សហព័ន្ធកីឡា​បាល់ទាត់​សហភាព​អឺរ៉ុប​ ហៅ​កាត់​ថា UEFA បាន​សម្រេច​ប្រកាស​ជា​ផ្លូវ​ការ​ឲ្យ​​ផ្អាក​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​​ក្នុង​ក្របខ័ណ្ឌ Champions League និង Europa League​ ហើយ​ការ​សម្រេច​ផ្អាក​ភ្លាមៗ​នេះ ដោយសារ​វិបត្តិ​នៃ​​វីរុស​កូរ៉ូណា​បាន​រីក​រាលដាល​ហាក់​មិន​ថមថយ​សោះ។ ​


តាម​ការ​គ្រោង​ទុក​ការ​ប្រកួត​ដណ្ដើម​ពាន​ដ៏​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អឺរ៉ុប គឺ UEFA Champions League ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង Istanbul របស់​ប្រទេស ​តួកគី នា​ថ្ងៃទី ​៣០ ខែ​ឧសភា ខណៈ​ពាន​លំដាប់​ទី ​២ គឺ UEFA Europa League នឹង​ធ្វើ​ឡើង​មុន ​៣ ​ថ្ងៃ​ នៅ​ក្នុង​ទីក្រុង Gdansk នៃ​ប្រទេស ​ប៉ូឡូញ​។

ទោះជា​យ៉ាង​ណា​ ការ​ប្រកួត​ទាំង​នោះ រួម​ទាំង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផ្នែក​នារី​ផង ដែល​កាល​ពី​ដំបូង​ឡើយ​ បម្រុង​រៀបចំ​នៅ​ក្រុង​វីយែន របស់​ប្រទេស ​អូទ្រីស ​នោះ នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ដោយ​រង់ចាំ​ការ​កំណត់​ពេល​វេលា​ប្រកួត​ជា​ថ្មី​។​


ទោះ​មាន​​សេចក្ដី​ប្រកាស​បញ្ឈប់​រាល់ការ​ប្រកួត​ប្រចាំ​អឺរ៉ុប​របស់ UEFA ក៏​ដោយ​ ​ក៏​ហាក់​មិន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នោះ​ដែរ ព្រោះ​ការ​ប្រកួត​បាល់​ទាត់​ក្នុង​លីក​ជាច្រើន ត្រូវ​បាន​ប្រកាស​ផ្អាក​បន្ត​បន្ទាប់​គ្នា ជា​ពិសេស​ក្របខ័ណ្ឌ​ធំៗ​​នៅ​អឺរ៉ុប​តែ​ម្ដង ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា​នេះ​ដូច​គ្នា​។​​


ក្រុម​ការងារ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​សប្តាហ៍​មុន ​ក្រោយ​​ពី​មាន​​កិច្ច​ប្រជុំ​រវាង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​នៃ​​បាល់ទាត់​នៅ​​អឺរ៉ុប គឺ​ដើម្បី​ធ្វើ​ការ​​វិភាគ​នូវ​ជម្រើស​​ដែល​អាច​ទៅ​រួច សម្រាប់​រៀបចំ​ការ​ប្រកួត​ជាថ្មី​។


នៅ​ក្នុង​សេចក្ដី​ប្រកាស​ផ្លូវ​ការ​មួយ​របស់​ខ្លួន UEFA បាន​អះអាង​ថា​៖ ​«សហព័ន្ធ​បាន​​សម្រេច​ការ​ប្រកួត​ជា​បណ្ដោះ​អាសន្ន​សិន​។ ក្រុម​ការងារ​របស់​យើង ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​​ពិនិត្យ​កាល​បរិច្ឆេទ​ថ្មី ហើយ​សេចក្ដី​ប្រកាស​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេលវេលា​ដ៏​​សមរម្យ​មួយ​»​។​

សម្រាប់​ក្របខ័ណ្ឌ​ Champions League ដែល​ពេល​នេះ​ឈាន​ដល់​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ ឃើញ​ថា ៨ ក្រុម បាន​ធ្វើ​ការ​ប្រកួត​គ្នា​រួច​រាល់​ហើយ ក្នុង​នោះ​ក្រុម​ដែល​បន្ត​ដំណើរ​របស់​ខ្លួន​ទៅ​វគ្គ​បន្ទាប់ មាន ៤ ​ក្រុម ដូចជា Paris Saint-Germain របស់​ប្រទេស ​បារាំង ក្រុម​របស់​អ៊ីតាលី​ Atalanta, Atletico Madrid ជា​ក្រុម​នៃ​ប្រទេស ​អេស្ប៉ាញ និង​ក្រុម​របស់​ប្រទេស ​អាល្លឺម៉ង់ RB Leipzig​។ ​

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​​ក្របខ័ណ្ឌ Europa League ក៏​កំពុង​ស្ថិត​​ក្នុង​វគ្គ​ដូច​គ្នា​ដែរ ប៉ុន្តែ​មាន​​ត្រឹម ​៦ ​គូរ​ប៉ុណ្ណោះ ដែល​បាន​បញ្ចប់​​ប្រកួត​ជើង​ទី ​១​ របស់​ខ្លួន ហើយ​ជា​លទ្ធផល​ក្រុម​ម្ចាស់​ផ្ទះ Wolves បាន​ស្មើ ១-១ ជាមួយ​ក្រុម Olympiacos ប៉ុន្តែ Bayer បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Rangers ៣-១។

ចំណែក​ក្រុម​ម្ចាស់ផ្ទះ FC Basel បាន​យក​ឈ្នះ​ក្រុម Eintracht ៣-០ ខណៈ Man United បាន​លត់​ក្រុម LASK ៥-០ ហើយ​ក្រុម​ម្ចាស់​ផ្ទះ Roma បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម Sevilla ប៉ុន្តែ​វា​ប្រសើរ​ជាង​ក្រុម Kobenhavn ដែល​បាន​ចាញ់​ក្រុម​ Istanbul Basaksehir ១-០ នោះ​លើ​ទឹក​ដី​ខ្លួន​ឯង។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ Champions League ផ្នែក​នារី​វិញ បាន​ឡើង​ដល់​វគ្គ ៨ ​ក្រុម​ចុង​ក្រោយ​ហើយ ខណៈ​ប្រកួត​ជើង​ទី ​១ គ្រោង​ធ្វើ​នៅ​ថ្ងៃទី ​២៥ ខែ​មីនា ហើយ​ប្រកួត​ជើង​ទី ​២ ប្រុង​រៀបចំ​នៅ​ថ្ងៃទី ​១ ខែ​មេសា​ ប៉ុន្តែ​គ្រប់​ការ​ប្រកួត​ត្រូវ​បាន​បញ្ឈប់ ដោយសារ​ការ​រាត​ត្បាត​របស់​វីរុស​កូរ៉ូណា ដែល​ផ្ដាច់​ជីវិត​មនុស្ស​ជាង ១៦ ០០០ ​នាក់ ​ហើយ​នៅ​ទូទាំង​ពិភព​លោក​៕​ VN