ក្រុង​ឡុងដ៍៖ អតីត​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ម្នាក់​​របស់​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស និង​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur គឺ​លោក Jimmy Greaves កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ នេះ​បើ​តាម​ការ​ប្រកាស​ពី​សំណាក់​​ក្លិប​នៅ​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អង្គារ​។


ប៉ុន្តែ ក្លិប Tottenham ​មិន​បាន​ធ្វើ​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ក្នុង​សេចក្ដី​ប្រកាស​ខ្លី​របស់​ខ្លួន​ឡើយ ថា​តើ​អតីត​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ មាន​ជំងឺ​ដោយសារ​តែ​ឆ្លង​វីរុស​កូរ៉ូណា​ ឬ​​តាម​ពិត​រូប​គាត់​មាន​បញ្ហា​ផ្នែក​សុខភាព​តាម​ធម្មតា បែប​មនុស្ស​មាន​វ័យ​ចំណាស់​ ព្រោះ​ថា​បច្ចុប្បន្ន​គាត់​មាន​អាយុ ៨០ ​ឆ្នាំ​ទៅ​ហើយ​។​​


ក្នុង​សេចក្ដី​ប្រកាស​ដែល​ក្លិប Spurs ផ្សាយ​តាម​គណនី Twitter របស់​ខ្លួន​បាន​រៀប​រាប់​ថា​៖ «យើង​សូម​បញ្ជាក់​ថា កីឡាករ​​ស៊ុត​បញ្ចូល​ទី​​ ដែល​ជាប់​ក្នុង​កំណត់ត្រា​របស់​ក្រុម​យើង លោក Jimmy Greaves កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។


សេចក្ដី​​ប្រកាស​នោះ បាន​បន្ត​ថា​៖ «​យើង​​មាន​ទំនាក់ទំនង​នឹង​​ក្រុម​គ្រួសារ​របស់​គាត់​ជាប់​រហូត ហើយ​យើង​នឹង​ធ្វើ​ការ​ផ្ដល់​ព័ត៌មាន​​ថ្មីៗ​បន្ថែម​ទៀត​ ក្នុង​ពេល​វេលា​សមរម្យ។ គ្រប់​គ្នា​នៅ​ក្នុង​ក្លិប​បាន​ផ្ញើសារ​ជូនពរ​ដល់​ Jimmy និង​គ្រួសារ​របស់​គាត់​»​។


ការ​ពិត​ទៅ​លោក Greaves ត្រូវ​បាន​គេ​ដឹង​ថា​ មាន​សុខភាព​ខ្សោយ​ចាប់​តាំង​ពី​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​ប្រហែល​ជា ៥ ឆ្នាំ​មុន​។ ​កាល​ពី​អតីត​លោក Greaves ត្រូវ​បាន​គេ​ចាត់​ថា​ជា​កីឡាករ​ម្នាក់ ដែល​មាន​ភាព​វៃ​ឆ្លាត​បំផុត នៅ​ក្នុង​ការ​បង្កើត​ឱកាស​​បំប៉ោង​សំណាញ់​​ទី ហើយ​លោក​ក៏​ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​តោខៀវ Chelsea និង​ញញួរ​ធំ​​ West Ham ផង​ដែរ តែ​លោក​ជោគជ័យ​បំផុត​ពេល​ពាក់​ឯក​សណ្ឋាន​របស់​ក្រុម Tottenham ពោល​គឺ​ជា​យុគសម័យ​មាស​របស់​ក្រុម​ដែល​មាន​ទីតាំង​នៅ​ក្រុងឡុដ៍​មួយ​នេះ​តែ​ម្ដង ​ដោយ​ពេល​នោះ​លោក​ធ្វើ​បាន​ជា​កំណត់ត្រា​របស់​ក្លិប គឺ ២៦៦ ​គ្រាប់ ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​ចំនួន ៣៧៩ ​ប្រកួត ចន្លោះ​​ពី​ឆ្នាំ ​១៩៦១ ដល់​ឆ្នាំ ​១៩៧០​។


អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ លោក Greaves មិន​ត្រឹម​តែ​ជា​កីឡាករ​ដែល​មាន​គ្រាប់​បាល់​​ច្រើន​នៅ​ក្នុង​កំណត់ត្រា​របស់​​ក្រុម​មាន់​ខ្នាយ​មាស​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​បំផុត​ដែរ ក្នុង​ចំណោម​កីឡាករ​លេង​នៅ​ក្លិប​លីក​កំពូល​ៗ​របស់​អឺរ៉ុប​ទាំង ​៥ ដោយ​គ្រាប់​បាល់​សរុប​របស់​គាត់​ទាំង​អស់ គឺ ​៣៦៦ ​គ្រាប់ ក្នុង​ចំណោម​ការ​​បង្ហាញ​វត្តមាន​លើ​ទីលាន ៥២៨ ​ដង​របស់​ខ្លួន ដែល​នេះ​គិត​ទាំង​ពេល​គាត់​លេង​ឲ្យ​ក្លិប​យក្ស​អ៊ីតាលី​ AC Milan ផង​ដែរ ខណៈ​ដែល​កំណត់ត្រា​របស់​គាត់​ ទើប​តែ​ត្រូវ​បាន​បំបែក ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo ក្នុង​ឆ្នាំ ​២០១៧​។

ចំណែក​ឯ​ គ្រាប់​បាល់ ដែល Greaves ធ្វើ​បាន​សម្រេច​សម្រាប់​ជម្រើស​ជាតិ​អង់គ្លេស​វិញ គឺ ​៤៤ ​គ្រាប់ ជាមួយ​នឹង​ការ​ចូល​លេង​បាន​តែ ​៥៧ ​លើក ហើយ​គាត់​​ជា​សមាជិក​មា្នក់​នៃ​ក្រុម​តោ​កំណាច ដែល​ឈ្នះ​ពាន​រង្វាន់ World Cup ឆ្នាំ ​១៩៦៦ នៅ​ទឹក​ដី​ខ្លួន​ឯង តែ​ដោយសារ​មាន​របួស​ក្នុង​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ទល់​នឹង​ក្រុម​មាន់​គក​បារាំង បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​ប្រគល់​តំណែង​ប្រយុទ្ធ​នេះ​ឲ្យ​ទៅ​កីឡាករ​​ Geoff Hurst ដែល​បាន​ស៊ុត​បញ្ចូល​ទី​ ៣ គ្រាប់ (hat-trick) ម្នាក់​ឯង​ អំឡុង​​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម​អាល្លឺម៉ង់​ខាង​លិច​៕ AFP/VN ​ ​ ​ ​