ប្រព័ន្ធ​ផ្សព្វផ្សាយ PORTbile បាន​បង្ហោះ​ការស្ទង់មតិ​អ្នកអាន​ដែល​សុំ​ឲ្យ​ពួកគេ​ជួយ​បោះឆ្នោត​អ្នកចាំទី​ចំនួន​ ៤ ​នាក់​គឺ Alisson Becker, David de Gea, Jan Oblak និង Ederson​។


ក្នុង​ការបោះឆ្នោត​ស្ទង់​មតិ​នេះ​អ្នកចាំទី​ប្រេស៊ីល Alisson អាយុ​ ២៦ ​ឆ្នាំ​លេង​នៅ​ក្លិប​ហង្សក្រហម Liverpool ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​រហូត​ដល់​ចំនួន ៥០ ​ភាគរយ​។

បន្ទាប់មក​គឺ​អ្នក​ចាំ​សញ្ជាតិ​អេស្ប៉ាញ De Gea លេង​នៅ​ក្លិប​បិសាច​ក្រហម Man Untd ទទួល​បាន​ចំណាត់ថ្នាក់​លេខ ២ ជាមួយ​សំឡេង​គាំទ្រ​ចំនួន ២០ ​ភាគរយ​។


ចំណែក​អ្នកចាំទី​សញ្ជាតិ​ស្លូវេនី Jan Oblak លេង​នៅ​ក្លិប Atletico Madrid ទទួល​បាន​សំឡេង​គាំទ្រ​ ១៧ ភាគរយ​ និង​បាន​ចំណាត់ថ្នាក់​លេខ ៣​។


រីឯ​អ្នកចាំទី​ជាប់​លេខ ៤ ក្នុង​ពិភពលោក​នោះ​គឺ​បាន​ទៅ​លើ​កីឡាករ​ប្រេស៊ីល Ederson អាយុ​ ២៤ ​ឆ្នាំ​ជាមួយ​សំឡេង​គាំទ្រ​ចំនួន​ ១២ ​ភាគរយ​។


តារាបាល់ទាត់​នៅ​ក្លិប​ហង្សក្រហម Alisson នេះ​មាន​រដូវកាល​គួរ​ឲ្យ​អស្ចារ្យ​ដែល​បាន​ឃើញ​គាត់​ទទួល​បាន​ពានរង្វាន់​ស្រោមដៃ​មាស​នៅ​ក្របខ័ណ្ឌ Premier League និង​នៅក្នុង​ក្របខ័ណ្ឌ Champions League ផងដែរ​។

អ្នកចាំទី​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​រក្សា​ទម្រង់​លេង​ល្អ​ជាង​អ្នក​ចាំទី​ផ្សេងៗ​ទៀត​នៅក្នុង​ក្របខ័ណ្ឌ Premier League ពោល​គឺ​ល្អ​ជាង​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Pepe Reina ជា​អតីត​អ្នក​ចាំទី​នៅ​ក្លិប Liverpool នៅ​ឆ្នាំ​ ២០០៦​។

កីឡាករ Alisson ដែល​បាន​ចាកចេញ​ពី​ក្លិប Roma កាលពី​រដូវក្ដៅ​ឆ្នាំ​មុន​សម្រាប់​តម្លៃ​ខ្លួន​ដំបូង​ ៥៦ ​លាន​ផោន​នោះ​ក៏​បាន​ជា​ម្ចាស់​ជើងឯក​ជាមួយ​ក្លិប Liverpool ផង​ដែរ ខណៈ​ពួកគេ​បាន​ឈ្នះ​ក្លិប Spurs នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅក្នុង​ក្របខ័ណ្ឌ Champions League​។

ហើយ​កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​បន្ត​ទម្រង់​លេង​ល្អ​របស់​ខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​នៅក្នុង​ព្រឹត្តិការណ៍ Copa America នៅ​រដូវក្ដៅ​នេះ​ថែមទៀត​។

សូម​រំលឹក​ថា​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ប៉េរូ ៣-១ នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Copa America ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ ហើយ​កីឡាករ Alisson បាន​ទទួល​ពានរង្វាន់​ស្រោមដៃ​មាស​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺថា កីឡាករ Alisson បាន​ក្លាយ​ជា​អ្នកចាំទី​ដំបូង​គេ ជា​ប្រវត្តិសាស្ត្រ​ដែល​ទទួល​បាន​ពានរង្វាន់​ស្រោមដៃ​មាស​ចំនួន​ ៣ ក្នុង​រដូវកាល​តែ​​ ១ ​ប៉ុណ្ណោះ​។

ជោគជ័យ និង​ទម្រង់​លេង​ដ៏អស្ចារ្យ​របស់ Alisson ពិតជា​ធ្វើឲ្យ​គាត់​លំបាក​ក្នុង​ការមិន​អាច​ទទួល​បាន​ពាន Ballon d''Or (​ស្បែកជើង​មាស​) និង​ក្លាយជា​អ្នក​ចាំទី​ ២ ​ជា​ប្រវត្តិសាស្ត្រ​ដែល​ទទួល​បាន​ពានរង្វាន់​នេះ​បន្ទាប់ពី​អ្នក​ចាំ Lev Yashin ដែល​ជា​វីរបុរស​របស់​ជម្រើស​ជាតិ​រុស្ស៊ី​នៅ​ឆ្នាំ​ ១៩៦៣​។

ប៉ុន្តែ​អ្នក​ចាំទី​ក្លិប Liverpool រូប​នេះ​បាន​និយាយ​សម្រាល​ពី​ឱកាស​របស់​គាត់​ប្រៀបធៀប​នឹង​កីឡាករ​ល្បីៗ​ដូចជា Virgil van Dijk និង Lionel Messi ជាដើម​។

Alisson បញ្ជាក់​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ដាក់​កម្រិត​ខ្លួនឯង​ឲ្យ​បំពេញ​ការងារ​តាម​តួនាទី​របស់ខ្លួន​ប៉ុណ្ណោះ​។ មាន​កីឡាករ​ល្អជា​ច្រើន​ដែល​ប្រាថ្នា​ចង់​បាន​ពានរង្វាន់​នោះ ហើយ​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ចាំទី​ម្នាក់​ប៉ុណ្ណោះ​»៕ SN