ក្រុងតូរ៉ុនតូៈ តារា​បាល់បោះ Kevin Durant របស់​ក្លិប Golden State Warriors បាន​ដួល​មិនអាច​ក្រោក​បាន​រយៈពេល​ ១២ ​នាទី​ក្នុងការ​ប្រកួត​របស់​គាត់​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ NBA ធ្វើ​កីឡាករ​ទាំង​ ២ ​ក្រុម​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។


Durant ដែល​ជា​កីឡាករ​មាន​តម្លៃ​បំផុត​លើក​ពាន NBA នៅ​ឆ្នាំ​​ ២០១៧ ​និង​ឆ្នាំ​ ២០១៨ ​នេះ​បាន​រងរបួស​សរសៃពួរ​ជើង​ខាងស្ដាំ​នៅក្នុង​ជ័យជម្នះ​ ១០៦-១០៥ របស់​ក្លិប Warriors ទៅលើ​ក្លិប Toronto Raptors ធ្វើឲ្យ​ក្លិប Warriors នាំមុខ​ក្លិប Raptors ៣-២ ក្នុង​ស៊េរី​ល្អ​បំផុត​ក្នុង​ចំណោម​ ៧ ​លើក​។


គ្រូបង្វឹក​ក្លិប Warriors លោក Steve Kerr បាន​និយាយ​ថា​៖ «​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅពេល​គាត់​បាន​ដួល​។ មាន​រយៈពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​ដែល​វា​ហាក់​ដូចជា​ចម្លែក ហើយ​គេ​បាន​ចំណាយពេល​មួយ​សន្ទុះ​សម្រាប់​ក្រុម​ទាំង​ ២ ​ដើម្បី​ផ្ចង់ស្មារតី​ប្រកួត​បន្ត​ទៀត​»​។


កីឡាករ Durant ដែល​បាន​អវត្តមាន​ក្នុង​ការប្រកួត​រយៈពេល​ ១ ​ខែ​ដោយសារ​របួស​កំភួនជើង​ស្ដាំ​នោះ​បាន​បញ្ឈរ​អង្គុយ ដេក​អាវ៉ង់ និង​អង្គុយ​នៅ​លើ​ឥដ្ឋ ហើយ​ត្រូវ​បាន​គេ​ជួយ​គ្រាហ៍​ទៅ​កាន់​បន្ទប់​សម្រាក បន្ទាប់មក​បាន​ចាកចេញ​ពី​ទីលាន​ប្រកួត​ដោយ​ដើរ​ជាមួយ​ឈើ​អប​។


ខ្សែការពារ Klay Thompson នៅ​ក្លិប Warriors បាន​និយាយ​ថា​៖​ «​ខ្ញុំ​បាន​ព្យាយាម​ទប់​ស្មារតី​ ប៉ុន្តែ​នោះ​គឺជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ហើយ​វា​ធ្វើឲ្យ​ខ្ញុំ​ខិតខំ​លេង​កាន់តែ​ខ្លាំង​ ព្រោះ​ខ្ញុំ​ដឹង​ថា កីឡាករ​ឆ្នើម​របស់​ខ្ញុំ​មិន​អាច​ស្ថិតនៅ​ទីនោះ​ទៀត​ទេ​»​។


កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិតពី​គាត់​គ្រប់ពេល​គឺ​ទាំង​ពេល​ដែល​ខ្ញុំ​បោះ​បាល់​ចូល​កន្ត្រក និង​ពេល​ដែល​ខ្ញុំ​ទៅ​យក​បាល់​ដែល​ឡង​ចេញ​ពី​កន្ត្រក​ព្រោះ​ខ្ញុំ​ស្គាល់​គាត់ ហើយ​ខ្ញុំ​ដឹង​ថា​គាត់​មិន​ចង់​ចេញ​ពី​ទី​នោះទេ​ ប៉ុន្តែ​ពេល​នេះ​គាត់​បាន​ចេញពី​ទី​នោះ​ហើយ វា​ពិតជា​គួរ​ឲ្យ​សោកស្ដាយ​មែន​»​។

កីឡាករ​រូបនេះ​បាន​បន្ត​ថា​៖ «​គាត់​ជា​អ្នក​ចម្បាំង​ម្នាក់ ហើយ​គាត់​បាន​លះបង់​សុខភាព​គាត់​សម្រាប់​យើង​។ ចំពោះ​គាត់ ការត្រឡប់​ចូល​លេង​វិញ​នេះ​គឺជា​ការ​ប្រឈម​នឹង​សុខភាព​របស់​គាត់​ដោយ​គាត់​បាន​លេង​ល្អ​បំផុត យើង​នឹក​គាត់ ព្រោះ​គាត់​ជា​បងប្អូន​របស់​យើង ហើយ​វា​ដូចជា​សោះកក្រោះ​ណាស់​ក្នុង​ការអបអរ​ពី​ជ័យជម្នះ​នេះ​»​។

គ្រូបង្វឹក​ក្លិប Raptors លោក Nick Nurse មាន​ការភ្ញាក់ផ្អើល​ក្រោយពី​កីឡាករ Durant បាន​បើកឆាក​បោះ​បាល់​ចូល​កន្ត្រក​ពី​ចម្ងាយ​ចូល​ទាំង​ ៣ ​លើក​ដោយ​ទទួល​បាន​ ១១ ​ពិន្ទុ​។

លោក Nurse បាន​និយាយ​ថា​៖ «​នៅពេល​អ្នកណា​ម្នាក់​ដួល​អ្នក​ពិតជា​ក្រៀមក្រំ​ចំពោះ​គ្រោះថ្នាក់​នោះ ប៉ុន្តែ​នៅពេល​មាន​កីឡាករ​ណាមួយ​ដួល យើង​ក៏​មាន​ការភ្ញាក់ផ្អើល​អ៊ីចឹង​ដែរ ហើយ​សមាជិក​ក្លិប​របស់​យើង​ដែល​អង្គុយ​នៅ​កៅអី​គឺ​ពិតជា​រន្ធត់​ចិត្ត​ណាស់​»​។

គាត់​បាន​បន្ត​ថា​៖ «​វា​មាន​អារម្មណ៍​ចំឡែក​បន្តិច​ចំពោះ​អ្នក​រាល់គ្នា​នៅពេល​អ្វីមួយ​បែប​នេះ​បាន​កើតឡើង​នៅលើ​ឆាក​ធំ​មួយ​ដូច្នេះ​»​។

ខ្សែការពារ Kyle Lowry នៅ​ក្លិប Toronto និយាយ​ថា​៖ «​ក្នុង​ការប្រកួត​លីក​នេះ​យើង​គឺជា​បងប្អូន​នឹង​គ្នា​ព្រោះ​វា​ជា​ភាតរភាព​តូច​មួយ​។ យើង​មិន​ចង់​ឃើញ​កីឡាករ​ណា​ដូចជា​រូបគាត់​ដួល​ដូច្នេះ​ទេ​»​។

ប្រធាន​ក្លិប Warriors លោក Bob Myers បាន​និយាយ​ថា គ្រូពេទ្យ​ជាច្រើន​បាន​សម្រេច​ឲ្យ Durant ចូល​លេង​វិញ​។

លោក Myers បាន​និយាយ​ថា​៖ «​ខ្ញុំ​ជឿ​ថា​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​ស្ដីបន្ទោស​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ពី​ពិភពលោក​នេះ ហើយ​ប្រសិន​បើ​គេ​ចង់​ស្ដីបន្ទោស​មែន លោកអ្នក​អាច​ស្ដីបន្ទោស​ខ្ញុំ​បាន​»៕ SN