ក្រុង​តេហ្គូស៊ីហ្គាល់ប៉ា​៖ ក្រុម​គ្រួសារ​របស់​អតីត​ប្រធានាធិបតី​ប្រទេស ហុងឌូរ៉ាស គឺ​លោក Rafael Callejas ដែល​​ធ្លាប់​​សារភាព​កំហុស​ នៅ​សហរដ្ឋ​អាមេរិក ចំពោះ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ របស់​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ ​(FIFA) នោះ បាន​​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​អាយុ ​៧៦ ​ឆ្នាំ។ ​


លោក​ Callejas បាន​បាត់បង់​ជីវិត​ដោយសារ​គាំង​បេះដូង​នៅ​ឯ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​អាត្លង់តា រដ្ឋ​អាត្លង់តា សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​ក្រុម​គ្រួសារ​នៃ​សព​ ហើយ​ភរិយា​របស់​សព​អ្នកស្រី Norma Gaborit de Callejas បាន​ឲ្យដឹង​តាមរយៈ​សារ​មរណ​ទុក្ខ​របស់​ខ្លួន​ថា​៖​ «យើង​ខ្ញុំ​​មាន​ទុក្ខ​ជា​ទម្ងន់ ដោយសារ​ស្វាមី​សម្លាញ់​របស់​ខ្ញុំ​ ដែល​ត្រូវ​ជា​ឪពុក និង​ជីតា បាន​ប្រគល់​វិញ្ញាណ​របស់​គាត់​ឲ្យ​ទៅ​ព្រះ​ជាម្ចាស់​ហើយ​»​។​​​​


អតីត​និសិ្សត​នៃ​សាកលវិទ្យាល័យ Mississippi នា​សហរដ្ឋ​អាមេរិក លោក Callejas កើត​នៅ​ថ្ងៃ​ទី ​១៤ ខែ វិច្ឆិកា ឆ្នាំ ​១៩៤៣ នា​ទីក្រុង​​តេហ្គូស៊ីហ្គាល់ប៉ា ​ហើយ​លោក​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស ​ហុងឌូរ៉ាស កាល​ពី​ឆ្នាំ​ ១៩៩០ ដល់ ​១៩៩៤។​


ក្រៅ​ពី​កាន់​តំណែង​ជា​ប្រធានាធិបតី លោក​ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​របស់​សហព័ន្ធ​បាល់ទាត់​ជាតិ​របស់​ខ្លួន​ដែរ ចន្លោះ​ពី​ឆ្នាំ ​២០០២ ដល់ ​២០០៥ ហើយ​លោក​ក៏​ជាមនុស្ស​ម្នាក់​នៅ​ក្នុង​ចំណោម​អតីត​​សមាជិក​របស់​គណៈកម្មការ​ទីផ្សារ និង​ទូរទស្សន៍​របស់​សហព័ន្ធ​​បាល់ទាត់​ពិភព​លោក​ផង​ដែរ។​


ដូច​ដែល​បាន​ដឹង​នា​ពេល​កន្លង​មក​ថា លោក Callejas ជា​មនុស្ស​ម្នាក់​ក្នុង​​ចំណោម​មន្ត្រី ៤០ ​រូប​ផ្សេង​ទៀត​ ដែល​មាន​ជាប់​ទាក់ទង​រឿង​អាស្រូវ​ពុក​រលួយ ដោយ​លោក​ត្រូវ​បាន​គេ​​ចោទ​ប្រកាន់​ថា បាន​ទទួល​សំណូក​ពី​ក្រុមហ៊ុន Media World ដែល​មាន​មូលដ្ឋាន​នៅ​​ Florida ក្នុង​ការ​ផ្ដល់​សិទ្ធិ​ផ្សាយ​ការ​ប្រកួត​វគ្គ​ជម្រុះ​របស់​ក្រុម​ជម្រើស​​ជាតិ​ហុងឌូរ៉ាស​ សម្រាប់​ព្រឹត្តិការណ៍ ​World Cup ឆ្នាំ ​២០១៤ ឆ្នាំ ​២០១៨ និង​ឆ្នាំ ​២០២២​។​​​ 


ជាមួយ​នឹង​​ការ​បង្កើត​អំពើ​ពុក​រលួយ​​នៅ​ក្នុង​កីឡា​​បាល់ទាត់​នេះ លោក Callejas ត្រូវ​បាន​គេ​កាត់​ទោស​ នៅ​ឯ​តុលាការ​របស់​សហរដ្ឋ​អាមេរិក តែ​ដោយសារ​បញ្ហា​សុខភាព​របស់​គាត់​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​នោះ ទើប​ធ្វើ​ឲ្យ​ដំណើរ​ការ​កាត់​ក្ដី​ត្រូវ​ពន្យារពេល​ជា​ច្រើន​លើក​ច្រើន​សា ហើយ​គាត់​ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នាថ្ងៃ​ទី ​៥ ឧសភា។

រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ស្ថាប័ន FIFA បាន​ផ្ទុះ​ឡើង កាល​ពី​ខែ​ឧសភា ឆ្នាំ ​២០១៥ ជាមួយ​នឹង​ការ​ចាប់​ខ្លួន​មន្ត្រី​សំខាន់​ៗ ​៧ ​រូប នៃ​សហព័ន្ធ​ដ៏​មាន​ឥទ្ធិពល​នេះ នៅ​ក្រុង Zurich ដោយ​នៅ​ក្នុង​បណ្ដឹង​របស់​តុលាការ​របស់​អាមេរិក​បាន​ចោទ​ពួក​គេ​ពី​បទ​ទទួល​សំណូក​ជា​ទឹក​ប្រាក់​ប្រហែល ១៥០ លាន​ដុល្លារ គិត​តាំង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​មក។ មិន​ខុស​ពី​ជន​ជាប់​ចោទ​​ដទៃ​ទៀត​ដែរ លោក​ Callejas ត្រូវ​បាន​កាត់​ទោស​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​បាល់​ទាត់​គ្រប់​សកម្មភាព​ទាំង​អស់​ក្នុង​ឆ្នាំ ​២០១៦ អស់ ​១ ​ជីវិត​៕ AFP/VN