ក្រុង​ឡុងដ៍៖ អតីត​កីឡាករ​ប្រណាំង​រថយន្ត Formula One (F1) លោក Bernie Ecclestone បាន​និយាយ​ថា ​ការ​ប្រណាំង​ដណ្ដើម​ជើងឯក​រដូវកាល​នេះ គួរ​តែ​លុប​ចោល​ទៅ ព្រោះ​ថា​​មើល​ទៅ​​​ការ​ប្រណាំង​ទាំង​អស់​ទំនង​ដូច​ជា​មិន​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ចប់​ទាំង​ស្រុង​បាន​ឡើយ​ ដោយសារ​តែ​វិបត្តិ​វីរុស​កូរ៉ូណា​។


ការ​ប្រណាំង ​៨ ​ជុំ​ដំបូង​នៃ​រដូវកាល​ ​២០២០ ​នេះ សុទ្ធ​តែ​​ត្រូវ​បាន​រំលាយ​ចោល ឬ​ពន្យារ​ពេល​ទាំង​អស់ ហើយ​ចម្ងល់​ចំពោះ​ការ​ប្រណាំង ​១៤ ​ជុំ​ចុង​ក្រោយ ក៏​កំពុង​តែ​មាន​​ដែរ​ថា តើ​លទ្ធផល​​នឹង​ទៅ​ជា​យ៉ាង​ណា? បើ​ស្ថានភាព​ជំងឺដ៏​សាហាវ​នេះ​ មិន​ថមថយ​ទាល់​តែ​សោះ ដោយ​មិន​ត្រឹម​តែ​ការ​ប្រណាំង​រថយន្ត​ F1 ទេ ដែល​រង​ផល​ប៉ះ​ពាល់ តែ​វិស័យ​កីឡា​ផ្សេងៗ ក៏​កំពុង​ឈឺ​ក្បាល​ដូច​គ្នា​ដែរ​។​ ​

សម្រាប់​ការ​ប្រណាំង​កាំជ្រួច​លើ​ដី​នេះ ឲ្យ​តែ​អាច​​ប្រណាំង​ចប់​សព្វ​គ្រប់​យ៉ាង​តិច​ណាស់​ ៨ ​ជុំ នោះ​គឺ​ចាត់​ទុក​ជា​ផ្លូវ​ការ​ហើយ តែ​លោក Ecclestone អតីត​ប្រធាន​នាយក​ប្រតិបត្តិ F1 គ្មាន​ជំនឿ​ឡើយ​ថា​ វា​នឹង​មាន​​ផ្លូវ​ទៅ​រួច​។


បុរស​វ័យ ​៨៩ ឆ្នាំ​រូប​នេះ បាន​និយាយ​ទៅ​កាន់​វិទ្យុ BBC Radio ថា​៖​ «​យើង​គួរ​តែ​បញ្ឈប់​ការ​ប្រកួត​ប្រជែង​ជើងឯក​ឆ្នាំ​នេះ ហើយ​ចាប់​ផ្ដើម​អ្វី​ៗ​ឡើង​វិញ​នៅ​​ឆ្នាំ​ក្រោយ ព្រោះ​ខ្ញុំ​មើល​មិន​ឃើញ​ថា ​ចំនួន​ប្រណាំង​ដែល​អាច​ឲ្យ​ការ​ប្រណាំង​ឆ្នាំ​នេះ​ចប់​ផ្លូវ​ការ​បាន​នឹង​អាច​ត្រូវ​បាន​រៀបចំ​ឲ្យ​កើត​ជា​រូបរាង​​នោះ​ឡើយ​។​ វា​ត្រូវ​មាន ​៨ ​ជុំ តែ​ខ្ញុំ​មិន​អាច​ស្រមៃ​ទាល់​តែ​សោះ​ថា ​ត្រូវ​រៀបចំ​វា​យ៉ាង​ម៉េច ដោយសារ​ស្ថានភាព​មើល​ទៅ​ពិបាក​ណាស់​»​។


