ក្រុងឡុងដ៍: ក្រុម Leicester City បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ជា​លើកដំបូង ក្នុង​រយៈពេល ៥២ ឆ្នាំ ដោយសារ​គ្រាប់​បាល់​តែ ១ គ្រាប់​របស់ Kelechi Iheanacho ដែល​ជួយ​ឱ្យមាន​ជ័យជម្នះ ១-០ លើ​ក្រុម Southampton អំឡុង​ការប្រកួត​វគ្គ ៤ ក្រុម​ចុងក្រោយ ដែល​ធ្វើឡើង​នៅ​ចំពោះមុខ​អ្នកគាំទ្រ ៤ ០០០នាក់ នា​ពហុកីឡដ្ឋាន​ជាតិ Wembley កាលពី​ថ្ងៃអាទិត្យ។


ចំនួន​អ្នកទស្សនា​ដ៏ច្រើន​បំផុត សម្រាប់​ការប្រកួត​បាល់ទាត់​នៅ​ប្រទេស​អង់គ្លេស​រយៈពេល ១៣ ខែ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយមាន​បុគ្គលិក​ការងារ​សំខាន់ៗ និង​អ្នក​រស់នៅក្នុង​មូលដ្ឋាន ដើម្បី​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​សាកល្បង សម្រាប់​ត្រៀម​ទទួល​ការវិលត្រឡប់​របស់​អ្នកគាំទ្រ​ក្នុង​ចំនួន​កាន់តែ​ច្រើ​នជាង​នេះ នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ។


ចំនួន​មនុស្ស ៨ ពាន់​នាក់​នឹង​ត្រូវ​បានអនុញ្ញាត​ឱ្យ​ចូល​ពហុកីឡដ្ឋាន Wembley នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ក្រោយ ដើម្បី​មើល​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ League Cup រវាង​ក្រុម Manchester City និង ក្រុម Tottenham Hotspurs ខណៈ​ចំនួន ២១ ០០០ នាក់​នឹង​ស្វាគមន៍​ក្រុម Leicester ដែល​ត្រឡប់​មកកាន់​ទឹកដី​នៃ​កីឡា​បាល់ទាត់​អង់គ្លេស​វិញ ជាថ្មី​ម្ដងទៀត​ក្នុង​ជំនួប FA Cup នេះ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង​ក្រុម Chelsea នា​ថ្ងៃទី ១៥ ខែ​ឧសភា។


គ្រូបង្វឹក លោក Rodgers (ស្ដាំ) និង Vardy (ឆ្វេង) សម្ដែង​ក្ដី​រីករាយ​ជាមួយគ្នា ព្រោះ Leicester ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ក្រោយ​ឈ្នះ Southampton ១-០ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ។


គ្រូបង្វឹក​របស់​ក្រុម Leicester លោក Brendan Rodgers បាន​ថ្លែង​ក្រោយ​ការប្រកួត​ថា៖ «បើទោះបី​ជា​មាន​មនុស្ស​ចំនួន​ត្រឹម ៤ ០០០ នាក់ ក៏​ពិតមែន តែ​វា​ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់។ វា​នឹង​កា្លយ​ជា​រឿង​វិសេសវិសាល​មែនទែន នៅពេល​យើង​អាច​មាន​អ្នកគាំទ្រ​ត្រឡប់​មកកាន់​កីឡដ្ឋាន​វិញ។ ខ្ញុំ​ពិតជា​បានឮ​សំឡេង​អ្នកគាំទ្រ​របស់​ក្រុម Leicester ខ្លះៗ នៅ​ទីនោះ ហើយ​ពិតជា​រឿង​គួរឱ្យ​រីករាយ​ណាស់»។


លោក Rodgers បាន​បន្តថា៖ «យើង​មាន​ឱកាស​បង្កើត​ប្រវត្តិសាស្ត្រ។ នោះ​ហើយ​ជា​អ្វីដែល​ហ្គេម​នេះ មាន​សារៈសំខាន់ ពោល​គឺ​បាន​បង្កើត​នូវ​ការចងចាំ​មិនអាច​បំភ្លេច​បាន។ ខ្ញុំ​បានដឹង​តាំងពី​មកកាន់​ក្រុម Leicester ម្ល៉េះ ថា​តើ​ពានរង្វាន់​នេះ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច សម្រាប់​អ្នកគាំទ្រ?»។

ចំណែក​ខ្សែប្រយុទ្ធ Iheanacho ដែល​ស៊ុត​បញ្ចូល​ទី​នាំ​យក​ជ័យជម្នះ​មកឱ្យ​ក្រុម Leicester បាន​និយាយថា៖ «FA Cup ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់ FA Cup ដែរ។ ខ្ញុំ​បាន​មើល​ការប្រកួត FA Cup តាំងពី​នៅ​ក្មេង ហើយ​ឥឡូវនេះ ខ្ញុំ​មាន​ឱកាស​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។ វា​ហាក់បី​ដូចជា​សុបិន​ដ៏ធំ​មួយ​សម្រាប់​ខ្ញុំ​អ៊ីចឹង»៕ VN