អូស្ត្រាលីៈ ក្រុមប្រធានកីឡាប្រដាល់របស់ AIBA បានរិះគន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅដើមសប្ដាហ៍នេះ ចំពោះការគំរាមមិនឲ្យប្រភេទកីឡានេះចូលរួមប្រកួតអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ដោយអះអាងថាពួកគេនឹងចាត់វិធានការផ្លូវច្បាប់ប្រសិនបើគេមិនអនុញ្ញាតឲ្យកីឡានេះចូលលេងក្នុងការប្រកួតអូឡាំពិកនៅប្រទេសជប៉ុនមែននោះ។
គណៈកម្មាធិការ IOC បានបង្អាក់ដំណើរការប្រកួតកីឡានេះក្នុងការប្រកួតអូឡាំពិកនៅឆ្នាំក្រោយ ខណៈគណៈកម្មាធិការនេះកំពុងស្វែងរកភ័ស្តុតាង ដែលថាសហព័ន្ធប្រដាល់អន្តរជាតិ (AIBA) បានធ្វើអ្វីៗដើម្បីដោះស្រាយការចោទប្រកាន់ថា បានរៀបចំលទ្ធផលប្រកួតទុកជាមុននៅក្នុងការប្រកួតអូឡាំពិកក្រុងរីយោឆ្នាំ ២០១៦ ប្រទេសប្រេស៊ីល។
គណៈកម្មាធិការ IOC បានទុកពេលឲ្យសហព័ន្ធប្រដាល់ដោះស្រាយបញ្ហានេះរហូតដល់ថ្ងៃទី ២២ ខែឧសភាមុនពេលពួកគេនឹងធ្វើការសម្រេចចិត្តថា តើត្រូវអនុញ្ញាតឲ្យប្រភេទកីឡានេះចូលរួមនៅក្នុងការប្រកួតអូឡាំពិកនៅឆ្នាំក្រោយនេះ។
សហព័ន្ធ AIBA បានប្រាប់ AFP ថា ពួកគេនឹង «ការពារសិទ្ធិស្របច្បាប់របស់ខ្លួន» ក្នុងការរៀបចំប្រដាល់នេះនៅទីក្រុងតូក្យូ ហើយពួកគេនឹង «ពិនិត្យមើលឡើងវិញនូវគ្រប់ជម្រើសរបស់ខ្លួនទាំងអស់ឲ្យតែគណៈកម្មាធិការ IOC បានបំពានធម្មនុញ្ញអូឡាំពិក»។
គណៈកម្មាធិការប្រតិបត្តិ AIBA នឹងជួបប្រជុំគ្នានៅថ្ងៃទី ១៨ ខែឧសភាក្នុងទីក្រុង Lausanne ប្រទេសស្វ៊ីសដើម្បីផ្លាស់ប្ដូរជំហររបស់ខ្លួន ខណៈលោក Tom Virgets ប្រធានប្រតិបត្តិ AIBA បានទទូចឲ្យពួកគេបំពេញតាមសេចក្ដីត្រូវការរបស់គណៈកម្មាធិការ IOC។
លោកបានប្រាប់ AFP ក្នុងកិច្ចប្រជុំកំពូលរបស់សហព័ន្ធកីឡានៅប្រទេសអូស្ត្រាលីថា៖ «យើងជឿក្នុងនាមជាស្ថាប័នមួយថា យើងបានធ្វើអ្វីគ្រប់យ៉ាងតាមការស្នើសុំរបស់គណៈកម្មាធិការ IOC»។
ជាមួយគ្នានេះជប៉ុនដែលជាម្ចាស់ផ្ទះបានចាប់ផ្តើមលក់សំបុត្រ សម្រាប់អ្នកចង់ចូលរួមទស្សនាការប្រកួតអូឡាំពិកឆ្នាំ ២០២០ នេះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រជាពលរដ្ឋអាចចូលទស្សនាកីឡា ៣៣ ប្រភេទតាមជម្រើសរបស់ខ្លួននៅក្នុងតម្លៃចាប់ពី ២៥០០ យ៉េន (២៣ ដុល្លារអាមេរិក) រហូតដល់តម្លៃថ្លៃបំផុត ៣០ ម៉ឺនយ៉េនស្មើ ២ ៧៣០ ដុល្លារអាមេរិក។
ប៉ុន្តែសំបុត្រពាក់កណ្ដាលនឹងមានតម្លៃ ៨ ពាន់យ៉េន ឬថោកជាងនេះ ហើយសំបុត្រពិសេសតម្លៃ ២០២០ យ៉េនគឺសម្រាប់តែប្រជាពលរដ្ឋរស់នៅជប៉ុនដែលមានកូន ប្រជាពលរដ្ឋជាន់ខ្ពស់ និងប្រជាពលរដ្ឋពិការភាព។
លោក Yuko Hayakawa មន្ត្រីទីផ្សារជាន់ខ្ពស់បានប្រាប់ AFP ថាតម្លៃសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកគឺថ្លៃដូចកាលប្រកួតនៅទីក្រុងឡុងដ៍ឆ្នាំ ២០១២ ប៉ុន្តែថ្លៃជាងកាលប្រកួតនៅទីក្រុង រីយោ ឆ្នាំ ២០១៦។
ការប្រកួតអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២០៕ SN