ភ្នំពេញ៖ ​គ្រូ​បង្វឹក ​និង​ជា​អ្នក​គ្រប់គ្រង​ក្លិប​ប្រដាល់​ប៉ែន​កាក់​គុន​ខ្មែរ លោក ស៊ន អេលីត ​បាន​សម្តែង​ការ​សប្បាយ​រីករាយ​ចំពោះ​​ជ័យជម្នះ​របស់​ អេលីត ​សាន់​ ដោយ​បាន​ឈ្នះ​ប្រាក់​លាន​ដូច​បំណង ​ប៉ុន្តែ​នៅ​ក្នុង​ការ​អបអរ​ដល់​ជោគជ័យ​នេះ បែរ​ជា​កើត​ហេតុការណ៍​ដ៏​អាក្រក់​មួយ គឺ​សិស្ស​រួម​ក្លិប អេលីត​ លីម៉ី ​បាន​ជួប​គ្រោះ​ថ្នាក់​ឆក់​ខ្សែ​ភ្លើង​ធ្លាក់​ពី​​លើ​ផ្ទះ ​និង​​បាន​ស្លាប់ ​ក្រោយ​ពី​គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​​​បាន​នៅ​យប់​ថ្ងៃ​អាទិត្យ​នោះ។


ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ថោន​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ អេលីត ​សាន់​ ពិត​ជា​ធ្វើ​បាន​ល្អ ដើម្បី​សម្រេច​ការ​សងសឹក​លើ ​បាង ​កាយ៉ាក​។ ​ទោះបី​ជា ​ការ​បុក​ជង្គង់​ចូល​ពេញ​របស់ កាយ៉ាក ធ្វើ​ឱ្យ សាន់ ​ចុក​ឆ្អល់ និង​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​នៅ​ចុង​ទឹក​ទី​១ ប៉ុន្តែ​ការ​ព្យាយាម​វាយ​ប្តូរ​យ៉ាង​ខ្លាំង​ក្លា ពិសេស​កណ្តាប់​ដៃ​វាយ​ចូល​ធ្ងន់ៗ​របស់ សាន់ បាន​ធ្វើ​ឱ្យ កាយ៉ាក គាំង និង​វង្វេង ត្រូវ​អាជ្ញាកណ្តាល​រាប់​ចំនួន ​២ ​លើក នៅ​ក្នុង​ទឹក​ទី​៣។

នៅ​​ក្រោយ​ការ​ប្រកួត​នេះ អេលីត សាន់ ត្រូវ​បាន​ចៅក្រម​ទាំង ​៥​រូប ដាក់​ពិន្ទុ​ឱ្យ​ឈ្នះ បាង កាយ៉ាក ដោយ​ឯកច្ឆន្ទ និង​​បាន​ឡើង​ទៅ​ជួប​ ជ័រ ពៅ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​ដោយសារ ជ័រ ពៅ ដែល​មាន​របួស​ជើង​ស្រាប់ ពេល​រូប​គេ​បាន​ផ្តួល ស៊ន រ៉ាគីម ឱ្យ​សន្លប់​នៅ​ទឹក​ទី​២ ក្នុង​វគ្គ​ជម្រុះ​នោះ គឺ​​រូប​គេ​បាន​ចុះចាញ់​នៅ​ត្រឹម​ទឹក​ទី​១ បន្ទាប់​ពី អេលីត សាន់ បាន​ទាត់​ស្តាំ​ចំ​របួស​ចាស់​ភ្លៅ​ខាង​ស្តាំ បណ្តាល​ឱ្យ​ដួល​ដេក​ក្រោក​លែង​រួច​នោះ។


យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយ​បាន​ប្រាក់​រង្វាន់ ៣,៤ ​លាន​រៀល ចំពោះការ​ឈ្នះ​ជើងឯក​នេះ អេលីត សាន់ បាន​​វិល​ត្រឡប់​ទៅ​ដល់​ក្លិប ដោយ​បម្រុង​​រៀបចំ​ពិធី​ជប់​លៀង​ជូន​មិត្ត ​និង​កីឡាករ​ក្នុង​ក្លិប​ជាមួយ​គ្នា ​ប៉ុន្តែជា​អកុសល​ ក្នុង​ពេល​នោះ គឺ​​សិស្ស​ប្អូន​របស់​គេ អេលីត លីម៉ី បាន​ឆក់​ខ្សែ​ភ្លើង ​និង​ជួប​គ្រោះ​ដល់​ស្លាប់​ ធ្វើ​ឱ្យ​ពិធី​​នេះ ក្លាយ​ទៅ​ជា​ទុក្ខ​សោក​ទៅ​វិញ​។​


