ក្រុងលូសានៈ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីថ្ងៃពុធបានប្រាប់ឲ្យថ្នាក់គ្រប់គ្រងប្រដាល់សកលផ្អាកសិទ្ធិរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍នៅការប្រកួតអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ ប៉ុន្តែថាកីឡានេះនៅតែមានលក្ខណពិសេសនៅក្នុងការប្រកួតនេះ។
ការណែនាំពីថ្នាក់គ្រប់គ្រងរបស់ IOC ដែលស្ទើរតែត្រូវបានប្រថាប់ត្រាដោយសមាជិក IOC ពេញលេញនៅខែក្រោយនេះបានកើតឡើងក្រោយពីមានការស៊ើបអង្កេតរយៈពេលជាច្រើនខែចំពោះករណីដែលគេចោទថា មានការគ្រប់គ្រងមិនត្រឹមត្រូវរបស់សមាគមប្រដាល់អន្តរជាតិ (AIBA) ដ៏សម្បូរបញ្ហាមួយនេះ។ ប្រធាន IOC លោក Thomas Bach បានប្រាប់ក្រុមអ្នកកាសែតក្នុងទីក្រុង Lausanne ថាការស៊ើបអង្កេតនេះគឺច្បាស់ហើយ។
លោក Thomas បាននិយាយថាភ័ស្តុតាងនេះបានលម្អិតពីបញ្ហាធ្ងន់ធ្ងរមួយចំនួននៅក្នុង AIBA នេះចាប់ពីការគ្មានអភិបាលកិច្ចរហូតដល់ការធ្វេសប្រហែស និងជម្លោះផលប្រយោជន៍។ ប្រធាន IOC រូបនេះបានបន្តថា ជុំវិញការបណ្ដេញ AIBA ចេញពីការប្រកួតនៅទីក្រុងតូក្យូនេះ គណៈកម្មាធិការ IOC កំពុងខិតខំធានាថាអត្តពលិកអាចរស់នៅក្នុងក្ដីសុបិន និងចូលរួមក្នុងការប្រកួតអូឡាំពិកនេះស្របពេលកំណត់ឲ្យច្បាស់ថា AIBA បានប្រឈមនឹងផលវិបាកសំខាន់ៗមួយចំនួន»។
ការស៊ើបអង្កេតរបស់ IOC នេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនសវនកម្ម Deloitte ផ្ដោតលើកម្មវត្ថុមួយចំនួនដូចជា ហិរញ្ញវត្ថុ អភិបាលកិច្ច ក្រមសីលធម៌ ការប្រឆាំងគ្រឿងញៀន អាជ្ញាកណ្ដាល និងការកាត់សេចក្ដី។
គណៈកម្មាធិការ IOC បាននិយាយថាការស៊ើបអង្កេតនេះបានកំណត់ថា សមាគម AIBA មិនបានបង្កើនដំណើរការដោះស្រាយបញ្ហារបស់ខ្លួនទេ។ រីឯAIBA បាននិយាយនៅរបាយការណ៍ថា ខ្លួនបានដឹងពីការប្រកាសរបស់ IOC នេះហើយ ប៉ុន្តែបានបដិសេធមិនធ្វើការបំភ្លឺពីអ្វីដែលខ្លួននឹងត្រូវធ្វើសម្រាប់វិធានការបន្ទាប់នោះទេ។
របាយការណ៍នេះបានសរសេរថា៖ «បច្ចុប្បន្ន AIBA កំពុងពិនិត្យមើលរបាយការណ៍របស់ IOC ហើយមិនទាន់ធ្វើការបកស្រាយណាមួយទេដោយរង់ចាំមើលការប្រកាសចុងក្រោយសិន ប៉ុន្តែ AIBA ពិតជាទន្ទឹងរង់ចាំធ្វើការជាមួយ IOC នៅពេលអនាគត»។
លោក Matthieu Reeb អគ្គលេខាធិការតុលាការមជ្ឈត្តិកម្មសម្រាប់កីឡា (CAS) បានប្រាប់ AFP ថាពេលនេះមិនទាន់មានការប្ដឹងជំទាស់ណាមួយនៅឡើយទេទាល់តែមានការសម្រេចចិត្តចុងក្រោយ ប៉ុន្តែធម្មនុញ្ញអូឡាំពិកកំណត់ឲ្យតុលាការ CAS សម្រេចចិត្តពីការប្ដឹងជំទាស់នេះបើ AIBA ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការនេះ។
សមាគម AIBA បានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ហើយទទួលបានភាពល្បីល្បាញនៅអូឡាំពិកជាច្រើនទសវត្សរ៍មកហើយជាពិសេសនៅឆ្នាំ ១៩៦០ ជាពេលដែលកីឡាករ Muhammad Ali បានឈ្នះមេដាយមាសនៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ AIBA បានចាប់ផ្ដើមថយចុះបន្តិចម្ដងៗនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការកើតមានវិបត្តិជាបន្តបន្ទាប់៕ SN