ក្រុង​ប៊ែរឡាំង៖ ក្រុម​រួច​ពី​គ្រោះ Werder Bremen អាច​ធានា​បាន​​ជីវិត​​នៅ Bundesliga ​ក្របខ័ណ្ឌ​កំពូល​របស់​អាល្លឺម៉ង់ ​សម្រាប់​រដូវកាល​ក្រោយ ដោយសារ​គ្រាប់​បាល់​ក្រៅ​ផ្ទះ (away goal) ក្រោយ​ពី​មាន​លទ្ធផល​ស្មើ ២-២ ជាមួយ​ក្រុម​នៅ​លីក​ទី ​២ Heidenheim អំឡុង​ការ​ប្រកួត​កាត់​ក្ដី​ធ្លាក់​ជាប់​ដ៏​អន្ទះអន្ទែង នៅ​ជើង​ទី​២ ជាមួយ​នឹង​ការ​រក​បាន​គ្រាប់​បាល់​ទី​២ ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់។​​​


បន្ទាប់​ពី​ក្រុម​មាន​គ្រាប់​បាល់​សរុប ២-២ សម្រាប់​ការ​ប្រកួត​កាត់​ក្ដី​នេះ​ គ្រូ​បង្វឹក​របស់​ក្រុម Bremen លោក Florian Kohfeldt ​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​​រីករាយ និង​សប្បាយ​ចិត្ត ដែល​យើង​​ជោគជ័យ ក្រោយ​​​បញ្ចប់​ការ​ប្រកួត​នោះ​។ យើង​អស់​សង្ឃឹម​ជា​ច្រើន​លើក​ច្រើន​សា​ឆ្នាំ​នេះ តែ​យើង​កែប្រែ​ស្ថានការណ៍​បាន​វិញ​រហូត​។ វា​ជា​សម្ពាធ​ធំ ដែល​​បាន​របូត​ចេញ​ពី​យើង​ទាំង​អស់​គ្នា​ទាំង​មិន​គួរ​ឲ្យ​ជឿ​»​។​


ក្រោយ​បញ្ចប់​ការ​ប្រកួត​​ទាំង ២ ជើង ក្នុង​ និង​ក្រៅ​ទឹក​ដី ក្រុម Bremen ដែល​​ឈ្នះ​​​ពាន​លីក​កំពូល​របស់​អាល្លឺម៉ង់​ជា​លើក​ទី៤​ ចុង​ក្រោយ នៅ​រដូវកាល ២០០៣-២០០៤ នោះ រក្សា​កំណត់ត្រា​របស់​ខ្លួន​ក្នុង​ការ​បាន​​លេង​នៅ​ក្របខ័ណ្ឌ Bundesliga ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់ រី​ឯ​ក្រុម Heidenheim បន្ត​នៅ​លីក​ទី​ ២ ដដែល​។


ពេល​មិន​អាច​ជួយ​ក្រុម​​ឡើង​​​​ទៅ​លីក​ទី​ ១ ​បាន គ្រូ​បង្វឹក​របស់​ក្រុម​ Heidenheim លោក Frank Schmidt និយាយ​ថា​៖ «​យើង​មាន​ឱកាស​ល្អ​ៗ​​ច្រើន តែ​អត់​សំណាង។ យើង​ខក​ចិត្ត​ខ្លាំង​ណាស់។ យើង​មិន​បាន​ចាញ់​ឡើយ ក្នុង​ការ​ប្រកួត​ទាំង ​២ ​លើក តែ​ទាំង​អស់​គ្នា​មាន​​អារម្មណ៍​ដូចជា​យើង​ចាញ់​។ វា​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ ពួក​យើង​។ យើង​​ត្រូវ​ការ​ពេល​មិន​តិច​ថ្ងៃ​នោះ​ទេ ក្នុង​ការ​សម្រួល​​អារម្មណ៍​​​ឡើង​វិញ​»​។


កាល​ពី​​​ជើង​ទី​១ នៅ​ទឹក​ដី​របស់​ក្រុម Bremen ស្មើ ០-០ ខណៈ​នៅ​​ជើង​ទី ២ នេះ ត្រឹម​តែ ​៣ ​នាទី​ ក្រុម Heidenheim បាន​​របូត​គ្រាប់​បាល់​បាត់​​ទៅ​ហើយ ដោយសារ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​​​ Norman Theuerkauf តែ​សល់ ៥ ​នាទី ចប់់​ការ​ប្រកួត​ផ្លូវ​ការ​ខ្សែ​ប្រយុទ្ធ Tim Kleindienst ​ជួយ​ឲ្យ​ក្រុម​​ម្ចាស់​ផ្ទះ​មាន​សង្ឃឹម​​ស្ដួច​ស្ដើង​វិញ ដោយ​ការ​ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច​ឲ្យ​លទ្ធផល​ស្មើ​គ្នា ១-១​។


សម្រាប់​ការ​ប្រកួត​ដ៏​តឹងតែង​នេះ បើ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ១-១ ក៏​ក្រុម​ Bremen ជា​អ្នក​មាន​​​សិទ្ធិ​បន្ត​លេង​នៅ​ Bundesliga ដែរ ដោយសារ​គ្រាប់​បាល់​ក្រៅ​ទឹក​ដី​ អ៊ីចឹង​មាន​ន័យ​ថា​ ក្រុម​ Heidenheim ត្រូវ​ការ​ឈ្នះ​តែ​ម្យ៉ាង​ប៉ុណ្ណោះ តែ​គួ​រ​ឲ្យ​ស្ដាយ ក្ដី​សង្ឃឹម​​របស់​ក្រុម​នេះ ត្រូវ​រលាយ​ស្ទើរ ១០០ ​ភាគរយ ​ពេល​ដែល​កីឡាករ Ludwig Augustinsson ធ្វើ​បាន​សម្រេច​ ១ គ្រាប់ នៅ​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ ពោល​គឺ​នៅ​នាទីទី ​៩០+៤ ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​ជាថ្មី​ម្ដង​ទៀត ហើយ​បើ​ទោះ ៤ នាទី បន្ទាប់​ពី​ហ្នឹង​មាន​ឱកាស​តាម​ស្មើ​វិញ ដោយសារ​ការ​ស៊ុត​បាល់​ពិន័យ ១១ ​ម៉ែត្រ​របស់​កីឡាករ Kleindienst ក៏​ដោយ ក៏​យឺត​ពេល​ហើយ​ដែរ​។​

សម្រាប់​លីក​អាជីព​ទី​១ និង​ទី​២ របស់​អាល្លឺម៉ង់​ កំណត់​ក្រុម​​ធ្លាក់ ​និង​ឡើង​ មាន​ចំនួន​ ៣ ​ក្រុម ដោយ​ ២​ ក្រុម ត្រូវ​បាន​ទម្លាក់​ និង​ដំឡើង​​ស្វ័យ​ប្រវត្តិ ​គឺ​ក្រុម​នៅ​បាត​តារាង​ទាំង​ ២ ក្នុង​ Bundesliga និង​ក្រុម​​កំពូល​តារាង​ទាំង​ ២ នៅ Bundesliga 2 ខណៈ​ក្រុម​ដែល​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ទី១៦ នៅ​លីក​កំពូល និង​ក្រុម​ឈរ​នៅ​លេខ​ ៣ ក្នុង​លីក​ទី​២ នឹង​ត្រូវ​ប្រកួត​កាត់​ក្ដី ដើម្បី​ដណ្ដើម​សិទ្ធិ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​៕ AFP/VN