ក្រុងប៉ារីស៖ ក្រុមយក្សនៅអាល្លឺម៉ង់ Bayern Munich បានពិន័យកីឡាករ Jerome Boateng ដែលបានចាកចេញពីទីក្រុង ដោយគ្មានការអនុញ្ញាត ដែលជាទង្វើបំពាននឹងច្បាប់រឹតបន្តឹងមិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩។
បើយោងតាមទូរទស្សន៍ TVO បានឲ្យដឹងថា កីឡាករវ័យ ៣១ ឆ្នាំ Jerome Boateng បានធ្វើដំណើរចាកចេញពីក្រុង ដោយសារទៅមើលកូនប្រុសរបស់ខ្លួន ដែលមានរបួសតិចតួចក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងមួយកាលពីម្សិលមិញ។
ក្រុមជើងឯកក្របខ័ណ្ឌ Bundesliga បានសេចក្ដីប្រកាសរបស់ខ្លួនថា៖ «ខ្សែការពាររបស់យើង Jerome Boateng បានចាកចេញពីក្រុង Munich កាលពីម្សិលមិញ ដោយអត់មានការអនុញ្ញាតពីក្លិបឡើយ។ Boateng អត់គោរពតាមគោលការណ៍របស់ក្លិប ដោយសារការនៅឆ្ងាយពីផ្ទះរបស់ខ្លួន»។
សេចក្ដីប្រកាសបានបន្តថា៖ «វិន័យទាំងឡាយបង្កើតឡើង ដើម្បីគ្រប់គ្រងការប្រព្រឹត្តរបស់កីឡាករទាំងអស់ក្នុងក្រុម សម្រាប់ស្ថានការណ៍បច្ចុប្បន្ននេះ ដោយស្របជាមួយនឹងបញ្ជារបស់រដ្ឋាភិបាល ដែលរឹតបន្តឹងការធ្វើដំណើរ ក៏ដូចជាសេចក្ដីណែនាំរបស់មន្ត្រីសុខាភិបាលផង»។
សម្រាប់ Boateng ក៏ទទួលស្គាល់កំហុសរបស់ខ្លួនដែរ ដោយបាននិយាយទៅកាន់កាសែត Bild ថា៖ «ខ្ញុំដឹងថា វាជាកំហុសខ្ញុំពិតមែន ដែលមិនបានប្រាប់ក្លិបឲ្យដឹងពីការធ្វើដំណើររបស់ខ្ញុំ តែពេលនោះ ខ្ញុំមិនបាននឹកឃើញអ្វីក្រៅតែពីការបារម្ភចំពោះកូនប្រុសខ្ញុំប៉ុណ្ណោះ។
ខ្សែការពារអាល្លឺម៉ង់រូបនេះ បាននិយាយទាក់ទងនឹងកូនប្រុសខ្លួនថា៖ «គេមានសុខភាពមិនសូវល្អទេ។ បើសិនកូនទូរស័ព្ទមក ប្រាកដខ្ញុំជាឪពុក នឹងទៅមិនថាពេលណាក៏ដោយ»៕ AFP/ VN