លោក​ ស៊ន ​អេលីត ​​​និយាយ​ថា​៖ ​«សិស្ស​ក្នុង​ក្លិប​ទាំង​អស់​សប្បាយ​ចិត្ត ​ពេល​ដែល ​អេលីត​ សាន់​ ដណ្តើម​បាន​ជ័យជម្នះ​ ហើយ​ខ្ញុំ​​បាន​អនុញ្ញាត​ឱ្យ​មាន​ពិធី​ជប់​លៀង​តូច​មួយ​នៅ​​ក្នុង​ក្លិប ​ដើម្បី​អបអរ ​និង​លើក​ទឹក​ចិត្ត ​ប៉ុន្តែ​ជា​​អកុសល​កីឡាករ​សិស្ស​ប្អូន ​អេលីត​ លីម៉ី ដែល​បាន​ឡើង​ទៅ​សំអាត​ទី​កន្លែង​លើ​ដំបូល​នោះ​ ស្រាប់​តែ​ជួប​បញ្ហា​ឆក់​ខ្សែ​ភ្លើង​ និង​ធ្លាក់​មក​។ យើង​បាន​​បញ្ជូន​គាត់ ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ ​តែ​មិន​អាច​ជួយ​បាន ​គឺ​បាន​ស្លាប់​ក្នុង​យប់​ថ្ងៃ​អាទិត្យ​នោះ​»​។


បង​ប្រុស​របស់​វីរកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី រូប​នេះ បាន​បន្ត​ថា​ យើង​មាន​ការ​រន្ធត់​ចិត្ត​អាណិត​អាសូរ​ក្រៃលែង ​ដោយ​មិន​នឹក​ស្មាន​ថា ​មាន​រឿង​ចៃដន្យ​កើត​ឡើង​យ៉ាង​ដូច្នេះ​​សោះ​ ហើយ​​សព​របស់​​ អេលីត លីម៉ី ​ត្រូវ​បាន​ដឹក​ទៅ​ធ្វើ​​បុណ្យ​នៅ​ស្រុក​កំណើត​ ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្របៅ​ទី​១​ ឃុំ​ព្រែក​អំពិល ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល។​

ស៊ន ​អេលីត​ ដែល​កំពុង​នៅ​ក្នុង​រោង​បុណ្យ​សព​បាន​ឱ្យ​​ដឹង​ទៀត​​ថា​ ​អេលីត ​លីម៉ី ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាតិ ​មាស ​លីម៉ី ​មាន​ស្រុក​កំណើត​ដូច​ខាង​លើ ហើយ​​បាន​ចូល​ហ្វឹកហាត់​ក្នុង​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ​ជាមួយ​លោក​បាន​ប្រហែល ​២ ឆ្នាំ​ ដោយ​​ធ្លាប់​ឡើង​ប្រកួត​ប្រហែល ​៣០ ​ដង។ អេលីត លីម៉ី ជា​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ មាន​អាយុ ​១៨ ​ឆ្នាំ ​មាន​អត្តចរិត​ល្អ​ ហ្វឹកហាត់​ និង​គោរព​វិន័យ​បាន​ល្អ។​

គ្រូ​បង្វឹក​រូប​នេះ​បញ្ជាក់​ថា៖ ​«ខ្ញុំ​មាន​ការ​សោកស្តាយ​ណាស់​ ​ព្រោះ​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ថា​ ជួប​គ្រោះ​ថ្នាក់​បែប​នេះ​។​ ទាំង​ខ្ញុំ​ និង​កីឡាករ​ ព្រម​ទាំង​ថ្នាក់​ដឹកនាំ ​កំពុង​ជួយ​ខ្នះខ្នែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ និង​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​»​។​ ចំណែក​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ ​លោក តែម ម៉ឺន មិន​អាច​ទំនាក់ទំនង​បាន ​ចំពោះ​​គ្រោះ​ថ្នាក់​ជាយថាហេតុ​នេះ​ ព្រោះ​​ទូរស័ព្ទ​​លោក​គ្មាន​អ្នក​ទទួល​៕​