ក្រុងឡុងដ៍៖ លោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេសបានទទូចថា ក្រុមរបស់គាត់ត្រូវតែកែប្រែកំហុសនៅតំបន់ការពារ «ជាក់ស្ដែង» ក្រោយពីមានបញ្ហានៅក្នុងការប្រកួតដែលពួកគេបានឈ្នះជម្រើសជាតិកូសូវ៉ូ ៥-៣ នៅទីក្រុង Southampton ប្រទេស អង់គ្លេស កាលពីថ្ងៃអង្គារ។
ក្រុមកូសូវ៉ូបាននាំមុខ ១ គ្រាប់ ដោយកីឡាករ Berisha ក្នុងនាទីទី ១ ហើយចាប់ពីនាទីទី ៨ ដល់នាទីទី ៤៥ គឺជាឱកាសរកបានគ្រាប់បាល់របស់អង់គ្លេសវិញម្ដង ដែលគ្រាប់ទី ១ រកបានដោយកីឡាករ Sterling គ្រាប់ទី ២ ដោយកីឡាករ Kane គ្រាប់ទី ៣ ដោយកីឡាករ Vojvoda គ្រាប់ទី ៤ និងទី ៥ ដោយកីឡាករ Sancho ប៉ុន្តែក្រុមកូសូវ៉ូបានបន្ថែមទៀត ២ គ្រាប់ទៀតនៅក្នុងនាទីទី ៤៩ ដោយកីឡាករ Berisha និងទី ៥៥ ដោយកីឡាករ Muriqi។
តាមពិតទៅ អង់គ្លេសសឹងតែរកបានគ្រាប់ទី ៦ ទៅហើយ ប៉ុន្តែគួរឲ្យស្ដាយដែលខ្សែប្រយុទ្ធ Kane ស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនបានល្អដូចកាលពីប្រកួតជាមួយក្រុមប៊ុលហ្គារី ដោយសារអ្នកចាំទីរបស់ក្រុមកូសូវ៉ូសង្រ្គោះបាល់យ៉ាងល្អនៅក្នុងនាទីទី ៦៥។
ទោះជាការប្រកួតនេះមានភាពអស្ចារ្យសម្រាប់អង់គ្លេសក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកអង់គ្លេសបានមើលឃើញកំហុសនៅតំបន់ការពារកណ្ដាលរបស់កីឡាករ Michael Keane និង Harry Maguire ដោយសារអង់គ្លេសបានរបូតគ្រាប់បាល់ ៣ គ្រាប់ នៅក្នុងទឹកដីខ្លួនឯងជាលើកដំបូងក្នុងការប្រកួតជម្រុះក្នុងរយៈពេល ១២ ឆ្នាំមកនេះ។
លោក Southgate និយាយថា៖ «នេះជាការប្រកួតចម្លែកមួយព្រោះយើងបានជួបកំហុសជាក់ស្ដែងមួយចំនួនក្នុងការរកបានគ្រាប់ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តចំពោះទម្រង់លេងដែលយើងបានបង្ហាញលើកនេះព្រោះយើងបានទប់ទល់នឹងការវាយបកពីគូប្រជែងរបស់យើងបានទាំងស្រុង ហើយយើងបានប្រើបាល់បានល្អ»។
គ្រូបង្វឹកអង់គ្លេសរូបនេះបានបន្ថែមទៀតថា៖ «យើងក៏មានទម្រង់លេងល្អមែនប៉ុន្តែយើងក៏មានកំហុសជាក់ស្ដែងដែរ»។
កីឡាករ Sancho និយាយពីការរកបានគ្រាប់បាល់នេះថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលរកបានគ្រាប់បាល់ជាលើកដំបូងសម្រាប់ជម្រើសជាតិអង់គ្លេស ហើយវាជាការប្រកួតដ៏អស្ចារ្យមួយព្រោះយើងរកបាន ៥ គ្រាប់ ដែលក្នុងនោះ ២ គ្រាប់ គឺជាគ្រាប់បាល់របស់ខ្ញុំ»។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមអង់គ្លេសបន្តឈរកំពូលតារាងនៃពូល A មាន ១២ ពិន្ទុក្នុង ៤ ប្រកួត ដែលនាំមុខ ៣ ពិន្ទុ ទៅលើក្រុមសាធារណរដ្ឋឆែកដែលឈរនៅលេខ ២ មាន ៩ ពិន្ទុក្នុង ៥ ប្រកួត ហើយបរាជ័យនេះបានធ្វើឲ្យក្រុមកូសូវ៉ូធ្លាក់ទៅឈរនៅលេខ ៣ ចាញ់ក្រុមអង់គ្លេស ៤ ពិន្ទុ ក្នុង ៥ ប្រកួត សម្រាប់វគ្គជម្រុះ Euro ២០២០៕ AFP/SN