ភ្នំពេញ: ក្រុម​កីឡាករ​ជើងខ្លាំង​វ័យក្មេង ឡុង សំណាង ហាក់​នៅ​តែ​មាន​ការបារម្ភ​ទៅ​លើ​អ្នក​ប្រដាល់​ជើងចាស់ ផាន់ គ្រាន់ ខណៈ​អ្នក​ទាំង​ ២ ត្រូវ​ជួប​គ្នា​ជា​លើកដំបូង​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ Zorus ទម្ងន់​ ៦៣,៥ ​គីឡូក្រាម​នៅ​សង្វៀន CNC នា​ព្រឹក​ថ្ងៃ​អាទិត្យ​។ ចំណែក ឌុម កែវដា ក៏​មាន​ភាពស្រពេចស្រពិល សម្រាប់​ការវិល​ទៅ​ជួប​ថៃ Phit Sayfar ផង​ដែរ​។


ឡុង សំណាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​នៅក្នុង​ចំណោម​អ្នក​ដែល​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ខ្ញុំ​គិត​ថា ផាន់ គ្រាន់ ជា​ឧបសគ្គ​ធំ​ក្នុង​ដំណើរ​ឆ្ពោះ​រក​ការ​ឈ្នះ​ខ្សែក្រវាត់​របស់​ខ្ញុំ ព្រោះ​គាត់​ជា​កីឡាករ​ជើងចាស់ មាន​បទពិសោធ​ប្រកួត​ច្រើន ពិសេស​គាត់​មាន​កណ្តាប់ដៃ​ល្អ និង​ធ្ងន់​ទៀត​ផង​»​។

តាមរយៈ​ការប្រកួត​ជម្រុះ​ ៤ ​លើក​កន្លង​មក​នេះ​កីឡាករ ឡុង សំណាង ដែល​ជា​សមាជិក​ ១ ​រូប​ក្នុង​ក្រុម​ជម្រើសជាតិ​គុន​ខ្មែរ​នៅ​ឆ្នាំ​ ២០១៩ ​នេះ​គឺ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​រូបគេ​បាន​ឈ្នះ​ទាំង​ ៤ ​ប្រកួត​ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ មាន​ ១២ ​ពិន្ទុ​ពេញ ខណៈ ផាន់ គ្រាន់ បាន​ចំណាត់ថ្នាក់​លេខ​ ៤ ជាមួយ​ការ​ឈ្នះ​ ៣ និង​ចាញ់​ ១ ​ពិន្ទុ ប៉ុន្តែ​ភាពរឹងមាំ​របស់ ផាន់ គ្រាន់ វា​នៅ​តែ​ជា​ក្តីបារម្ភ​របស់ ឡុង សំណាង​។


សិស្ស​គណក្លិប​សាលវ័ន្ត​កីឡា ឡុង សំណាង បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​ហ្វឹកហាត់​ទប់ទល់​ជាមួយ​កណ្តាប់ដៃ​របស់​គាត់​ហើយ ហើយ​ក៏​បាន​ត្រៀម​ផ្លែ​សម្រាប់​ធ្វើ​ស៊ី​គាត់​វិញ​ផង​ដែរ ប៉ុន្តែ​ចំពោះ​លទ្ធផល​ទទួល​បាន​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ទុក​មុន​នោះ​ទេ គឺ​ពេល​ប្រកួត​ចប់​ទើប​ដឹង​ច្បាស់​»​។


ឌុម កែវដា ត្រូវ​ប្រកួត​ជាមួយ​ថៃ Phit Sayfar​។ រូបថត សហការី


ចំណែក ផាន់ គ្រាន់ របស់​ក្លិប​ពុទ្ធ​សេរីវង្ស​ខណ្ឌ​ពោធិ៍សែនជ័យ​មិន​អាច​ទាក់ទង​សម្ភាស​បាន​ទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​គេ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល ប៉ុន្តែ​នៅក្នុង​ការប្រកួត​ខ្សែក្រវាត់​នេះ ផាន់ គ្រាន់ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​៖ «​ខ្ញុំ​នឹង​ព្យាយាម ដើម្បី​ដណ្តើម​យក​ខ្សែក្រវាត់​មួយ​នេះ​»​។

