ក្រុងប៉ារីស: ជើងឯកពិភពលោកកីឡារត់ប្រណាំង Christian Coleman ប្រហែលអាចខកខានមិនបានចូលរួមព្រឹត្តិការណ៍អូឡាំពិកនាក្រុងតូក្យូ (Tokyo Olympics) ឆ្នាំក្រោយនោះឡើយ បន្ទាប់ពីត្រូវពិន័យមិនឱ្យចូលរួមប្រកួតប្រជែង ក្នុងកីឡាអត្តពលកម្ម រយៈពេល ២ ឆ្នាំ ក្នុងករណីរំលោភច្បាប់ប្រឆាំងសារធាតុញៀន។ នេះបើតាមការប្រកាសរបស់អង្គភាពសុចរិតភាពអត្តពលកម្ម (AIU) កាលពីថ្ងៃអង្គារ។
អត្តពលិកសញ្ជាតិអាមេរិក ដែលឈ្នះជើងឯកពិភពលោក ចម្ងាយ ១០០ ម៉ែត្រ ផ្នែកបុរស កាលពីឆ្នាំមុន នៅក្រុងដូហា ត្រូវបានពិន័យជាបណ្ដោះអាសន្នពីបទការខកខានធ្វើតេស្ត ៣ ដង កាលពីខែមិថុនា។ គណៈកម្មាធិការវិន័យរបស់សហព័ន្ធអត្តពលកម្មអន្តរជាតិ បានគាំទ្រការបទចោទប្រកាន់ហ្នឹង ហើយសម្រេចពិន័យ Coleman ២ឆ្នាំ ដោយគិតតាំងពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០។
អត្តពលិកវ័យ ២៤ឆ្នាំ មានរយៈពេល ៣០ថ្ងៃ ដើម្បីធ្វើការប្ដឹងឧទ្ធរណ៍សម្រាប់ការសម្រេចនេះ នៅឯតុលាការអាជ្ញាកណ្ដាលកីឡា ខណៈការពិន័យនេះ នឹងអាចធ្វើឱ្យគេ អវត្តមានសម្រាប់ការប្រកួតប្រជែងកីឡាអូឡាំពិកនាក្រុងតូក្យូ ប្រទេសជប៉ុន នៅឆ្នាំក្រោយ ដែលនៅទីនោះ Coleman ត្រូវបានគេចាត់ទុកថា ជាម្នាក់ ក្នុងចំណោមអត្តពលិក ដែលមានសិទ្ធិខ្ពស់ ក្នុងការឈ្នះមេដាយពីវិញ្ញាសា ១០០ ម៉ែត្រ។
Coleman ដែលជាម្ចាស់កំណត់ត្រាពិភពលោកចម្ងាយ ៦០ ម៉ែត្រ ទើបតែបានចូលរួមវិញ្ញាសារត់បណ្ដាក់ចម្ងាយ ៤x១០០ ម៉ែត្រ ពេលបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍អូឡាំពិក នាក្រុង Rio de Janeiro នៅប្រទេសប្រេស៊ីល កាលពី ៤ ឆ្នាំមុន។
AIU បានធ្វើការចោទប្រកាន់ Coleman ពីការខកខានទៅធ្វើតេស្ត ក្នុងខែមករា និងខែធ្នូ ឆ្នាំ ២០១៩ ព្រមទាំងក្នុងខែមេសា កន្លងទៅ៕ AFP/VN