ក្រុងប៊ែរឡាំង: Bayern Munich កំពុង​តែ​មាន​អារម្មណ៍​ជឿជាក់​ខ្ពស់​ក្នុង​ការប្រជែង​របស់​ពួកគេ​ដើម្បី​តាម​ឲ្យ​ទាន់​ក្រុម​កំពុង​នាំ​មុខ​លើ​តារាង Bundesliga គឺ Borussia Dortmund ខណៈ​ដែល​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ពាក់កណ្តាល​រដូវកាល​ចុងក្រោយ​របស់​ពួកគេ​ជាមួយ​នឹង​ការធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ក្រុង Hoffenheim នៅ​រាត្រី​នេះ​។


សម្រាប់​រយៈពេល​ជា​លើក​ទី​ ១ ចាប់​តាំងពី​ខែ​មករា​ឆ្នាំ​​ ២០១១ ក្រុម Bayern មិន​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​លីក​ក្រោយពី​សម្រាក​រដូវរងា ខណៈ​ពួកគេ​ដេញ​តាម​ពី​ក្រោយ​ក្រុម Dortmund ចំនួន​ ៦ ​ពិន្ទុ ប៉ុន្តែ​ក្រុម​របស់​លោក Niko Kovac ជឿជាក់​ថា​ពួកគេ​អាច​ឡើង​ឈរ​ពី​លើ​គូប្រកួត​របស់​ខ្លួន​វិញ និង​ឈ្នះ​ពាន​ក្របខ័ណ្ឌ Bundesliga ជា​លើក​ទី​ ៧ ​ជាប់ៗ​គ្នា​។


ខ្សែការពារ Niklas Suele ដែល​នឹង​ត្រូវ​ចាប់​ដៃគូ​ជាមួយ​នឹង​កីឡាករ Jerome Boateng នៅ​តំបន់​ការពារ​កណ្តាល​លើ​ទឹកដី​ក្រុម Hoffenheim ដោយសារ​តែ​ការ​អវត្តមាន​របស់​ខ្សែការពារ​អន្តរជាតិ​អាល្លឺម៉ង់ Mats Hummels បាន​និយាយ​ថា​៖ «​គ្មាន​នរណា​ម្នាក់​នៅ​ទី​នេះ​ដែល​មិន​ជឿជាក់​ថា​យើង​នឹង​ក្លាយ​ជា​ម្ចាស់​ជើងឯក​ឡើយ ការ​ដេញ​តាម​ពីក្រោយ​ ៦ ​ពិន្ទុ​មិនមែន​ជា​ចុងបញ្ចប់​នៃ​ពិភពលោក​ឡើយ​»​។


អ្នក​ចាំទី Manuel Neuer ប្រធាន​ក្រុម​នៃ​ក្រុម Bayern បាន​បញ្ជាក់​ថា «​គ្មាន​អ្វី​ដែល​ធ្វើឲ្យ​យើង​ចាប់​អារម្មណ៍​» ជាង​ការ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​លីក​ក្រោយពី​ក្រុម Bayern បាន​ផ្តួល​ក្រុម Borussia Moenchengladbach ដោយ​ការស៊ុត​បាល់​ប៉េណាល់ទី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ​តូច​មួយ​ដែល​មាន​ក្រុម​ចូលរួម​ចំនួន​ ៤ ក្នុង​ទីក្រុង Duesseldorf​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក Hasan Salihamidzic ប្រធាន​ផ្នែក​កីឡា​របស់ Bayern ជឿជាក់​ថា​៖ «​បទពិសោធ ពិតជា​សំខាន់​ណាស់ ហើយ​យើង​មាន​ក្រុម​មួយ​ដែល​មាន​បទពិសោធ​គ្រប់ការ​ប្រកួត​ទាំងអស់​»​។


លោក Lothar Matthaeus អតីត​ប្រធាន​ក្រុម​នៃ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ និង​ជា​អតីត​កីឡាករ​ដ៏ឆ្នើម​របស់ Bayern បាន​និយាយ​ថា​ពាន​នេះ​នឹង​ត្រូវ​កាត់សេចក្តី​ដោយ​ក្រុម​ណា​ដែល​សម្រប​ខ្លួន​បាន​ល្អ​បំផុត​ទៅ​នឹង​តួនាទី​ថ្មី​របស់​ពួកគេ​ក្នុង​ការប្រជែង​ពាន​។


លោក​បាន​ឲ្យ​ដឹងថា​៖ «Dortmund កំពុងតែ​រង​នូវ​ការប្រជែង​តាម​ពីក្រោយ ហើយ​ក្រុម Bayern ក៏​កំពុង​តែ​ស្ថិត​ក្នុង​ការប្រជែង​តាម​ពីក្រោយ​ដែរ​។ នោះ​គឺជា​តួនាទី​ថ្មី​សម្រាប់​ក្រុម​ទាំង​ ២ ហើយ​ក្រុម​ណា​ដែល​អាច​សម្រប​ខ្លួន​បាន​ល្អ​បំផុត​នឹង​ឈ្នះ​ពាន​»​។

ក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​សម្រាប់ Bundesliga តារា​ឆ្នើម​កាណាដា​ទើប​តែ​រះ Alphonso Davies វ័យ​ ១៨ ​ឆ្នាំ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ទី​ ១ ​របស់​គេ​សម្រាប់ Bayern ក្រោយពី​ការផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​ ១៣ ​លាន​ផោន​របស់​គេ​ពី​ក្លិប Vancouver Whitecaps របស់​ក្របខ័ណ្ឌ MLS​។

ការចុះ​ហត្ថលេខា​នេះ​បង្ហាញ​ពី​គោលនយោបាយ​ទិញ​កីឡាករ​របស់ Bayern ក្នុង​ការស្វែងរក​កីឡាករ​វ័យក្មេង​មក​ជំនួស​តារា​ឆ្នើម​វ័យចាស់ និង​ពង្រឹង​ក្រុម​របស់​ពួកគេ​។ ខ្សែការពារ Benjamin Pavard វ័យ​ ២២ ​ឆ្នាំ​សមាជិក​ឈ្នះ​ពាន World Cup ជាមួយ​ក្រុម​បារាំង​ត្រូវ​បាន​ប្រកាស​រួច​ជា​ស្រេច​ថា​នឹង​ចូលរួម​ជាមួយ​នឹង​ក្លិប Bayern ពី​ក្លិប Stuttgart នៅ​ខែ​កក្កដា​៕ IS