Hoppe កា្លយ​ជា​វីរបុរស​របស់ Schalke

Content image - Phnom Penh Post
Hoppe (ឆ្វេង)​ ស៊ុតឱ្យ Schalke នាំមុខ Hoffenheim ១-០ អំឡុងការ​ប្រកួត នាពេលកន្លងមក។ AFP

ក្រុង​ប៊ែរឡាំង៖​ Matthew Hoppe ទទួល​​ឋានៈ​ជា​វីរបុរស​ភ្លាមៗ នៅ​ក្រុម Schalke 04 ដោយ​ការស៊ុត ៣ គ្រាប់ ក្នុង​ជ័យ​ជម្នះ ៤-០ លើ​ Hoffenheim កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ជា​លទ្ធផល​ជួយ​ស្រោចស្រង់​ក្លិប​ខ្លួន​ពី​ការ​ស្មើ​នឹង​កំណត់ត្រា​នៅ​ក្របខ័ណ្ឌ Bundesliga ​នាម​ជា​ក្រុម​ ដែល​ប្រកួត​មិន​ឈ្នះ​សោះ​ជាប់ៗ​គ្នា​។ តើ​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​អាមេរិក​ចុង​ក្រោយ​ ដែល​លេច​មុខ​នៅ​អាល្លឺម៉ង់​នេះ ជា​នរណា​?

នៅ​ក្រុម Schalke កីឡាករ​វ័យ ១៩ ឆ្នាំ កំពុង​ដើរ​តាម​គន្លង​របស់​​ Weston McKennie ដែល​ចាកចេញ​ពី​ក្លិប​នៅ​ទឹក​ដី Gelsenkirchen ទៅ​ Juventus ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

នៅ​មាន​​មិត្តរួម​ជាតិ​ផ្សេង​ទៀត ដូចជា Christian Pulisic របស់ Dortmund ពេល​នេះ​មុន​ផ្លាស់​ទៅ​ Chelsea, Gio Reyna នៅ Dortmund, Josh Sargent នៅ Bremen, Tyler Adams នៅ RB Leipzig និង Chris Richards នៅ Bayern Munich។

Bundesliga ​ក្លាយ​ជា​កន្លែង ​អំណោយផល​​ល្អ​ដល់​កីឡាករ​សញ្ជាតិ​អាមេរិក​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ពួក​គេ​ក៏​ក្លាយ​ជា​កីឡាករ ដែល​ស័ក្ដិសម​​លេង​នៅ​លីគ​កំពូល​របស់​អាល្លឺម៉ង់​ដូចគ្នា​ដែរ។​​​

Hoppe ធ្វើ​ដំណើរ​ពី​ភាគ​ខាង​ត្បូង​របស់​រដ្ឋ​កាលីហ្វ័រនីញ៉ា​មក​ចូលរួម​ជាមួយ​ Schalke ក្នុង​ឆ្នាំ ២០១៩ បន្ទាប់​ពី​​លេង​នៅ​សាលា​បាល់​ទាត់​ថ្នាល​របស់ ​Barcelona ក្នុង​រដ្ឋ​អារីហ៊្សូណា សហរដ្ឋ​អាមេរិក។ រូប​គេ​ស៊ុត​បាន ២៩ គ្រាប់ ក្នុង​ចំណោម​វត្តមាន ២៣ ​លើក ឱ្យ​សាលា​ថ្នាល​​ (២០១៨-២០១៩)។

ក្រោយ​ផ្លាស់​មក​​អាល្លឺម៉ង់ Hoppe ធ្វើ​បាន​ល្អ​គ្រប់គ្រាន់ ដើម្បី​ទាក់​ការ​ចាប់​អារម្មណ៍​នៅ​ក្រុម​បម្រុង​របស់ Schalke រដូវកាល​មុន ទោះ​​ស៊ុត​បញ្ចូល​ទី​បាន​តែ ១ គ្រាប់​ក៏​ដោយ​ ក្នុង​ចំណោម ១៦ ​ប្រកួត​ក៏​ដោយ​។​​

ទម្រង់​លេង​មិន​សូវ​ល្អ​ និង​ការ​ខ្សត់​គ្រាប់​បាល់​របស់​ក្រុម​ធំ​បាន​ផ្ដល់​ឱកាស​ឱ្យ Hoppe ខណៈ​ខ្សែ​ប្រយុទ្ធ​ដទៃ​ទៀត​របស់​ក្រុម​ Schalke ធ្លាក់​ជើង​គ្រប់ៗ​គ្នា​។

ក្រោយ​ត្រូវ​បាន​ដាក់​ឱ្យ​លេង​ក្នុង​ក្រុម​ធំ ​​ចុង​ខែ​វិច្ឆិកា Hoppe ​ផ្ដើម​ចូល​លេង​ដំបូង នៅ Bundesliga ក្នុង​ប្រកួត​ដែល​ចាញ់ Borussia Moenchengladbach ៤-១​។

លោក Christian Gross គ្រូបង្វឹក​ទី៤ របស់​ Schalke រដូវកាល​នេះ​បាន​ចូល​មក​កាន់​តំណែង​ចុង​ខែ​ធ្នូ ហើយ​​ឃើញ​យ៉ាង​ច្បាស់​នូវ​ទេពកោសល្យ​របស់ Hoppe។ អតីត​អ្នក​ចាត់ការ​របស់​ Tottenham ​សម្រេច​ដាក់​រូប​គេ​ឱ្យ​លេង​​ ២ ប្រកួត​ដំបូង​ ក្នុង​នោះ​រួម​ទាំង​ការ​ប្រកួត​ ដែល​ឈ្នះ​កាល​ពី​ថ្ងៃ​សៅរ៍។

គ្រាប់​បាល់​របស់ Hoppe ​មិន​ត្រឹម​តែ​ជួយឱ្យ Schalke បញ្ចប់​ដំណើរ​ផ្លូវ​ ដែល​លេង​មិន​ឈ្នះ​សោះ​រហូត ៣០ ហ្គេម ពោល​គឺ​ជា​កំណត់ត្រា​ដ៏​គួរ​ឱ្យ​អៀនខ្មាស ១ នៅ Bundesliga ដែល​គ្រង​ដោយ​ក្រុម Tasmania Berlin ចំនួន ៣១ ប្រកួត នៅ​ទសវត្សរ៍​ឆ្នាំ ​១៩៦០ ប៉ុណ្ណោះ​ទេ​ តែ​ថែម​ទាំង​ធ្វើ​ឱ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​អាមេរិក​ទី១​ ដែល​ស៊ុត​បាន ៣ គ្រាប់។

គ្រូបង្វឹក​ លោក Gross ថ្លែង​ថា​៖ «Hoppe នឹង​ចាំ​ថ្ងៃ​នេះ​ជា​ដរាប។ ​គេ​ចង់​ធ្វើ​គ្រប់​យ៉ាង​ជួយ​ក្រុម​ឱ្យ​​ផុត​ពី​ស្ថានភាព ពេល​នេះ​។ គេ​នៅ​ក្មេង ដូច្នេះ ​មាន​កិច្ច​ការ​ជាច្រើន​ ត្រូវ​រៀន​សូត្រ ដើម្បី​អាច​ក្លាយ​ជា​អ្នក​បញ្ចប់​ទី​កម្រិត​កំពូល​ម្នាក់​​»​៕ AFP/VN

ព័ត៌មានថ្មីៗ