ទីក្រុង​ឡុងដ៍៖ ​ក្រុម​ហង្សក្រហម Liverpool បាន​ធ្វើ​ការ​សុំទោស​ ដូច​ដែល​ក្រុម​យក្ស​នៅ​ក្របខ័ណ្ឌ​ Premier League របស់​ប្រទេស ​អង់គ្លេស ​មួយ​នេះ បាន​សម្រេច​លុប​ចោល​គម្រោង​ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​ ដែល​ផ្អាក​បុគ្គលិក​មិន​ទាក់ទង​នឹង​ការ​ប្រកួត​អំឡុង​ការ​រាល​ដាល​វីរុស​កូរ៉ូណាកាល​ពី​ថ្ងៃ​ចន្ទ ​ដើម​សប្ដាហ៍​នេះ ខណៈ​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) បាន​ជំរុញ​ឲ្យ​កីឡាករ និង​ក្លិប​ទាំង​អស់​ ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ចំពោះ​បញ្ហា​កាត់​ប្រាក់​ខែ​។


ក្រុម Liverpool បាន​ប្រឈម​ជាមួយ​នឹង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​អ្នក​គាំទ្រ និង​អតីត​កីឡាករ​របស់​ខ្លួន ក្រោយ​ពី​បាន​បង្ហាញ​កាល​ពី​ចុង​សប្ដាហ៍​ថា ​ក្លិប​ចង់​ប្រើ​គម្រោង​របស់​រដ្ឋាភិបាល​​ចក្រភព​អង់គ្លេស​ពាក់ព័ន្ធ​នឹង​ការ​ឧបត្ថម្ភ​ថ្លៃ​នឿយ​ហត់​របស់​និយោជិត។


ក្រុមហ៊ុន​ Fenway Sports Group ដែល​ជា​ម្ចាស់​ក្លិប Liverpool មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក​មាន​បំណង​ចង់​ឲ្យ​បុគ្គលិក​ប្រមាណ ២០០ ​នាក់ ផ្អាក​ការងារ​ជា​បណ្ដោះ​អាសន្ន​សិន​ក្នុង​អំឡុង​ពេល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ ខណៈ​រដ្ឋាភិបាល​បាន​ជួយ​ឧបត្ថម្ភ ៨០ ​ភាគរយ​នៃ​ប្រាក់​ខែ​របស់​ពួក​គេ​។​​​​


ជាមួយ​គ្នា​នេះ ក្លិប​រួម​លីក​ផ្សេង​ទៀត​ មាន​ Tottenham, Newcastle, Bournemouth និង Norwich បាន​អនុវត្ត​គម្រោង​នេះ​រួច​ហើយ ប៉ុន្តែ​ក្រុម​កំពូល​តារាង Liverpool ដែល​មាន​ប្រាក់​ចំណេញ​មុន​បង់​ពន្ធ ៤២ ​លាន​ផោន (​៥១​,​៧ ​លាន​ដុល្លារ​) សម្រាប់​រដូវកាល ២០១៨-​២០១៩​ បាន​ធ្វើ​បែប​ហ្នឹង​ដែរ បែរ​ជា​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយសារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ ក្នុង​នាម​ជា​ក្លិប​មួយ​ ដែល​មាន​ទំនាក់ទំនង​យ៉ាង​រឹង​មាំ​ជាមួយ​សហជីព​កម្មករ របស់​ក្រុម​នៅ​តំបន់​​ Merseyside​។


ការ​រិះគន់​ខ្លាំងៗ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ភ្លាម​ៗ ខណៈ​នាយក​ប្រតិបត្តិ​របស់​ក្លិប លោក Peter Moore បាន​សរសេរ​លិខិត​បើក​ចំហ​មួយ​ទៅ​កាន់​អ្នក​គាំទ្រ ដោយ​ប្រកាស​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​ជ្រើសរើស​វិធី​ដោះ​ស្រាយ​ផ្សេង​ទៀត សម្រាប់​ការ​ផ្អាក​បុគ្គលិក​នេះ ក្រោយ​មាន​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​ភាគហ៊ុន​សំខាន់ៗ​។​ ​


