ម៉ា្រឌីដ៖ ខ្សែ​ប្រយុទ្ធ Joao Felix ទម្លុះ​សំណាញ់​ទី​បាន ២ គ្រាប់ ក្នុង​នោះ​រួម​ទាំង​គ្រាប់​ជ័យ​ជម្នះ​នៅ​ចុង​ម៉ោង​ផង ខណៈ​​ក្រុម​យក្ស​អេស្ប៉ាញ Atletico Madrid តាម​ពី​ក្រោយ​រហូត​យក​ឈ្នះ​ក្រុម Salzburg របស់​អូទ្រីស ៣-២ បាន​វិញ នៅ​ទឹក​ដី​ខ្លួន​ឯង អំឡុង​ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប Champions League កាល​ពី​ថ្ងៃ​អង្គារ​។


ក្រោយ​បរាជ័យ​យ៉ាង​ដំណំ​ក្រោម​ថ្វី​ជើង​ក្រុម​ជើងឯក​ចាស់ Bayern Munich នៅ​អាល្លឺម៉ង់ កាល​ពី​សប្ដាហ៍​មុន ការ​ភ្លាត់​ទទួល​បាន​​លទ្ធផល​អាក្រក់​ម្ដង​​ទៀត នឹង​ធ្វើ​ឱ្យ​ក្ដី​សង្ឃឹម​​របស់​ Atletico ក្នុង​ការ​​ឆ្លង​ផុត​ពី​ពូល A ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ខ្ពស់​ជា​មិន​ខាន​។


តែ​ ២ គ្រាប់ របស់​កីឡាករ​អន្តរជាតិ​ព័រទុយហ្គាល់ Felix ស្រោច​ស្រង់​បាន​នូវ​ជ័យជម្នះ​ដ៏​សំខាន់​នៅ​កីឡដ្ឋាន Wanda Metropolitano ដែល​ក្រុម Salzburg ស៊ុត​ផ្ទួនៗ ត្រឡប់​​មក​នាំ​មុខ​ ២-១ ដោយ​កីឡាករ Dominik Szoboszlai និង Mergim Berisha មុន​ចប់​វគ្គ​ទី១​ បន្ទាប់​ពី​ខ្សែ​បម្រើ Marcos Llorente ជួយ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ​មាន​គ្រាប់​បាល់​មុន​នៅ​ដើម​តង់​។​


ក្រុម​របស់​លោក Diego Simeone នា​សប្ដាហ៍​ក្រោយ នឹង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម Lokomotiv Moscow ដែល​កំពុង​នៅ​បាត​តារាង ក្រោយ​ក្រុម​របស់​រុស្ស៊ី ​១ នេះ ចាញ់​ក្រុម​ Bayern នៅ​ផ្ទះ​ខ្លួន​ឯង​ ២-១​។


សម្រាប់​កីឡាករ Felix ឥឡូវ​នេះ ស៊ុត​បញ្ចូល​ទី​បាន ៤ គ្រាប់​ហើយ ឱ្យ​ក្រុម Atletico ក្នុង​ចំណោម ៧ ​ប្រកួត​ ក្នុង​អំឡុង​ពេល​នេះ ដោយ​រក្សា​ការ​ចាប់​ផ្ដើម​ដ៏​វិជ្ជមាន​របស់​ខ្លួន​បន្ត​ទៀត​នៃ​រដូវ​កាល​នេះ ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​កីឡាករ​ចំណូល​ថ្មី Luis Suarez ស្រប​ពេល​អវត្តមាន​កីឡាករ​​មាន​របួស Diego Costa​។


ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ Felix និយាយ​ថា​៖ «​នៅ​ពេល​ខ្ញុំ​លេង​នៅ Champions League វា​ជា​អ្វី ដែល​ខ្ញុំ​ចូលចិត្ត​បំផុត ដោយ​​អ្នក​បាន​ឃើញ​នូវ​ភាព​រីករាយ​នោះ​ ពេល​ខ្ញុំ​កំពុង​លេង​»​។​

ក្រោយ​ចប់​ប្រកួត​ទី២ នេះ នៅ​ពូល A ក្រុម​ការពារ​ជើងឯក​ Bayern កំពុង​ឈរ​​លេខ​ ​១ ក្រោយ​ដណ្ដើម​បាន ៦ ពិន្ទុ​ពេញ តាម​ពី​ក្រោយ​ដោយ​ Atletico ដែល​មាន ៣ ​ពិន្ទុ បន្ទាប់​ពី​ឈ្នះ​លើក​ដំបូង​នេះ​ ខណៈ​ក្រុម​លេខ ៣ Salzburg និង​លេខ ៤ Lokomotiv មាន ១ ពិន្ទុ​ស្មើ​គ្នា​៕ AFP/VN