ភ្នំពេញ: ក្រុមកីឡាករ កីឡាការិនីល្បុក្កតោជិត ៣០០ នាក់ដែលធ្លាប់តែប្រមូលផ្តុំគ្នាសម្តែងនៅអង្គរសង្ក្រាននៅថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះគឺនៅឆ្នាំនេះបានបែងចែកគ្នាទៅសម្តែងជាលក្ខណៈស្ម័គ្រចិត្តតាមខេត្តជាច្រើនតាមការរៀបចំរបស់អាជ្ញាធរ ឬសមាគមដើម្បីឲ្យមហាជនបានទស្សនាកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃនេះ។
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានប្រាប់ថា រយៈពេល ៣ ឆ្នាំកន្លងមកកីឡាគុនល្បុក្កតោបានប្រមូលផ្តុំគ្នាជាច្រើនរហូតដល់ជាង ៣០០ នាក់ដើម្បីសម្តែងនៅអង្គរសង្ក្រាន្ត ប៉ុន្តែនៅថ្ងៃចូលឆ្នាំចំនួន ៣ ថ្ងៃពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសាគឺអត្តពលិកល្បុក្កតោបានចេញទៅតាមខេត្តជាច្រើនដែលក្នុងនោះខេត្តចំនួន ៨ បានអញ្ជើញកីឡាល្បុក្កតោពីសហព័ន្ធទៅសម្តែងដោយមានជាង ២៥០ នាក់ទៅហើយ ដោយមិនទាន់គិតដល់អត្តពលិកល្បុក្កតោស្ម័គ្រចិត្តនៅតាមសង្ក្រាន្តមួយចំនួនទៀតដែលនៅតាមសហគមន៍ ឬមណ្ឌលកម្សាន្តនានាផង។
លោកបានបន្តថា៖ «ក្នុងអំឡុងពិធីបុណ្យប្រពៃណីជាតិខ្មែរឆ្នាំនេះអត្តពលិករបស់កីឡាល្បុក្កតោប្រហែល ២៥០ នាក់ត្រូវបានត្រៀមរួចហើយ ដើម្បីទៅចូលរួមប្រកួត និងសម្តែងក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរដែលទាំងគ្រូ និងសិស្សនៃកីឡាល្បុក្កតោគឺសុទ្ធតែស្ម័គ្រចិត្តទាំងអស់ ហើយការប្រមូលផ្តុំគ្នាសម្តែង មានលក្ខណៈធំនៅមុខប្រាសាទអង្គរទឹកដីខេត្តសៀមរាបកន្លងមកក៏ជាការស្ម័គ្រចិត្ត មិនគិតពីកម្រៃដែរ ប៉ុន្តែពួកគាត់តែងតែទទួលបានមកវិញនូវការឧបត្ថម្ភជាម្ហូបអាហារពីអ្នករៀបចំកម្មវិធី»។
អគ្គលេខាធិការវ័យក្មេងរូបនេះលោកបន្ថែមថា៖ «តាមការអញ្ជើញជាផ្លូវការពីខេត្តមួយចំនួនដែលសហព័ន្ធកីឡាល្បុក្កតោជួយសហការទៅសម្តែង ហើយថ្នាក់ខេត្តជាអ្នករៀបចំនោះមានខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញចំនួន ៤ កន្លែង។ នេះមិនទាន់គិតដល់ទីតាំងអង្គភាពឯកជនរមណីយដ្ឋានទេសចរណ៍នានា ឬសហគមន៍ជាច្រើនទៀតនៅឡើយទេ ហើយការសម្តែងនេះមានការស្លៀកពាក់តុបតែងខ្លួនជាលក្ខណៈបុរាណ ព្រមទាំងបង្ហាញស្នៀត ឬក្បាច់ជាច្រើនតាមការនិយមចូលចិត្តរបស់កីឡាករ កីឡាការិនី ឬខេត្តផ្សេងៗគ្នា»។
ចំណែកលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដែលបានបើកសាលាបណ្ឌិត្យសភាល្បុក្កតោកម្ពុជានៅខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ឆ្នាំនេះមហាសង្ក្រាន្តនៅខេត្តសៀមរាបមានគុនល្បុក្កតោតិចទេ ដោយពួកគេនិយមចេញទៅតាមខេត្តនានាជាច្រើនកន្លែងទៀត។ ចំណែកខ្ញុំបាននាំកីឡាករល្បុក្កតោមកសម្តែងនៅភ្នំពេញចំនួនតែ ៨ នាក់ទេគឺនៅវិមានឈ្នះឈ្នះជាមួយលោកគ្រូមកពីខេត្តកំពង់ឆ្នាំង»។
លោក ហុក ចិត្ត្រា តំណាងឲ្យ ស.ស.យ.ក ដែលដឹកនាំកីឡាល្បុក្កតោទៅសម្តែងនៅខេត្តព្រៃវែងប្រាប់ថា៖ «ឆ្នាំ ២០១៩ នេះខ្ញុំដឹកនាំក្រុមកីឡាល្បុក្កតោចំនួន ៣០ នាក់ទៅសម្តែងក្រុងព្រៃវែង ខេត្តព្រៃវែងរយៈពេល ៣ ថ្ងៃដើម្បីអបអសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយអត្តពលិកទាំងនោះអញ្ជើញមកពីសហព័ន្ធនៅភ្នំពេញ និងមកពីខេត្តកំពង់ឆ្នាំងហើយថ្នាក់ដឹកនាំគឺឯកឧត្តម ស សុខា ដោយលោកជួយឧបត្ថម្ភការហូបចុកស្នាក់នៅឲ្យពួកគាត់»។
ចំណែក លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានថ្លែងថា៖ «ខ្ញុំសូមកោតសរសើរដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកល្បុក្កតោទាំងអស់ដែលមានទឹកចិត្តសប្បាយរីករាយ ក្នុងការចេញទៅសម្តែងដោយស្ម័គ្រចិត្ត និងដោយមិនគិតពីតម្លៃខ្លួននោះ ហើយក្នុងរដូវចូលឆ្នាំម្តងៗគឺមានអត្តពលិកល្បុក្កតោស្ម័គ្រចិត្តចេញទៅសម្តែងតាមខេត្ត និងកម្មវិធីផ្សេងៗជាង ៣០០ នាក់ឯណោះ»៕