ភ្នំពេញ: លោក​ឧត្តមសេនីយ៍ឯក​ ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុជា​នៃ​ក្រសួង​មហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃទី​ ១៧ ខែ​មករា ឆ្នាំ​ ២០១៩ បាន​ប្រគល់​សម្ភារ​ហ្វឹកហាត់​ដល់​ក្លិប​កីឡា​ប្រដាល់​ចំនួន​​ ១៤ ​ក្លិប និង​សមាគម​កីឡា​ចំនួន​ ៣ ​បន្ថែម​ទៀត​មាន​តេ្វក្វាន់ដូ ITF និង WTF ព្រមទាំង​សមាគម​កីឡា​ហាប់គីដូ​។ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​។


លោក​ គង់ ចាន់ធីណា ជំនួយការ​លោក​ឧត្តមសេនីយ៍ឯក​ ជា ប៊ុនហេង បាន​ប្រាប់​ថា​៖ «​ក្លិប និង​សមាគម​កីឡា​ដែល​ទទួល​បាន​សម្ភារ​នេះ​មាន​សរុប​ចំនួន​​ ១៧ ក្នុង​នោះ​មាន​ក្លិប​ប្រដាល់​ចំនួន​ ១៤ ​ក្លិប សមាគម​តេក្វាន់ដូ​ចំនួន​ ២ និង​សមាគម​កីឡា​ហាប់គីដូ​ចំនួន​ ១»​។


លោក​ ចាន់ ធីណា បាន​បន្ថែម​ថា​៖ «​សម្ភារ​ហ្វឹកហាត់​ទាំងនេះ​បាន​មកពី​សប្បុរសជន​ដែល​ស្រឡាញ់​វិស័យ​កីឡា ហើយ​បាន​ទិញ​យក​មក​ឧបត្ថម្ភ​ដោយ​មិន​ប្រាប់​ឈ្មោះ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រហែល​ ៣ ០០០ ​ដុល្លារ​អាមេរិក ហើយ​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុជា​បាន​កោះហៅ​ក្លិប និង​សមាគម​ចំណុះ​ឲ្យ​មក​ទទួល​យក​តែម្តង​ដើម្បី​បម្រើ​ឲ្យ​ការហ្វឹកហាត់​។


លោក​ ជា ប៊ុនហេង បាន​មាន​ប្រសាសន៍​ថា​៖ «​សកម្មភាព​កីឡា​ក្នុង​ក្រសួងមហាផ្ទៃ​ទាំងមូល​កំពុង​តែ​មាន​ការរីកចម្រើន និង​មាន​កម្រិត​បច្ចេកទេស​កាន់តែ​ឈាន​ឡើង​ល្អ​ជា​លំដាប់ ហើយ​ក្នុង​ការប្រកួត​ក្នុង​ព្រឹត្តិកាណ៍​កីឡា​នានា​ក្រសួង​មហាផ្ទៃ​តែងតែ​ដណ្តើម​បាន​ចំណាត់ថ្នាក់​ល្អ និង​មេដាយ​ជា​បន្តបន្ទាប់​»​។ លោក​ ជា ប៊ុនហេង បាន​បន្ថែម​ថា​៖ «​សម្ភារ​ដែល​ត្រូវ​ចែក​ជូន​ពេល​នេះ​មាន​ហ្គង់ និង​ឧបករណ៍​ហ្វឹកហាត់​ព្រម​ទាំង​ថវិកា​ចំនួន​ ១០ ​ម៉ឺន​រៀល​ក្នុង​ ១ ​ក្លិប​ទៀត​។ ក្លិប​ដែល​ទទួល​បាន​មាន​ក្លិប​មកុរាជសីហ៍ ខ្លារខិន វិបុលសែនជ័យ ឡុងសាលវ័ន្ត និរោធមានជ័យ មិត្តប៉ូលីស កងចក្រ​រាជសីហ៍ អាណាចក្រ​គុនខ្មែរ កំចាយមារ កុសល​កីឡា នាគរាជ​ចតុមុខ និង​ក្លិប​បាត់ដំបង​ពាយព្យ​»៕