ក្រុង​ប៊ែរឡាំង៖ ក្លិប Bayern Munich ដែល​​ជា​ក្រុម​យក្ស​នៅ​ក្របខ័ណ្ឌ​ Bundesliga របស់​ប្រទេស ​អាល្លឺម៉ង់ បាន​បង្ហើប​ថា​ ពួក​គេ​បាន​ឲ្យ​កីឡាករ​​ក្នុង​ក្រុម​​ត្រឡប់​ទៅ​ហ្វឹកហាត់​វិញ​ ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​គិត​តាំង​ពី​មាន​ការ​ផ្អាក​ការ​ប្រកួត​បណ្ដោះ​អាសន្ន ដោយសារ​​វីរុស​កូរ៉ូណា​។​


មុន​ការ​ប្រកួត​ត្រូវ​បាន​ប្រកាស​ផ្អាក​កាល​ពី​​ថ្ងៃទី ​១៣ ខែ​មីនា ក្រុម​ដែល​មាន​រហស្សនាម​ថា​ «The Bavarians​» កំពុង​នាំ​មុខ​ក្រុម​លេខ ​២ Borussia Dortmund ៤ ពិន្ទុ ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់​ទៅ​ទាំង​ស្រុង ២៥ សប្ដាហ៍​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្លិប​ កាល​ពី​ព្រឹក​​ថ្ងៃ​ចន្ទ​បាន​​ឲ្យ​ដឹង​ថា​៖ ​«ក្រុម​ឈុត​ធំ​របស់​ Bayern Munich ត្រឡប់​មក​ហ្វឹកហាត់​វិញ​ក្នុង​ទម្រង់​ជា​ក្រុម​តូចៗ នៅ​ថ្ងៃ​ចន្ទ​ទី ​៦ ខែ​មេសា​។ កិច្ចការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ផ្ទុយ​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ឡើយ ដោយ​យើង​មាន​ការ​រួម​សហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​។ ការ​ហ្វឹកហាត់​នេះ ធ្វើ​ឡើង​ជាមួយ​​គោលការណ៍​អនាម័យ ដែល​​គ្រប់​គ្នា​ត្រូវ​គោរព​តាម​យ៉ាង​តឹងរ៊ឹង​»​។


ក្លិប​ដែល​ឈ្នះ​ពាន​លីក​កំពូល​ច្រើន​ជាង​ក្រុម​ផ្សេងៗ នៅ​អាល្លឺម៉ង់ Bayern Munich បាន​បន្ថែម​ក្នុង​សេចក្ដី​ប្រកាស​នោះ​ទៀត​ថា​៖ ​«​ដើម្បី​បន្ថយ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ឲ្យ​នៅ​កាន់​តែ​ទាប ក្លិប Bayern សុំ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ គោរព​តាម​បទ​ប្បញ្ញត្តិ​របស់​អាជ្ញាធរ ហើយ​ព្រោះ​តែ​ហេតុ​នេះ សុំ​មេត្តា​កុំ​ធ្វើ​ដំណើរ​មក​កាន់​ទី​កន្លែង​ហ្វឹកហាត់​របស់​ក្រុម​ធ្វើ​អី​»​។​​


ប្រទេស​ អាល្លឺម៉ង់ ក៏​ជា​ប្រទេស​មួយ​ដែល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩​ ដោយ​មាន​មនុស្ស​ជាង​ ១ ៣០០ ​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បាត់​បង់​ជីវិត ​ហើយ​ពី​ដំបូង​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ក្របខ័ណ្ឌ Bundesliga បាន​សម្រេច​ផ្អាក​ការ​ប្រកួត​ត្រឹម​ថ្ងៃ​ទី​ ២ ខែ​មេសា តែ​ឥឡូវ​នេះ​ពួក​គេ​បាន​​ពន្យារ​ពេល​បន្ថែម​ទៀត​រហូត​ដល់​ថ្ងៃ​ទី​ ៣០ ខែ​ មេសា ឆ្នាំ​ ២០២០៕​ AFP/VN