ការ​សរសេរ​របស់​លោក​ Moore បាន​ឲ្យ​ដឹង​ថា​៖ ​«យើង​ជឿ​ថា​​ យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស កាល​ពី​សប្ដាហ៍​មុន​ ដែល​ប្រកាស​ថា​ យើង​មាន​បំណង​ប្រើ​គម្រោង​​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​បុគ្គលិក​ឈប់​សម្រាក​ ដោយសារ​មិន​មាន​ការ​ប្រកួត​ នៅ​ Premier League។ ដូច្នេះ​យើង​ពិត​ជា​សោកស្ដាយ​ខ្លាំងណាស់ ក្នុង​ការ​ជ្រើស​រើស​វិធី​នេះ​»​។

ក្រោយ​ឃើញ​សំបុត្រ​របស់​​លោក​នាយក​ប្រតិបត្តិ​រូប​នេះ អតីត​ខ្សែ​ការពារ​របស់​ក្រុម Jamie Carragher បាន​សរសេរ​ក្នុង​គណនី Twetter របស់​ខ្លួន​ថា​៖ ​«​ល្អ​ណាស់​ ​Peter Moore​។ ដំបូង​ខុស​ធ្ងន់​ណាស់​ តែ​ឥឡូវ​ធ្វើ​ត្រូវ​វិញ​ហើយ។ អរគុណ​មែន​ទែន​»​។

បើទោះ​ជា​ Premier League បាន​ផ្អាក​ការ​ប្រកួត​របស់​ខ្លួន ដោយសារ​តែ​ការ​រុក​រាន​នៃ​វីរុស​​ក៏​ដោយ ក៏​ក្រុម​មេឃ​ខៀវ Manchester City ដែល​មាន​​លោក​ Sheikh Mansour ជា​ម្ចាស់​ក្លិប​បាន​អះ​អាង​ថា ​ខ្លួន​​នឹង​មិន​ប្រើ​ច្បាប់​ការងារ​​របស់​រដ្ឋាភិបាល​ឡើយ ហើយ​​​មាន​ក្រុម​បិសាច​ក្រហម Manchester United ត្រៀម​ធ្វើ​តាម​គំរូ​​​នេះ​ដែរ។ ​

ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ក្រុម​ជើងឯក​ពាន​ទ្វីប​អឺរ៉ុប​រដូវកាល​មុន​នេះ កើត​មាន​ដោយសារ​តែ​​ក្លិប​នៅ​លីក​លំដាប់​កំពូល​របស់​ប្រទេស ​អង់គ្លេស​ ដែល​ស្ថិត​ក្នុង​ចំណោម​ក្លិប​អ្នក​មាន​បំផុត​លើ​លោក​ កំពុង​ត្រូវ​បាន​តាម​ដាន​យ៉ាង​ខ្លាំង ដោយ​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​បាន​ព្រមាន​ដល់​ម្ចាស់​ក្លិប និង​កីឡាករ​ទាំង​អស់​ គួរ​តែ​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​ ពេល​សម្រេច​ធ្វើ​អ្វី​លើក​ក្រោយ​ទៀត​។​​

កីឡាករ​នៅ​ Premier League ដែល​មាន​ចំណូល​ខ្ពស់​បំផុត ដូចជា​អ្នកចាំ​ទី David de Gea របស់​​ Manchester United និង Kevin De Bruyne ​ខ្សែ​បម្រើ​​ក្នុង​ក្រុម​ Manchester City ទទួល​បាន​ប្រាក់​ខែ​ច្រើន​ណាស់​ ដោយ​ត្រូវ​គេ​រាយការណ៍​ថា ​ប្រហែល​ ២០ ​លាន​ផោន (២៥ ​លាន​ដុល្លារ​) ក្នុង ១ ​ឆ្នាំ​៕ AFP/VN