ម៉ា្រឌីដ៖ លោក Josep Maria Bartomeu បានលាលែងពីតំណែងប្រធានក្លិប Barcelona (Barca) រួចរាល់ហើយ កាលពីថ្ងៃអង្គារ រួមជាមួយនឹងនាយកក្រុមប្រឹក្សារបស់គាត់ ដោយបានចាកចេញជាមួយនឹងការទទួលស្គាល់ដ៏គួរភ្ញាក់ផ្អើលថា លោកបានយល់ព្រមតាមសំណើឱ្យក្រុមចូលរួមប្រកួតប្រជែងក្នុងកម្មវិធី European Super League ដែលអាចនឹងកើតមាននាពេលអនាគត។
ការដើរចេញរបស់លោក Bartomeu កើតឡើងក្រោយមានសម្ពាធកាន់តែខ្លាំងៗឡើងពីសំណាក់អ្នកគាំទ្រ និងក្រោយមានជម្លោះជាមួយខ្សែប្រយុទ្ធឆ្នើម Lionel Messi ហើយការលាលែងនេះអាចនឹងធ្វើឱ្យមានការផ្លាស់ប្ដូរចំពោះអនាគតរបស់កីឡាករអន្តរជាតិអាហ្សង់ទីន ដែលឥឡូវនេះនឹងទទួលបានផែនការថ្មី បន្ទាប់ពីព្យាយាមចាកចេញពីក្រុមក្នុងខែសីហា។
ក្នុងសេចក្ដីប្រកាសផ្លូវការមួយរបស់ខ្លួន លោក Bartomeu ឱ្យដឹងថា៖ «ខ្ញុំសូមប្រកាសឱ្យដឹងពីការលាលែងរបស់ខ្ញុំ រួមជាមួយក្រុមប្រឹក្សាផ្សេងទៀត។ វាជាការម្រេចចិត្តប្រកបដោយវិចារណញ្ញាណ ដែលមានការយល់ព្រមពីក្រុមប្រឹក្សារបស់ខ្ញុំគ្រប់រូប»។
ជាមួយគ្នានេះ លោក Bartomeu ឱ្យដឹងថា លោកបានទទួលយកសំណើមួយកាលពីថ្ងៃចន្ទ ដែលចង់ឱ្យក្រុមអ្នកមានបុណ្យចូលរួមប្រកួតក្នុងលីគថ្មីរបស់អឺរ៉ុប គឺ European Super League ដែលអាចនឹងបង្កើតឡើងពេលខាងមុខ ដោយលោកលើកឡើងថា ការចូលរួមនេះនឹងជួយធានាឱ្យស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបនឹងនរជាងមុន។
កាលពីដើមខែនេះ Barca បានប្រកាសពីខាតបង់នូវទឹកប្រាក់ចំនួន ៩៧ លានអឺរ៉ូ ($១១៤ លាន) សម្រាប់រដូវកាលមុន ជាមួយនឹងការជំពាក់បំណុលកើនជាងមុនទ្វេដងរហូតដល់ទៅ ៤៨៨ លានអឺរ៉ូ ($ ៥៧៥ លាន)។
លោក Bartomeu និងក្រុមប្រឹក្សាអាចនឹងទទួលខុសត្រូវដោយផ្ទាល់ដូចគ្នាចំពោះការធ្លាក់ចុះប្រាក់ចំណូលដែលអាចជាមូលហេតុធ្វើឱ្យគាត់ចង់បានយ៉ាងខ្លាំងនូវការប្រកួតប្រជែងថ្មី Super League ដោយយល់ថា នេះជាប្រភពចំណូលរបស់ខ្លួន។
ប្រធានគ្រប់គ្រងក្របខ័ណ្ឌ La Liga អេស្ប៉ាញ លោក Javier Tebas បានសរសេរតាមបណ្ដាញសង្គម Twitter ថា៖ «សេចក្ដីប្រកាសដ៏គួរឱ្យសោកស្ដាយពីលោក Bartomeu ដែលថា Barca បានចូលរួមការប្រកួតដ៏អន់ និងបែបរវើរវាយរហូតធ្វើឱ្យក្រុមខាតបង់នោះ វាបញ្ជាក់ថា លោកអត់ដឹងអ្វីសោះចំពោះវិស័យបាល់ទាត់»។
ការកាន់តំណែងរយៈពេល ៦ ឆ្នាំរបស់លោក Bartomeu ចាប់មានបញ្ហាគួរឱ្យសម្គាល់ បន្ទាប់ពីទម្រង់លេងរបស់ក្រុមធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសប្រកួតចាញ់ក្រុម Bayern Munich ៨-២ យ៉ាងគួរឱ្យអាម៉ាស់ កាលពីរដូវកាលមុន នៅ Champions League និងក្រោយមក ប្រធានក្រុម Messi សុំចាកចេញ។
ការលាលែងរបស់លោកប្រធានវ័យ ៥៧ ឆ្នាំរូបនេះ បានន័យថា នឹងមិនមានការបោះឆ្នោតដកសេចក្ដីទុកចិត្តដែលកើតឡើង បន្ទាប់ពីសមាជិក Barca ចំនួនជាង ២ ម៉ឺននាក់ ចុះហត្ថលេខាស្នើឱ្យដកគាត់ចេញពីតំណែង។
ការបោះឆ្នោតរើសអ្នកស្នងលោក Bartomeu នឹងកើតមានក្នុងរង្វង់ ៣ ខែ ដោយរយៈពេលនេះ មានក្រុមប្រឹក្សាបណ្ដោះអាសន្នមួយ ជាអ្នកធ្វើតួនាទីនេះសិន៕ AFP/VN