ភ្នំពេញ៖ ​អ្នក​លេង​ជង្គង់​ដ៏​ចាស់​វស្សា ឡុង សុភី ​ហាក់​មាន​ការ​បារម្ភ​ក្នុង​ការ​ជួប​​អ្នក​ប្រដាល់​​ជើង​ថ្មី វង្ស វិឆ័យ នៅ​លើ​សង្វៀន SEATV នា​យប់​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ពេល​អ្នក​ទាំង ​២ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​លេខ ​១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប្រចាំ​ពូល​កម្ពុជា ដើម្បី​យក​អ្នក​ឈ្នះ​ឡើង​ដណ្តើម​យក​​ខ្សែ​ក្រ​វាត់​អន្តរជាតិ​កំពូល​ថាមពល​ឆេមពាន ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយ​អ្នក​បាន​លេខ ​១ ​មក​ពី​ពូល​ថៃ​នោះ។


សម្រាប់​ការ​ប្រកួត​ជម្រុះ​ជាមួយ​កីឡាករ​ថៃ​ទាំង ​៤ ​នាក់ កន្លង​មក​នេះ វង្ស វិឆ័យ ​បាន​ឈ្នះ​ទាំង ​៤ ​ប្រកួត និង​ឈរ​នៅ​លេខ ​១ ​ប្រចាំ​ពូល​កម្ពុជា ខណៈ ឡុង សុភី ឈរ​នៅ​​លេខ ​២ ​ជាមួយ​ការ​ឈ្នះ ​៣ និង​ចាញ់ ​១ ​ប្រកួត ប៉ុន្តែ​រូបមន្ត​ប្រកួត គឺ​តម្រូវ​ឲ្យ​អ្នក​ទាំង ​២ ត្រូវ​ប្រកួត​គ្នា យក​អ្នក​ឈ្នះ​ឡើង​ទៅ​ផ្តាច់​ព្រ័ត្រ ជាមួយ​អ្នក​លេខ ​១ ​មក​ពី​​ពូល​ថៃ ដែល​អាច​ជា Chhouk Chhai ឬ ​Phat Oubun ព្រោះ​អ្នក​ទាំង ​២ ​នេះ ត្រូវ​ប្រកួត​គ្នា​យក​​លេខ ​១ ថ្ងៃ​អាទិត្យ​នេះ​ដែរ​។​


យ៉ាងណា​ក៏​ដោយ​ ម្ចាស់​ខ្សែ​ក្រវាត់ ​៨ ​ស្ថាប័ន ឡុង សុភី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«​ការ​ប្រកួត​នេះ វា​សំខាន់​ណាស់ តែ​ខ្ញុំ​​លំបាក​ទប់ទល់​ជាមួយ ​វង្ស ​វិឆ័យ ​​ណាស់​ ​ព្រោះ​គេ​នៅ​ក្មេង​ជាង​កម្លាំង​ល្អ ​​គឺ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​តែ​ម្តង​។


ហេតុ​នេះ​​ខ្ញុំ​សង្ឃឹម​​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​ ប៉ុន្តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ សម្រុក​ខ្លាំង​ដូច​គ្នា​ គឺ​អាច​ថា ​នរណា​សន្លប់​ក៏​មិន​អាច​ទស្សន៍​ទាយ​បាន​មុន​នោះ​ឡើយ»​។


ចំណែក​ វង្ស​ វិឆ័យ​ ទើប​តែ​បាន​លេច​មុខ​ល្បី ​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ទេ ហើយ​គេ​​មាន​បទពិសោធ​​ប្រកួត​តិច​ជាង ​ឡុង ​សុភី​ ​ប្រហែល ​៤ ​ដង ​ប៉ុន្តែ​ វិឆ័យ ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់ ​៦៩ ​គីឡូក្រាម​ នៃ​ការ​ប្រកួត​ថ្នាក់​ជាតិ ឆ្នាំ ​២០១៩ ក្រោយ​ឈ្នះ​ ឆៃ​ សារ៉ា​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ចំណែកន​ការ​ជួប ឡុង សុភី លើក​នេះ​ វង្ស ​វិឆ័យ ​បាន​និយាយ​ថា៖ ​«​​ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​មុន​ប្រកួត​ទេ​ប៉ុន្តែ​​រឿង​វ៉ៃ​ ធានា​ថា ​អស់​ពី​សមត្ថភាព ​គ្មាន​បន្ធូរ​ដៃ ​ឬ​ញញើត​នោះ​ឡើយ​»។​


ប្រភព​ពី​អ្នក​តាម​ដាន​ទស្សនា​គេ​មាន​ជំនឿ​ចិត្ត​ថា​ ឡុង ​សុភី​ មាន​ភាគរយ​ឈ្នះ​ច្រើន ​ព្រោះ​សុភី ជា​កីឡាករ​កំពូល​ល្បិច​ និង​តែងតែ​វ៉ៃ​បាន​ល្អ ក្នុង​វគ្គ​សំខាន់ ដែល​មាន​លុយ​ធំ​​។​ ចំណែក​ជំនួប​រវាង ​Chhouk Chhai ​និង ​Phat Oubun អាច​នឹង​​មិន​ល្អ​មើល​ ​​ព្រោះ​ពួក​គេ​ជិះ​ឡាន ​ហូប​ចុក ​ស្នាក់​នៅ ​តាំង​ពី​ប្រទេស ​ថៃ ​មក​ដល់​ស្រុក​ខ្មែរ​ជាមួយ​គ្នា ​ហេតុ​នេះ​ការ​ប្រកួត​ គឺ​ពួក​គេ​អាច​នឹង​ខ្សឹប​គ្នា​តាម​ការ​ឃុបឃិត​ណា​មួយ​ឲ្យ​ Chhouk Chhai ​ឡើង ​ដើម្បី​បង្គ្រាប​ករណី​ជួប​ ឡុង​ សុភី​ ​ព្រោះ ​សុភី ​ធ្លាប់​ចាញ់​ Chhouk Chhai ​ក្នុង​វគ្គ​ជម្រុះ​។​

លោក ​ញាន ​សុធី ​នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ SEATV ​បាន​ប្រាប់​ថា​៖ ​«ការ​ប្រកួត​ នឹង​ត្រូវ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ ​មិន​អនុញ្ញាត​​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ណា​កើត​ឡើង​នោះ​ទេ​ គឺ​​ទាំង​កីឡាករ​ខ្មែរ​ និង​​ថៃ​ មិន​អាច​ប្រកួត​លេង​សើច ​ឬ​មិន​អស់​ពី​សមត្ថភាព​នោះ​ឡើយ ព្រោះ​បើ​​មាន​ករណី​មិន​ប្រក្រតី​កើត​ឡើង ​នឹង​ដាក់​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​តាម​ច្បាប់»​៕​