អូស្រ្តាលីៈ សហព័ន្ធ​កីឡា​បាល់-​​ទាត់​អូស្ត្រាលី (​FFA​) បាន​ប្រកាសជា​ផ្លូវ​ការ​​​ថា ​ខ្លួនសម្រេច​​ពន្យារ​ពេល​ការ​ប្រកួត ​ដែលនៅ សល់នៃ​ក្របខ័ណ្ឌ​ Hyundai A-League រដូវ​កាល ២០១៩-២០២០ ហើយ​ ហើយ​ការ​ផ្អាក​​នេះ​មាន​ប្រសិទ្ធ​ភាព​ភ្លាម​ៗ​។


ការ​សម្រេច​នេះ គឺ​ជា​វិធាន​​ការ​បន្ត​បន្ទាប់​ចុងក្រោយ​ ដែល​ចេញ​ដោយ FFA ដើម្បី​ឆ្លើយ​​ ទៅ​នឹង​ការ​រាល​ដាល​ដែលចេះ​តែ​កើន​ឡើង​នៃ​ជំងឺកូវីដ​១៩ និង​ដើម្បីផ្ដល់​ការ​គាំ​ទ្រ​ជាឯក​ច្ឆន្ទ ដល់​ក្លិបនៅ​ក្របខ័ណ្ឌ Hyundai A-League ទាំង​អស់ ហើយសហព័ន្ធនឹង​ពិនិត្យ​ស្ថានការណ៍​នេះ​ឡើង​វិញ​ម្ដង​ទៀត នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ដោយ​មាន​ការ​វាយ​តម្លៃ​ផ្លូវ​ការ​ តែ​ពេល​នេះ​ ថ្ងៃ​ទី​២២ ខែ​មេសា គឺជា​ការ​កំណត់របស់​យើង​។​


ពាក់ព័ន្ធ​នឹង​សេចក្ដី​ប្រកាស​នេះ លោក James Johnson នាយក​ប្រតិបត្តិរបស់ FFA បានថ្លែង​ថា​៖​«​អាទិភាពរបស់​យើង គឺ​ធានា​សុវត្ថិភាព ទាំង​សហគមន៍​បាល់​ទាត់ និង​សហគមន៍​ទូទៅ​។ នៅ​ពេល​ឃើញ​មាន​អ្នក​​ស្លាប់​រាល់​ថ្ងៃ បាន​ធ្វើ​ឲ្យ​យើង​កាន់​តែ​បារម្ភ​ចំពោះ​សុវត្ថិភាព​សហគមន៍​ទាំង២ ដូច្នេះ​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិបាល​​ ​​​ហើយ​យើង​ត្រូវ​ចាត់​វិធាន​ការ​ចាំ​បាច់​ជាមុន និង​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​រួម​ចំណែក​ជួយ​ទប់​ស្កាត់​ពី​ការ​រាល​ដាល​ និង​ផល​ប៉ះ​ពាល់នៃ​ជំងឺ​កូ​វីដ​១៩​»​។


លោក​ Johnson បាន​បន្ត​ទៀត​ថា​៖ ​«​ដោយ​ការ​ប្រកួត​ជិត​បញ្ចប់​ទាំង​ស្រុង​ទៅ​ហើយ តែ​បែ​រ​​ជា​មក​បញ្ឈប់​ត្រឹម​តែ​ប៉ុន្មាន​សប្ដាហ៍​បែបនេះ បានកំពុង​ធ្វើ​ឲ្យ​កីឡាករ ក្លិប និង​អ្នក​គាំទ្រ​ខូច​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​កត្តា​សុខភាព និង​សុវត្ថិភាព​នៃ​អ្នក​គ្រប់​គ្នា តែង​តែ​ត្រូវ​បាន​យក​មក​គិត​គូរ មុន​អ្វី​ៗ​ទាំង​អស់​។ ដោយសារ​បែបនេះ ​ទើប​នាំ​ឲ្យ​មាន​ការ​គាំ​ទ្រជាឯកច្ឆន្ទ​ទាំង​ថ្នាក់​ជាតិ និង​មូល​ដ្ឋាន ក្នុង​ការ​សម្រេច​ពន្យារ​ការ​ប្រកួត​បាល់​ទាត់​ក្នុង​ស្រុក​នេះ រហូត​ដល់​ថ្ងៃ​ទី ​១៤ ខែ​មេសា​។ មិន​មែន​ជារឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ សម្រាប់​ការ​សម្រេចថ្ងៃ​នេះ តែចាំ​បាច់​ត្រូវ​តែ​ធ្វើ​អ៊ីចឹង ព្រោះ​ជារឿង​ចៀ​ស​មិន​ផុត​»​។​​​


លោក​នាយក​ប្រតិបត្តិ​រូប​នេះបាន​បន្ថែម​ទៀត​​ថា​៖ ​«​តាងនាមឲ្យ​​​ក្រុម​ប្រឹក្សា FFA និង​ក្លិប​ទាំង​អស់​នៅ​ក្រប​ខ័ណ្ឌ Hyundai A-League សូម​ថ្លែងអំណរគុណ​ដល់កីឡាករ​ទាំងអស់ សម្រាប់​ជំនួយ​របស់​ពួក​គេ ក្នុង​អំឡុងពេលមិន​ធម្មតា​នេះ​។ យើងបាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​អស់​ពី​សមត្ថភាព ដើម្បី​បាន​ធានា​នូវ​សុខុមាលភាព ទាំង​រាងកាយ និង​សតិអារម្មណ៍​របស់​កីឡាករ ព្រមទាំង​បុគ្គលិក​របស់​ក្លិប ហើយ​ការ​សម្រេច​ចិត្ត​នេះមាន​ន័យ​ថា ដូច​ប្រជាជន​អូស្ត្រាលី​ភាគច្រើន​ដែរ ឥឡូវ​នេះ ពួក​គេ​អាច​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​បាន​នៅជា​មួយ​គ្រួសារ​របស់​ខ្លួន​ ក្នុង​គ្រាលំបាក​នេះ​»​។


ជាមួយ​គ្នា​នេះ លោក Johnson ក៏​បាន​ថ្លែង​អរគុណដល់​ភាគី​ពាក់ព័ន្ធ​ផងដែរ ដោយ​បាន​និយាយថា​៖​«ពួក​យើង​សូម​អរ​គុណ​ដល់​សមាជិកគ្រប់​រូប ក្រុមហ៊ុន​ឧបត្ថម្ភ​ទាំងឡាយ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត និង​អ្នក​គាំ​ទ្រ​ទាំង​អស់ ដែល​បន្ត​ការ​គាំ​ទ្រ​មិន​បោះ​បង់គ្នាក្នុង​ពេល​វេលា​ ដែល​មិន​ធ្លា​ប់​មាន​ពី​មុន​មក»​៕ VN