លោក Ecclestone ពេល​ចាប់​ដៃ​ជាមួយ​​ម្ចាស់​ជើង​ឯក Lewis Hamilton​​។ រូប AFP


កីឡាករ​សញ្ជាតិ​អង់គ្លេស Lewis Hamilton ដែល​ជា​ជើងឯក​ចាស់​ឆ្នាំ​នេះ ​​កំពុង​ព្យាយាម​ឲ្យ​អាច​ឈ្នះ​ជើងឯក​មួយ​រដូវកាល​ទៀត ដើម្បី​តាម​ទាន់​កំណត់ត្រា​របស់ Michael Schumacher ដែល​ធ្លាប់​ក្លាយ​ជា​ជើងឯក ​៧ ​សម័យកាល​ ប៉ុន្តែ​ប្រសិន​បើ​​ការ​លើក​ឡើង​របស់​អតីត​មិត្ត​រួម​ជាតិ​ខាង​លើ ​វា​កើត​ឡើង​មែន​នោះ​ មាន​ន័យ​ថា​វា​បាន​បំផ្លាញ​ក្ដី​សង្ឃឹម​របស់​កីឡាករ​វ័យ ​៣៥ ​ឆ្នាំ​រូប​នេះ​​ទាំង​ស្រុង។​

ទោះបី​ជា​យ៉ាង​ណា លោក​ Ecclestone ដែល​ត្រៀម​ក្លាយ​ជា​ឪពុក​គេ ​ជា​លើក​ទី ​៤ បាន​និយាយ​ទាក់ទង​នឹង​​ Hamilton ថា​៖ ​«​ខ្ញុំ​មិន​គិត​ថា ​វា​មិន​មាន​ការ​​ប្រែប្រួល ឬ​ក៏​ខុស​ប្លែក​អ្វី​ឡើយ​សម្រាប់ Lewis។ គាត់​នឹង​ឈ្នះ​ មិន​ថា​ការ​ប្រណាំង​មាន ​៨ ជុំ ១៦ ​ជុំ ឬ ២០ ​ជុំ​នោះ​ទេ។ ប្រសិន​បើ​វា​​ជា​ការ​ប្រណាំង​ជើងឯក​ពិភព​លោក ហើយ​គាត់​ប្រណាំង​ឈ្នះ វា​នឹង​ក្លាយ​ជា​កំណត់ត្រា​របស់​គាត់ ហើយ​អាច​និយាយ​ថា ​គាត់​ជា​ជើងឯក​ពិភព​លោក​។ តែ​រឿង​គួរ​ឲ្យ​ស្ដាយ​​នៅ​ត្រង់​ការ​ប្រណាំង​មាន​ទាំង​អស់​ ​៨ ​ជុំ ដូច្នេះ​បើ​ទោះ​ជា​គាត់​ទទួល​ជ័យ​ជម្នះ ក៏​វា​មិន​ជា​កំពូល​ជើងឯក​នោះ​ដែរ​»​។

ការ​ប្រណាំង​រថយន្ត Formula One រដូវកាល ​២០២០ ​នេះ ត្រូវ​ធ្វើ​ការ​ប្រណាំង​​​ទាំង​អស់ ​២២ ជុំ នៅ​ទូទៅ​ពិភព​លោក តែ​ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ​១៩ ទើប​ធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​ប្រណាំង​សម្រេច​លុប​ចោល​ខ្លះ និង​ពន្យារ​ពេល​ខ្លះ​សម្រាប់​ការ​ប្រណាំង​ទាំង ​៨ ​ជុំ​ដំបូង​របស់​ខ្លួន មាន​ដូចជា Australian Grand Prix, Bahrain Grand Prix, Vietnam Vietnamese Grand Prix, China Chinese Grand Prix, Netherlands Dutch Grand Prix, Spain Spanish Grand Prix, Monaco Monaco Grand Prix និង Azerbaijan Grand Prix​៕ AFP/VN ​