ភ្នំពេញ៖ ​ស្រប​ពេល​ដែល​ក្រុម​ជម្រើសជាតិ​ថ្នាល​ត្រូវ​បាន​ផ្អាក ឬ​ពន្យារពេល​​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ស្នាក់នៅ និង​ហូប​ចុក​ជុំ​គ្នា ហើយ​ការ​ប្រមូល​ផ្តុំ​ក្រុម​ធំ​ជម្រើស​ជាតិ ក៏​​​​អាច​នឹង​ត្រូវ​បាន​​ពន្យារ​ពេល​ដែរ​នោះ អ្នក​ជំនាញ​កីឡាបាន​ផ្តល់​ជា​គំនិត​ឲ្យ​អត្តពលិក​ទាំង​អស់​អាច​ធ្វើ​ការ​ហ្វឹកហាត់​ដោយ​ខ្លួន​ឯង នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​រក្សា​បាន​នូវ​​គុណភាព​ដែល​ពួក​គេ​ធ្លាប់​មាន​ចៀសវាង​សរីរាង្គកាយ​របស់​ពួក​គេ​វិវឌ្ឍ​ដូច​នឹង​មនុស្ស​ធម្មតា ដែល​មិន​ធ្លាប់​ហាត់​កីឡា។


លោក ​វ៉ាត់ ​ចំរើន​ ក្នុង​នាម​ជាអ្នក​ជំនាញ​កីឡា ​ដែល​ឆ្លង​កាត់​ការ​ហ្វឹកហាត់​កីឡា​​ប្រយុទ្ធ​តាំង​ពី​កុមារភាព​នោះ​បាន​ចេញ​នូវ​ទស្សនៈ​យោបល់ ​ព្រម​ទាំង​ប្រាប់​ពី​​វិធី​ហាត់​ជា​ប្រចាំ​ ជា​លក្ខណៈ​​ឯកជន​របស់​ក្រុម​ជម្រើស​ជាតិ​បន្ទាប់​ពី​ការ​ប្រមូល​ផ្តុំ​ត្រូវ​បាន​ពន្យារពេល ​ឬ​ផ្អាក​ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ អាច​រក្សា​កម្រិត​បច្ចេកទេស ​(គុណផល) ​របស់​ខ្លួន ​ដើម្បី​ត្រៀម​​ការ​ប្រកួត​ស៊ីហ្គេម​នានា ​ពិសេស​ស៊ីហ្គេម​លើក​ទី ​៣២ ​ឆ្នាំ ​២០២៣ នៅ​កម្ពុជា។


នៅ​ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ ប៉ុស្តិ៍ លោក ​វ៉ាត់ ​ចំរើន​ បាន​​ផ្តល់​ជា​ខ្លឹមសារ​ថា៖ ​«​​ក្នុង​នាម​​ខ្ញុំ​ជា​អ្នក​ដឹកនាំ​កីឡា ​ដែល​ធ្លាប់​ហ្វឹកហាត់​កីឡា​ប្រយុទ្ធ​នោះ គឺ​ក្រោយ​ពេល​បំបែក​ការ​ប្រមូល​ផ្តុំ​អត្តពលិក​ទាំង​អស់​អាច​ហ្វឹកហាត់​ផ្ទាល់​ខ្លួន​បាន​តាម​វិធី​អប់​​រំកាយ ​និង​កីឡា​ពិសេស​ប្រភេទ​កីឡា​ប្រយុទ្ធ​មាន​ដូច​ជា ​កីឡា​ប្រដាល់​ តេក្វាន់ដូ ​យូដូ ​ចំបាប់ ​ការ៉ាតេដូ ​វ៉ូស៊ូ ​​រួម​ទាំង​កីឡា​បាល់ទាត់​បាល់​ទះ ​និង​បាល់​បោះ​ជា​ដើម ​​ដែល​ពេល​ប្រកួត​ត្រូវ​បញ្ចេញ​កម្លាំង​ និង​ថាមពល​ខ្លាំង»​។


លោក​អគ្គលេខាធិការ​គណៈកម្មការធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) រូប​នេះ បាន​បន្ត​ថា ការ​​ធ្វើ​ចលនា​កម្តៅ​​សាច់​ដុំ ​និង​ហ្វឹកហាត់​ជា​ប្រចាំ​ដោយ​ផ្ទាល់ៗ​ខ្លួន ​ក្នុង ​១ ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​ព្រឹក ​២ ​ម៉ោង​ និង​ល្ងាច ​២ ​ម៉ោង​ដែរ ​ដើម្បី​រក្សា​ភាព​ស៊ាំ​កម្លាំង​ថាមពល​សាច់​ដុំ ​ទៅ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​កីឡា​ គឺ​មិន​អាច​នៅ​ស្ងៀម​ធម្មតា​ដូច​អ្នក​មិនមែន​កីឡា​នោះ​បាន​ទេ​ ​ព្រោះ​ការ​ខកខាន​នាំ​ឲ្យ​ចលនា​សាច់​ដុំ​ គាំង​ចលនា​ ឈាម​រត់​ឈាន​ទៅ​សភាព​មិន​ធម្មតា​ លុះ​ដល់​យើង​ចាប់​ហាត់​វិញ ​គឺ​ដូច​សា​ជា​ថ្មី​អ៊ីចឹង​។​


