល មាន ​៤១ ​ពិន្ទុ ព្រោះ​​ក្រុម​ដែល​មាន​លទ្ធភាព​ដណ្តើម​យក​ទីតាំង​នេះ គឺ​អង្គរ​ថាយហ្គឺរ បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ​ធ្វើ​ឲ្យ​ពួក​គេ​មាន​​ត្រឹម ​៣៩ ​ពិន្ទុ តិច​ជាង​បឹងកេត ២ ​ពិន្ទុ​ដដែល។


យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​សួរ​​ពី​ភាគរយ ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​លើក​ពាន លោក ជូ សារឿន បាន​ឆ្លើយ​តប​​ថា៖ ​«​យើង​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ ព្រោះ​យើង​នៅ​ប៉ះ​សុទ្ធ​តែ​​ក្រុម​ខ្លាំង មាន​បឹងកេត វិសាខា ណាហ្គាវើល និង​ក្រសួងការពារជាតិ គឺ​យើង​នៅ​មាន​ឧសគ្គស​ច្រើន​​ទៀត អ៊ីចឹង​យើង​មិន​ទាន់​ហ៊ាន​សន្មត​​ពី​ជោគ​វាសនា ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​លើក​ពាន​នៅ​ឡើយ​ទេ គ្រាន់​តែ​ពេល​នេះ​យើង​មាន​ភាគរយ​ច្រើន​ជាង​គេ ហើយ​បើ​យើង​ធ្វើ​បាន​​ល្អ ​២ ឬ៣ ​​ប្រកួត​ទៀត ទើប​យើង​អាច​កំណត់​បាន​​ពី​ការ​ឈ្នះ​ពាន»។

ចំណែក​​ភ្នំពេញ​ក្រោន បាន​បន្ត​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ ប៉ូលិស ៣-២ ដើម្បី​បន្ត​ឈរ​នៅ​លេខ ៦ មាន ៣៥ ​ពិន្ទុ ហើយ​ជាមួយ​គ្នា​នេះ​ខ្សែ​ប្រយុទ្ធ Bata ដែល​រក​បាន ​១ ​គ្រាប់ ​​ឲ្យ ​ភ្នំពេញក្រោន បាន​តាម​ទាន់​កំណត់ត្រា ការ​រក​បាន ​២៤ ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធឆ្នើម Privat របស់​ក្រុម​ស្វាយរៀង។ រីឯ​​ក្រុម​ក្រសួងការពារជាតិ បាន​បន្ត​យក​​ឈ្នះ​ក្រុមសាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ៤-១ ដើម្បី​បន្ត​ឈរ​នៅ​លេខ ​៧ មាន ៣៥​ ពិន្ទុ​ដែរ។

ជាមួយ​គ្នា​នេះ ក្រុម​គិរីវង់​សុខសែន​ជ័យ ​បាន​កែប្រែ​លទ្ធផល​ពី​ការ​ចាញ់ ១-០ កាល​ពី​ជើង​ទី​១ មក​ស្មើ​គ្នា ០-០ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​សូលទីឡូ​អង្គរ ក្នុង​​ជើង​ទី​២​នេះ ហើយ​លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​គិរីវង់ ឈរ​នៅ​លេខ ​១០ មាន ២២ ពិន្ទុ តិច​ជាង សូលទីឡូ​អង្គរ ដែល​មាន ​២៣ ​ពិន្ទុ ខណៈ​អាស៊ី​អឺរ៉ុប ឈរ​លេខ ​៨ មាន ២៤ ពិន្ទុ៕