ក្រុងឡុងដ៍៖ លោក Carlo Ancelotti បាន​ស្ដី​បន្ទោស​លោក​អាជ្ញា​កណ្ដាល Kevin Friend ថា ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​ណាស់ ដែល​ផ្ដល់​កាត​ក្រហម​ឱ្យ​ Lucas Digne អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ដែល​ក្រុម Everton ទទួល​បាន​នូវ​លទ្ធផល​បរាជ័យ​លើក​ដំបូង​ នៅ​ដើម​រដូវកាល​ថ្មី​នេះ ក្រោម​ថ្មី​ជើង​របស់​ក្រុម​ម្ចាស់​ផ្ទះ Southampton ២-០​។


Everton លេង​អត់​ចាញ់​​សោះ​ឡើយ​ចំនួន ៨ ​លើក ​អំឡុង​ពេល​នេះ​ នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ តែ​ពួក​គេ​បាន​ស្គាល់​រសជាតិ​ចាញ់​នេះ ដោយសារ​ការ​លេង​ដូច​សោះ​អង្គើយ នៅ​ឯ​កីឡដ្ឋាន St Mary''s​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។


ក្រុម​របស់​លោក Ancelotti ដែល​មាន​ទម្រង់​លេង​គួរ​ចាប់​អារម្មណ៍​ខ្លាំង មុន​ប្រកួត​នេះ ត្រូវ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ផ្ទះ Southampton នៅ​ពេល​ខ្សែ​បម្រើ James Ward-Prowse ស៊ុត​ពេញ​កម្លាំង​ជើង​ ក្នុង​តំបន់​គ្រោះ​ថ្នាក់​ បញ្ចូល​ទី​យ៉ាង​ស្អាត​ នៅ​នាទីទី ២៧ និង​បន្ទាប់​មក ខ្សែ​ប្រយុទ្ធ Che Adams បន្ថែម​ការ​នាំ​មុខ​ទ្វេដង​នៅ​នាទីទី​៣៥​។


ក្រោយ​ត្រូវ​ក្រុម​ដែល​មាន​ឈ្មោះ​ក្រៅ​ថា «The Saints» នាំ​មុខ ក្រុម​ភ្ញៀវ មិន​ត្រឹមតែ​មិន​អាច​តាម​ស្មើ​វិញ​បាន ថែម​ទាំង​កីឡាករ​របស់​ខ្លួន Digne ត្រូវ​បណ្ដេញ​ចេញ​ទៀត​ផង នៅ​នាទីទី​៧២ ដោយសារ​ទាក់​ជើង Kyle Walker-Peters ដែល​កំពុង​រត់​លឿន តែ​ខ្សែ​ការពារ​ឆ្វេង​រូប​នោះ ​តវ៉ា​ថា ខ្លួន​គ្រាន់​តែ​ជាន់​កែង​ជើង​ ដោយ​អចេតនា​ប៉ុណ្ណោះ។


ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​កាត​ក្រហម​​នេះ លោក Ancelotti ​និយាយ​ថា​៖ «​ការ​ផ្ដល់​កាត​ក្រហម​នោះ គួរ​ឱ្យ​អស់​សំណើច​ណាស់​។ វា​ជា​រឿង​អចេតនា​ប៉ុណ្ណោះ ហើយ​ប្រាកដ​ណាស់ វា​មិន​មែន​ជា​ការ​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ​។ កំហុស​នោះ សម​នឹង​ទទួល​បាន​កាត​លឿង​ច្រើន​ជាង​។ វា​ជា​រឿង​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌​។ ពិត​ណាស់ យើង​នឹង​ប្ដឹង​តវ៉ា​»​។


ទោះបី​យ៉ាង​ណា លោក​ Ancelotti ទទួល​ស្គាល់​ថា ក្រុម​លោក​ពិត​ជា​លេង​មិន​ល្អ​មែន ដោយ​បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ ៦១ ​ឆ្នាំ ប្រាប់​ថា​៖ «​យើង​លេង​មិន​បាន​ល្អ​ឡើយ ពោល​គឺ Southampton ល្អ​ជាង​យើង ដូច្នេះ​ពួក​គេ​សម​នឹង​ឈ្នះ​។ ខ្ញុំ​បាន​និយាយ​ទៅ​កីឡាករ​ទាំង​អស់​ថា រដូវ​រងា ជិត​មក​ដល់​ហើយ ហើយ​ត្រូវ​ប្រឈម​នឹង​វា​»​។

ដោយ​អវត្តមាន​កីឡាករ​ Richarlison ដែល​ជាប់​ពិន័យ និង Seamus Coleman ដែល​មាន​របួស បន្ទាប់​ពី​ជំនួប​រវាង​ក្រុម​គូ​ប្រជែង​ក្នុង​ក្រុង​តែ​មួយ គឺ Liverpool ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-២ កាល​ពី​សប្ដាហ៍​មុន នៅ​ប្រកួត​នេះ ក្រុម Everton ហាក់​គ្មាន​សម្ទុះ (ថាមពល) និង​គុណភាព ដែល​ជា​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពេល​ពួក​គេ​ចាប់​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​នា​រដូវកាល​នេះ​ឡើយ​។

អ្នក​ចាំទី​ Jordan Pickford របស់​ Everton ឃើញ​មាន​​សកម្ម​ភាព​លើក​ដំបូង​តាំង​ពី​មាន​រឿង​ចម្រូង​ចម្រាស​ពាក់ព័ន្ធ​នឹង​ការ​ឈូស​ស្កាត់​របស់​គេ រហូត​ធ្វើ​ឱ្យ​ខ្សែ​ការពារ Virgil van Dijk ​របស់​ Liverpool មាន​របួស​ជង្គង់​ធ្ងន់ធ្ងរ ខណៈ​ទង្វើ​នោះ​នាំ​ឱ្យ​មាន​ការ​ប្រើ​ពាក្យ​មើល​ងាយ​មើល​ថោក​ចំពោះ​កីឡាករ​អន្តរជាតិ​អង់គ្លេស នៅ​តាម​បណ្ដាញ​សង្គម​។

ប៉ុន្តែ Everton នៅ​តែ​ឈរ​ទី ១ ក្នុង​តារាង​ពី​លើ​ក្រុម​គូ​ប្រជែង និង​ជា​ជើង​ឯកចាស់​ Liverpool ដដែល ទោះ​មាន ១៣ ពិន្ទុ​ស្មើ​គ្នា​ក៏​ដោយ ព្រោះ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ខណៈ​ Southampton ហក់​ឡើង​ទៅ​លេខ ៦ ដោយ​មាន ១០ ​ពិន្ទុ ហើយ​ក្រោយ​ចប់​ប្រកួត​នេះ ក្រុម​របស់​លោក Ralph Hasenhuttl ចាញ់​តែ​ ២ ​ដង​ប៉ុណ្ណោះ ក្នុង​ចំណោម​ការ​ប្រកួត ១៣ លើក​ចុង​ក្រោយ​ក្នុង​លីគ​៕ AFP/VN