ក្រុង​ស៊ីដនី៖ កីឡាការិនី​ជាប់​លេខ ​១ ​ពិភព​លោក​ Ashleigh Barty បាន​អស់​ក្ដី​កង្វល់​កាល​ពី​ថ្ងៃ​អង្គារ ​មុន​ពេល​ឆ្លង​កាត់​ការ​ប្រកួត​បើក​ឆាក​នៅ​ព្រឹត្តិការណ៍​ Adelaide International ដោយ​បាន​​ឈ្នះ​កីឡាការិនី​​ Anastasia Pavlyuchenkova ក្នុង ​៣ ​​សីត​ដ៏​លំបាក​។​


កីឡាការិនី​ដែល​បាន​ចាញ់​នៅ​ជុំ​ទី ​១ ​នៅ​ការ​ប្រកួត​ Memorial Drive រូប​នេះ​បាន​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ​ដើម្បី​យក​ឈ្នះ​​គូ​ប្រជែង​សញ្ជាតិ​រុស្ស៊ី​ដ៏​មាន​បទពិសោធ​របស់​ខ្លួន​ក្នុង​លទ្ធផល​ ៤-៦, ៦-៣, ៧-៥​​ ហើយ​បាន​កក់​កៅអី​នៅ​វគ្គ ​៨ ​នាក់​ចុង​ក្រោយ​។​

កីឡាការិនី​អូស្ត្រាលី​រូប​នេះ​បាន​និយាយ​ថា៖ «​ខ្ញុំ​អាច​លេង​​តាម​ស្ទីល​របស់​ខ្ញុំ​ និង​គ្រប់គ្រង​ការ​ប្រកួត​បាន​ច្រើន​បន្តិច​នៅ​ក្នុង​សិត​ទី ​៣​»។​


កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប៉ុន្តែ​គូ​ប្រជែង​ខ្ញុំ​​​បាន​រត់​យក​កូន​បាល់​មិន​បាន​ល្អ​។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឆ្លង​កាត់ ​និង​មាន​ឱកាស​លេង​នៅ​វគ្គ​បន្ត​​ទៀត​នៅ​ទី​នេះ​»។​


កីឡាការិនី​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​បាន​ចាញ់​ការ​ប្រកួត​បើក​ឆាក​របស់​រូប​នាង​កាល​ពី​សប្តាហ៍​​មុន​នៅ​ការ​ប្រកួត​ពាន​រង្វាន់​ Brisbane ​ហើយ​កំពុង​ស្វែងរក​ពេល​វេលា​​ប្រកួត​ដ៏​សំខាន់​​នៅ​​មុន​​ពេល​ព្រឹត្តិការណ៍​ Australian ​Open​ ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​ Melbourne ប្រទេស ​អូស្ត្រាលី​។


កីឡាការិនី​អូស្ត្រាលី​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ French Open កាល​ពី​ឆ្នាំ​មុន​នោះ​បាន​និយាយ​ថា រូប​នាង​មិន​ខ្វល់​ពី​ចំណាត់​ថ្នាក់​នោះ​ទេ​​ខណៈ​ដែល​រូប​នាង​កំពុង​មាន​ចំណាត់​ថ្នាក់​កំពូល​របស់​សមាគម​ វាយ​កូន​បាល់​ពិភព​លោក ដែល​ហៅ​កាត់​ថា WTA​។​

កីឡាការិនី​ Barty បាន​និយាយ​ថា៖ «​វា​ជា​ការ​ធ្វើ​ដំណើរ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​ និង​ក្រុម​របស់​ខ្ញុំ​»។​

កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា៖ «​វា​ជា​ឆ្នាំ​ដែល​កន្លង​ទៅ​ដ៏​​រហ័ស​មួយ​ប៉ុន្តែ​​ខ្ញុំ​​បាន​ត្រឡប់​មក​ប្រកួត ​និង​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​កំណត់​រួច​ហើយ​​»។​

ទន្ទឹម​នេះ​ដែរ​ អតីត​ម្ចាស់​ជើងឯក​ US Open គឺ​កីឡាការិនី​ Sloane Stephens ធ្វើ​មិន​បាន​ល្អ​​ទេ​ដោយ​ប្រកួត​ចាញ់​កីឡាការិនី​អូស្ត្រាលី​ជាប់​ចំណាត់​ថ្នាក់​ទី ​២០១​ គឺ​កីឡាការិនី​ Arina Rodionova ក្នុង​លទ្ធផល​ ៦-២, ៦-២។​​

កីឡាការិនី​សញ្ជាតិ​អាមេរិក​ដែល​ការ​ប្រកួត​ចុង​ក្រោយ​របស់​រូប​នាង​បាន​ឈ្នះ​នៅ​ជុំ​ទី ​២ ​នៅ​ទីក្រុង​ប៉េកាំង ​ប្រទេស ​ចិន ​កាល​ពី​ថ្ងៃទី ​១​ ខែ​តុលា​នោះ​ បាន​ចាញ់​ក្នុង​ការ​ប្រកួត​រយៈពេល ​៧២ ​នាទី ​ដោយ​​វាយ​ឲ្យ​ទាក់​​សឺវីស ​៤ ​លើក​​។​

កីឡាការិនី​​ Rodionova បាន​និយាយ​ថា​៖ «​នេះ​គឺ​ជា​ជ័យជម្នះ​ធំ​លើក​ទី ​៣ ​របស់​ខ្ញុំ​នៅ​សប្ដាហ៍​នេះ​ ហើយ​នេះ​​ខ្ញុំ​មិន​ទាន់​រាប់​បញ្ចូល​ជ័យជម្នះ​ផ្សេង​ទៀត​ទេ​»។​

កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ថា៖ «​សង្ឃឹម​ថា ខ្ញុំ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ វា​តែងតែ​ប្រសើរ​ដែល​ទទួល​បាន​ជ័យជម្នះ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាការិនី​ឆ្នើមៗ​​បែប​នេះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​បំផុត​ពី​ខ្លួន​ឯង​ឥឡូវ​នេះ​»៕ AFP/SN