ក្រុង​លូសាន៖ សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ FIFA ​និយាយ​ពី​ថ្ងៃ​ពុធ​ថា ពួក​គេ​នឹង​បញ្ជូន​មន្ត្រី​ទៅ​ប្រទេស ​អ៊ីរ៉ង់ ​ភ្លាមៗ​ ​ដើម្បី​ពិនិត្យ​មើល​​លទ្ធភាព​ឲ្យ​ស្ត្រី​អាច​​ទស្សនា​​​បាល់​ទាត់​នៅ​ប្រទេស​នេះ​។​​


ការ​ប្រកាស​​នេះ​បាន​កើត​ឡើង​ក្រោយ​ ​១ ​សប្ដាហ៍ ​បន្ទាប់​ពី​​អ្នក​គាំទ្រ​បាល់​ទាត់​អ៊ីរ៉ង់​ម្នាក់​បាន​ដុត​សម្លាប់​​ខ្លួន​នៅ​ខាង​ក្រៅ​តុលាការ​​ក្រោយ​ពី​គេ​​បាន​ប្រាប់​ថា នាង​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ ​៦ ​ខែ ​ដោយសារ​​ការ​ព្យាយាម​ចូល​ក្នុង​កីឡដ្ឋាន​នៅ​ក្នុង​​ទីក្រុង​តេអេរ៉ង់​ដោយ​​ស្លៀក​ពាក់​ជា​បុរស​។​


សហព័ន្ធ​ FIFA បាន​ប្រាប់​ AFP ថា៖ «​គណៈប្រតិភូ​ FIFA នឹង​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ភ្លាមៗ ​ដើម្បី​វាយ​តម្លៃ​ពី​ការ​រៀបចំ​អនុញ្ញាត​ឲ្យ​ស្ត្រី​អាច​ចូល​ក្នុង​កីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ World Cup នៅ​ខែ​តុលា​ខាង​មុខ​នេះ​»។​


FIFA មិន​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​ដំណើរ​​នេះ​ទេ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា ប្រទេស ​អ៊ីរ៉ង់ ​នឹង​ត្រូវ​រៀបចំ​ការ​​ប្រកួត​​ជាមួយ​​ប្រទេស​ ​កម្ពុជា ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី ​១៧០ ​ក្នុង​ពិភព​លោក​នៅ​ថ្ងៃទី ​១០ ខែ ​តុលា ​ខាង​មុខ​​»៕ AFP/SN