ក្រុងបាសេឡូណា៖ តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានច្រានចោលបណ្ដឹងរបស់ក្លិបនៅប្រេស៊ីល Santos តវ៉ានឹងក្រុមអ្នកមានបុណ្យ Barcelona (Barca) ទាក់ទងនឹងករណីការចុះហត្ថលេខាយកកីឡាករ Neymar កាលពីឆ្នាំ ២០១៣។ នេះបើតាមការឲ្យដឹងរបស់ក្លិបអេស្ប៉ាញ ក្នុងសេចក្តីថ្លែងការណ៍ ១ កាលពីថ្ងៃអង្គារ។
ក្រុម Santos បានបង្ហាញពីការទាមទារទៅស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) កាលពីឆ្នាំ ២០១៥ ដោយបានទាមទារទឹកប្រាក់ចំនួន ៦១ ២៩៥ ០០០ អឺរ៉ូ (៦៩,២១ លានដុល្លារ) ជាសំណងការខូចខាត បន្ទាប់ពីក្រុម Barca បានបង់ប្រាក់ទៅឲ្យឪពុករបស់កីឡាករ Neymar និងក្រុមហ៊ុនលក្ខណៈគ្រួសារ N&N មុនទិញយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលក្នុងតម្លៃដំបូង ៥៧ លានអឺរ៉ូ។
ក្រុម Barca បានឲ្យដឹងថា៖ «CAS បានរកឃើញថា កិច្ចសន្យារវាងក្រុម Santos និងកីឡាករ Neymar ត្រូវបានចប់សព្វគ្រប់ដោយមានការព្រមព្រៀងគ្នា ហើយថា ក្រុម Barcelona មិនបានរំលោភច្បាប់កិច្ចសន្យាផ្ទេរកីឡាករឡើយ នៅពេលក្លិបបានចំណាយថ្លៃបន្ថែមដល់ឪពុករបស់កីឡាករ និងក្រុមហ៊ុន N&N។ ក្រុម Barcelona មិនបានប្រព្រឹត្តទង្វើខុសច្បាប់ណាមួយឡើយ ទាំងពេល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរជាមួយកីឡាករ Neymar និងជាមួយក្រុម Santos»។
សេចក្តីថ្លែងការណ៍នោះ ក៏បន្ថែមថា Santos ត្រូវ CAS បញ្ជាឲ្យបង់ថ្លៃផ្លូវច្បាប់ទៅក្រុម Barca ចំនួន ២០ ០០០ ហ្វ្រង់ស្វ៊ីស ($២១ ២៥៣,៩៦)។ ការផ្ទេររបស់ Neymar វ័យ ២៨ ឆ្នាំ ពីក្លិបកុមារភាពរបស់គេទៅក្រុម Barca ត្រូវរុំព័ទ្ធដោយបញ្ហាផ្លូវច្បាប់ ដែលធ្វើឲ្យតុលាការជាន់ខ្ពស់ប្រទេសអេស្ប៉ាញ បើកការស៊ើបអង្កេតជុំវិញករណីក្លែងបន្លំ និងអំពើពុករលួយចំពោះកីឡាករ ដែលបដិសេធមិនបានធ្វើខុសទាក់ទងតម្លៃនៃការផ្ទេរនេះ។
ការស៊ើបអង្កេតនេះ ក៏បានធ្វើឲ្យលោក Sandro Rosell ប្រធានក្លិប Barca ដែលជាអ្នកចាត់ចែងកិច្ចព្រមព្រៀងនាពេលនោះសម្រេចលាលែងពីតំណែងកាលពីឆ្នាំ ២០១៤។
Neymar រួមចំណែកជួយឲ្យក្រុមអ្នកមានបុណ្យឈ្នះពានរង្វាន់យ៉ាងច្រើន សម្រាប់រយៈពេល ៤ ឆ្នាំរបស់ខ្លួន ហើយបង្កើតបានជាខ្សែប្រយុទ្ធដ៏ឆ្នើមជាងគេលើលោកទាំង ៣ រួមជាមួយ Lionel Messi និង Luis Suarez មុនពេលទៅចូលរួមជាមួយក្រុមអ្នកមាននៅបារាំង Paris St Germain (PSG) ក្នុងតម្លៃកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ ($២៥០ លាន)។
ក្រោយមកកីឡាករ Neymar ក៏បានប្តឹងក្រុម Barca ដែរ ជុំវិញការបង់ប្រាក់រង្វាន់ភក្ដីភាព ដែលមានតម្លៃ ២៦ លានអឺរ៉ូ ($២៩ លាន) តែចាញ់ក្តី ហើយត្រូវបានបញ្ជាឲ្យបង់ប្រាក់អតីតក្លិបរបស់ខ្លួនចំនួន ៦,៧ លានអឺរ៉ូ ($៧,៥៥៣ លាន) ពីបទរំលោភលើកិច្ចសន្យាចុងក្រោយ ដែលគេបានធ្វើការចុះហត្ថលេខាកាលពីឆ្នាំ ២០១៦។
ទោះបីជាមានការតស៊ូផ្នែកច្បាប់ជាមួយគ្នាក្ដី ក៏កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានព្យាយាមចង់វិលត្រឡប់ទៅកាន់ក្រុម Barca វិញ កាលពីឆ្នាំមុនដែរ ហើយបានបដិសេធទៅធ្វើការហ្វឹកហាត់ជាមួយ PSG នាពេលនោះ តែក្លិបនៅតំបន់កាតាឡាន់ ចុងក្រោយមិនបានបំពេញតាមការស្នើសុំរបស់ភាគីក្រុមបារាំងឡើយ។
ក្រុម Barca បានរំពឹងថា នឹងអាចផ្ទេរយកអតីតកីឡាកររបស់ខ្លួនត្រឡប់មកវិញដែរ នៅរដូវក្ដៅនេះ តែប្រធានក្លិបលោក Josep Maria Bartomeu បានថ្លែង កាលពីថ្ងៃពុធថា ក្លិបទំនងជាមិនធ្វើការស្នើទិញកីឡាករ Neymar ទេ ដោយសារវិបត្តិហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩៕ AFP/VN