ក្រុងញូវយ៉ក៖ កីឡាករវាយកូនបាល់អាជីព John Isner បាននិយាយថា ប្រសិនបើការប្រកួតក្នុងកម្មវិធី Wimbledon ឆ្នាំ ២០២០ ដែលជាព្រឹត្តិការណ៍ ដ៏ធំមួយប្រចាំឆ្នាំមិនត្រូវបានរៀបចំឡើងទេ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់។
ការសម្រេចមួយត្រូវបានគេរំពឹងថា នឹងមានឆាប់ៗ ដោយក្រុមអ្នករៀបចំថា តើពួកគេអាចធ្វើឲ្យព្រឹត្តិការណ៍ដ៏មានវ័យចំណាស់មួយនេះ លេចជារូបរាងបានដែរ ឬអត់? ខណៈជាទូទៅតែងតែចាប់ផ្ដើមប្រកួត នៅថ្ងៃទី ២៩ ខែមិថុនា ប៉ុន្តែដោយសារវិបត្តិវីរុសកូរ៉ូណា ទើបធ្វើឲ្យគ្រប់គ្នាមានមន្ទិលថា គួរបន្លាយពេល ឬមិនបង្កើតឲ្យមានតែម្ដងសម្រាប់ឆ្នាំនេះ។
កីