ក្រុង​មីឡាន​៖ ប្រធាន​សមាគម​កីឡាករ​បាល់​ទាត់​ប្រទេស ​អ៊ីតាលី (AIC) កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ បាន​ស្នើ​ដល់​មន្ត្រី​ពាក់ព័ន្ធ​នឹង​បាល់​ទាត់​ក្នុង​ប្រទេស​ទាំង​អស់ ​បង្កើត​ឲ្យ​​មាន​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​ធានា​ដល់​កីឡាករ ​ក្នុង​ក្រុម​លីក​កម្រិត​ទាប ដែល​​កំពុង​ប្រឈម​នឹង​ហានិភ័យ ក្នុង​ការ​បាត់​បង់​អាជីព​ខ្លួន​ ព្រោះ​តែ​ការ​រាត​ត្បាត​ពី​វីរុស​កូរ៉ូណា​ដ៏​គ្រោះ​ថ្នាក់​។​


ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Rainews24 លោក​ Damiano Tommasi ប្រធាន​ AIC បាន​ឲ្យ​ដឹង​ថា​៖ ​«​នៅ Lega Pro (ស្ថាប័ន​ដែល​គ្រប់គ្រង​លីក​កម្រិត​ទី ៣ Serie C) Serie D និង​បាល់ទាត់​នារី ឃើញ​ថា​​ កីឡាករ​អាជីព​ទាំង​អស់​មាន​ប្រាក់​ចំណូល​តិចតួច​ណាស់​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួក​គេ​»​។


លោក​ប្រធាន​រូប​នេះ បាន​និយាយ​បន្ត​ទៀត​ថា​៖ ​«​យើង​កំពុង​ស្វែង​រក​ប្រភព​ចំណូល​​ផ្សេង​ៗ ដែល​យើង​គិត​ថា​ យើង​អាច​យក​ទៅ​ជួយ​ពួក​គេ​បាន​ខ្លះ​។ ៧០ ​ភាគរយ ​នៃ​កីឡាករ​លេង​នៅ​ Lega Pro មាន​ចំណូល​មិន​ដល់ ៥០ ០០០ ​អឺរ៉ូ (៥៤ ០០០ ​ដុល្លារ) នោះ​ទេ ក្នុង ​១ ​ឆ្នាំ​។


បុរស​មាន​​វ័យ ​៤៥ ​ឆ្នាំ​រូប​នេះ បាន​និយាយ​​បន្ថែម​ទៀត​ថា​៖ ​​«​លើស​ពី​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កីឡាករ​ម្នាក់​ៗ​ ខ្ញុំ​ជឿ​ថា ​យើង​មាន​តួនាទី​ផ្សេង​ទៀត ក្នុង​ការ​ការពារ​មនុស្ស​ទាំង​អស់ ដែល​ពាក់ព័ន្ធ​នឹង​​កីឡា​នេះ មិន​ថា​កីឡាករ ពេទ្យ​ព្យាបាល​ អ្នក​បើក​បរ និង​បុគ្គលិក​ថែ​ទាំ​ទីលាន​ជា​ដើម​​»​។​​


សម្ដី​របស់​លោក​ Tommasi ដែល​ធ្លាប់​លេង​តំណែង​ខ្សែ​បម្រើ​ជាមួយ​ក្លិប​ល្បីៗ​មួយ​ចំនួន មាន Roma ជា​ដើម បាន​កើត​មាន ​១ ​ថ្ងៃ​ មុន​ការ​ប្រជុំ​តាម​វីដេអូ រវាង​ក្លិប​ទាំង​អស់ នៅ​ក្របខ័ណ្ឌ​ Serie A ដែល​ពិភាក្សា​បញ្ហា​​ប្រាក់​ខែ​របស់​កីឡាករ ក៏​ដូច​ជា​កាល​បរិច្ឆេទ​សម្រាប់​ការ​ប្រកួត​ឡើង​វិញ ​នឹង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ ក្រោយ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ AIC​។ ​ ​ ​


ក្រុម​បាល់ទាត់​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​ប្រទេស ​អ៊ីតាលី​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ដាក់​ចេញ​នូវ​គោលការណ៍​កាត់​បន្ថយ​ប្រាក់​នឿយ​ហត់​រយៈពេល ​៤ ​ខែ ក្នុង​នោះ​ឃើញ​ថា ​កីឡាករ​របស់​ក្លិប​សេះ​បង្កង់​​ Juventus បាន​យល់​ព្រម​ជាមួយ​វិធានការ​នេះ តែ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​កីឡា Gazzetta Dello Sport បាន​ឲ្យ​ដឹង​ថា AIC បាន​អនុវត្ត​ផ្ទុយ ដោយ​ធ្វើ​ការ​កាត់​​ប្រាក់​តែ ​១ ​ខែ​។​

កាល​ពី​ថ្ងៃ​សៅរ៍ ប្រធាន Lega Pro លោក Francesco Ghirelli បាន​និយាយ​ថា ​ក្រុម​ក្នុង​លីក​នេះ អាច​រលាយ​បាត់​បន្តិច​ម្ដង​ៗ ក្រោយ​មាន​ការ​រាល​ដាល​វីរុស​កូរ៉ូណា ដែល​កាល​ពី​ថ្ងៃ​អាទិត្យ ហាក់​ធ្លាក់​ចុះ​បន្តិច​នៅ​អ៊ីតាលី តែ​នៅ​តែ​បាន​ផ្ដាច់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ដដែល​។​

«​ជាមួយ​នឹង​ពេល​វេលា​កន្លង​ទៅ​រាល់​ថ្ងៃ​ ហានិភ័យ​មាន​កាន់​តែ​ខ្លាំង ​ដែល​អាច​ធ្វើ​ក្លិប និង​ក្រុមហ៊ុន​ទាំង​អស់​ បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ពាណិជ្ជកម្ម​នេះ​»​។ លោក Ghirelli បានឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​មួយ​។​

លោក​ប្រធាន​រូប​នេះ​ បញ្ជាក់​​ថា៖​ ​«បណ្ដាញ​ទាំង​មូល​នៃ​ក្លិប​នៅ Serie C ទាំង​អស់ ជិត​ដួល​រលំ​ហើយ ហានិភ័យ​ពិត​ប្រាកដ​គឺ​ថា ​ម្ចាស់​ក្លិប​​ទាំង​អស់​ អាច​នឹង​ដាក់​ពាក្យ​ក្ស័យធន។ ពេល​នោះ ​កីឡាករ​ទាំង​អស់​នឹង​មិន​មាន​ក្រុម​លេង និង​គ្មាន​ប្រាក់​ចំណូល​អ្វី​ទាំង​អស់​។ នេះ​ហើយ​ជា​មូលហេតុ​ ដែល​យើង​ត្រូវ​ការ​ការ​លះបង់​ពី​គ្រប់​គ្នា​ ដើម្បី​ស្រោច​ស្រង់​វិស័យ​បាល់​ទាត់។ ពួក​យើង​ត្រូវ​តែ​ដឹង​ថា ​មិន​យូរ​ទេ​ វីរុស​នេះ​ នឹង​អាច​ធ្វើ​ឲ្យ​ក្លិប​នៅ​ក្របខ័ណ្ឌ Serie C បាត់​រូបរាង​បន្តិច​ម្ដងៗ​​»​៕ AFP/VN ​ ​​​​