លោក វ៉ាត់ ចំរើន បាន​ជំរុញ​​ក្រុមជម្រើសជាតិ ហ្វឹក​ហាត់​​នៅ​ផ្ទះ​ដោយខ្លួន​ឯង ដើម្បី​រក្សាគុណ​ភាព។ ឈន ណន


លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា នៅ​ពេល​ព្រឹក​យើង​រត់​មួយ​កន្លែង ជាមួយ​ការ​​ធ្វើ​ចលនា​មាន​វ៉ៃ​កត្តា និង​​វ៉ៃ​ខ្យល់​ កុំ​​ឲ្យ​សាច់​ដុំ​សម្រាក​ ព្រោះ​កាល​ណា​ យើង​មិន​ហាត់ វា​នាំ​ឲ្យ​ភាព​រហ័ស​រហួន​ត្រូវ​ភ្លេច ហើយ​​នាំ​ឲ្យ​មក​នូវ​ជំងឺ​ខ្ជិល​ទាំង​សាច់​ដុំ​ និង​​ខួរ​ក្បាល​ថែម​ទៀត​។​ ឧទាហរណ៍​​​កីឡា​ប្រយុទ្ធ​ដែល​ប្រើ​ថាមពល​ខ្លាំង​ដូច​ជា​ប្រដាល់​អាជីព​ពិភព​លោក​ គឺ​ទោះបី​គាត់​មាន​កម្មវិធី​ប្រកួត ​៦ ​ខែ​ ឬ ​១០ ​ខែ​ម្តង​ ប៉ុន្តែ​ការ​ហ្វឹកហាត់​ គឺ​រាល់​ថ្ងៃ​ជា​ប្រចាំ​គ្រាន់​តែ​ពេល​ខ្លះ​បន្ថយ​ម៉ោង​ និង​ជិត​ដល់​ពេល​ប្រកួត​បន្ថែម​ម៉ោង​ ពិសេស​ក្នុង​ករណី​មិន​បាន​ហាត់​គេ​នៅ​តែ​រក្សា​ការ​ធ្វើ​ឲ្យ​មាន​ចលនា​យ៉ាង​តិច​បាន​បែក​ញើស ​១ ​ម៉ោង​ដែរ​ក្នុង ​១ ​ថ្ងៃ​។​

លោក​បាន​បញ្ជាក់​​ថា៖ ​«​​នេះ​ជា​ពេល​វេលា​មួយ​សំខាន់ ​ដែល​ខ្ញុំ​សូម​ផ្ញើ​នូវ​ខ្លឹមសារ​ព្រម​ទាំង​ទ្រឹស្តី​នៃ​ការ​ហ្វឹកហាត់​ដល់​អត្តពលិក​ក្រុម​ជម្រើសជាតិ​យើង​ទាំង​អស់ ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជូន​នូវ​ការ​ហ្វឹកហាត់​លក្ខណៈ​​ផ្ទាល់ៗ​ខ្លួន​ក្នុង​ការ​​រក្សា​គុណភាព​ សិទ្ធិផល ​ឬ​សក្តានុពល ដែល​យើង​ធ្លាប់​មាន ​ហើយ​នៅ​ពេល​ក្រសួង​​សុខាភិបាល​ លោក​​គ្រប់គ្រង​ការ​រាតត្បាត​​មេរោគ​កូវីដ ​១៩ ​នេះ បាន​យើង​នឹង​​ចូល​មក​ហ្វឹកហាត់​ប្រមូល​ផ្តុំ​វិញ ​គឺ​នឹង​វិល​មក​ល្អ​ធម្មតា​វិញ»​។​

លោក​ វ៉ាត់ ​ចំរើន​ បាន​បញ្ជាក់​បន្ថែម​ថា៖​ «​អត្តពលិក​គួរ​តែ​កុំ​ចាកចេញ​ទៅ​ក្រៅ​ជួប​ជុំ​គ្នា​ច្រើន ​ក្នុង​ពិធី​អ្វី​ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ ក្នុង​ការ​ឆ្លង​ គឺ​ត្រូវ​​ត្រៀម​ខ្លួន​ឲ្យ​ល្អ ​ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម ​ជា​ប្រវត្តិសាស្ត្រ​ ដែល​​​​កម្ពុជា​នឹង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ ​២០២៣ ​​ដោយ​ខ្ញុំ​រំពឹង​ថា​ រយៈពេល​មិន​យូរ​ទៀត​ទេ ​ដែល​មេរោគ​កូវីដ​នេះ​ នឹង​ថមថយ​ទៅ​វិញ»​៕​​