អ្នក​អង្គ​ម្ចាស់ និង​សមាគម​សិល្បៈ សន្យា​ជួយ​ជំរុញ​កីឡា​រាំ​ឱ្យ​​ល្បី

Content image - Phnom Penh Post
ព្រះ​នាង​តូច ជេនណា (កណ្តាល) ថតរូប​ជាមួយ​ក្រុម​សមាគម​សិល្បៈ ថ្នាក់ដឹកនាំ និង​ក្រុមអត្តពលិក។ ឈន ណន

ភ្នំពេញ៖ ​អ្នក​អង្គ​ម្ចាស់ នរោត្តម ជេនណា រួម​ទាំង​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​សន្យា និង​អះអាង​ថា នឹង​ចូលរួម​ជួយ​ជ្រោមជ្រែង​លើក​កម្ពស់​ឱ្យ​ប្រភេទ​កីឡា​​រាំ​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​ល្បីល្បាញ ហើយ​អាច​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​លើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ការ​សន្យា​ជួយ​ដល់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ ត្រូវ​បាន​ព្រះនាង​តូច ជេនណា មាន​ព្រះ​បន្តូល​នៅ​ពេល​ព្រះនាង​ ប្រកាស​ពី​ការ​យល់ព្រម​ធ្វើ​ជា​រាជទូត​សុច្ឆន្ទៈ​​របស់​សហព័ន្ធ​នេះ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​រាំ​ថ្នាក់​ជាតិ ឆ្នាំ ​២០២០ ដែល​បាន​លើក​មក​ធ្វើ​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោម​វត្តមាន​របស់​ក្រុម​សិល្បករ សិល្បការិនី​ និង​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​រូប ហើយ​លេខា​ផ្ទាល់​របស់​សម្តេច​យាយ ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ។

នៅ​ក្នុង​ពិធី​បិទ​នោះ ព្រះនាង​តូច ជេនណា បាន​មាន​ព្រះ​បន្ទូល​​ថា៖ ​«កន្លង​ទៅ​លោក​ជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​ផ្តល់​កិត្តិយស​យ៉ាង​ធំ​ធេង​ណាស់ ដល់​រូប​ខ្ញុំ ដោយ​បាន​ដាក់​សំណើ​ទៅ​សម្តេច​ព្រះមហិស្សរា នរោត្តម ចក្រពង់្ស ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ខ្ញុំ​ក្លាយ​ជា​រាជទូត​សុច្ឆន្ទៈ​របស់​សហព័ន្ធ​នេះ ​ហើយ​ដោយ​មាន​ការ​​សម្រេច​​ព្រះទ័យ​ពី​សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង់្ស និង​រូប​ខ្ញុំ​ផ្ទាល់ ដែល​ស្រឡាញ់​លើ​កីឡា​នេះ​ផង អ៊ីចឹង​ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ នឹង​ក្លាយ​ជា​រាជទូត​សុច្ឆន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ​តែ​ម្តង»។

អ្នក​អង្គ​ម្ចាស់ នរោត្តម ជេនណា មាន​ព្រះ​បន្ទូល​បន្ថែម​ថា៖ ​«ខ្ញុំ​សូម​ចូលរួម​សកម្មភាព​ទាំង​ឡាយ​របស់​កីឡា​រាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឱ្យ​ស្ថាប័ន​មួយ​នេះ ​មាន​ភាព​ល្បីល្បាញ​ជា​បន្ត​ទៀត ហើយ​ក្នុង​នាម​ខ្ញុំ​ផ្ទាល់សូម​ចូលរួម​គាំទ្រ​សកម្មភាព​កីឡា ដើម្បី​ជា​មោទនភាព​ជាតិ​ ជា​ពិសេស​វិស័យ​កីឡា​រាំ ដើម្បី​ជា​ការ​លើក​កម្ពស់​វិស័យ​កីឡា​នេះ ​ឱ្យ​មាន​ការ​រីកចម្រើន លូត​លាស់ ដូច​បណ្តា​ប្រទេស​ជឿនលឿន​លើ​សកល​លោក»។

ជាមួយ​គ្នា​នេះ អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ ព្រម​ទាំង​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម ដែល​មាន​ស្វាមី​របស់​អ្នកស្រី គឺ លោក ហេង ឡុង ជា​ប្រធាន​នោះ ​ក៏​បាន​អះអាង​ពី​ការ​ចូលរួម​ជួយ​ជំរុញ និង​បំផុស​បំផុល​ឱ្យ​កីឡា​រាំ​កម្ពុជា ឈាន​ទៅ​រក​ការ​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង ដើម្បី​ឱ្យ​ក្រុម​អត្តពលិក​លើ​ប្រភេទ​កីឡា​នេះ អាច​ឈាន​ទៅ​រក​ការ​បង្កើត​បាន​ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ តាមរយៈ​ការ​ដណ្តើម​ឱ្យ​បាន​មេដាយ​ជូន​ជាតិ​ផង​ដែរ។

អ្នកស្រី ចន​ ច័ន្ទលក្ខិណា ​បាន​និយាយ​នៅ​ចំពោះ​មុខ​ក្រុម​អត្តពលិក​​រាំ​​ថា៖ ​«មីង អ៊ំ ជាសិល្បករ សិល្បការិនី ដែល​មាន​វ័យ​ច្រើន ​កាន់​តែ​ទៅ​មុខ ដូច្នេះ​អ្វី​ដែល​យើង​បាន​ជួយ​លើក​​ស្ទួយ​នូវ​សិល្បៈ​វប្បធម៌​ខ្មែរ​​ ទាំង​ផ្នែក​ជាតិ និង​អន្តរជាតិ គឺ​ជា​វត្តមាន និង​ជា​ឱកាស​របស់​ប្អូនៗ ដែល​ជា​ទំពាំង​ស្នងឫស្សី ព្រោះ​ថា កីឡារាំ​នេះ យើង​បាន​បូក​បញ្ចូល​ជាមួយ​កីឡា និង​ក្បាច់​រាំ ដែល​ជា​សិល្បៈ​មួយ មាន​ទម្រង់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​យើង»។

តារា​ភាពយន្ត​ជើង​ចាស់​រូប​​នេះ បាន​បន្ថែម​ថា៖​ «សង្ឃឹម​ថា ស៊ីហ្គេម​នៅ​ឆ្នាំ ​២០២៣ ប្អូនៗ​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ក៏​ដូចជា​ពិភព​លោក មាន​ការ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​នូវ​កីឡា​រាំ​មួយ​នេះ ហើយ​ចំពោះ​មីង អ៊ំ បង ដែល​ជា​សិល្បការិនី ហើយ​ក៏​ជា​ប្រធាន​សមាគមសិល្បករ​ខ្មែរ និង​ជា​តំណាង​ឱ្យ​ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​នឹង​ចូលរួម​គាំទ្រ​ផ្តល់​ការ​លើក​ទឹក​ចិត្ត ​ផ្តល់​ការ​ពិភាក្សា និង​ជួយ​បំផុស​បំផុល​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​​យើង មាន​ការ​គាំ​ទ្រ​ដល់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ឱ្យ​បាន​កាន់​តែ​ខ្លាំង​ជាង​មុន»៕

ព័ត៌មានថ្មីៗ