តាមរយៈ​ការប្រកួត​ជម្រុះ​ ៤ ​លើក​ជាមួយ​កីឡាករ​ថៃ​កន្លង​មក​នេះ ផាន់ គ្រាន់ បាន​បង្ហាញ​ពី​ឆន្ទៈ​ប្រកួត​យ៉ាង​មុតមាំ​។ បើ​ទោះបី​ជា​រូបគេ​ត្រូវ​បាន​កំណត់​ឲ្យ​ចាញ់​ថៃ Phit Sayfar ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ការប្រកួត​បើក​ឆាក ព្រោះ​រូបគេ​មាន​ទម្ងន់​លើស​ការកំណត់ ប៉ុន្តែ​សម្រាប់​ការប្រកួត​ ៣ ​លើក​ចុងក្រោយ ផាន់ គ្រាន់ បាន​ព្យាយាម​ហាត់​សម្រក​ទម្ងន់​មក​នៅ​ត្រឹម​ ៦៣,៥ ​គ.ក្រ តាម​ការកំណត់​វិញ​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ផាន់ គ្រាន់ បាន​យក​ឈ្នះ​ថៃ Jecknoun, Phit Saychhun និង Phit Dam ទើប​ទទួល​បាន​ឱកាស​មក​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​ទៅ​តាម​អ្វី​ដែល​គេ​បាន​ប្តេជ្ញាចិត្ត​ពិតប្រាកដ​មែន​។ ទោះបី​ជា​យ៉ាងណា​លទ្ធផល​ដែល ផាន់ គ្រាន់ ធ្វើ​បាន​ហាក់​នៅ​ចាញ់ ឡុង សំណាង ព្រោះ​ ៤ ​ប្រកួត​របស់ ឡុង សំណាង បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​ឲ្យ​សន្លប់​ម្នាក់ និង​ឈ្នះ​ពិន្ទុ​ ៣ ​នាក់​។

ចំណែក ឌុម កែវដា របស់​ក្លិប​មកុដ​រាជសីហ៍​ហាក់​នៅ​មាន​ភាពស្រពេច​ស្រពិល ខណៈ​រូបគេ​ទើប​តែ​សន្លប់​ក្រោម​កណ្តាប់ដៃ Phit Sayfar ក្នុង​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​នេះ ប៉ុន្តែ​សម្រាប់​ការប្រកួត​ ៣ ​លើក​ផ្សេង​ទៀត កែវដា ក៏​ធ្លាប់​ឈ្នះ​ថៃ​ម្នាក់​នេះ​បាន​ ១ ​លើក​ផង​ដែរ ខណៈ​ ២ ​លើក​ទៀត​គឺ ចាញ់​ ១ និង​ស្មើ​ ១ អ៊ីចឹង​មាន​ន័យ​ថា ឌុម កែវដា ធ្លាប់​បាន​ចាញ់ Phit Sayfar ២ ​លើក​ហើយ​។

ឌុម កែវដា បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិន​ទាន់​ដឹង​ថា ការប្រកួត​លើក​នេះ​វា​ទៅ​ជា​យ៉ាងណា​នោះទេ​។ ការ​សន្លប់​ចុងក្រោយ​កាលពី​ជួប​គ្នា​នៅ​វគ្គ​ជម្រុះ​ខ្សែក្រវាត់​នេះ​បង្ហាញ​ថា​ផ្ទៃមុខ​របស់​ខ្ញុំ​រាង​ទន់ជ្រាយ​ងាយ​នឹង​សន្លប់ ហើយ​ខ្ញុំ​ក៏​បារម្ភ​ទៅ​លើ​ពោះ​របស់​ខ្ញុំ​ផងដែរ ដោយ​ថៃ​ម្នាក់​នេះ​ល្អ​ជង្គង់ ប៉ុន្តែ​មួយរយៈ​ពេល​នេះ​ខ្ញុំ​បាន​ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹង​ទៅ​លើ​ចំណុច​ខ្សោយ​នេះ ហើយ​ខ្ញុំ​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​ឈ្នះ Phit Sayfar កន្លង​មក​ផង​ដែរ​»៕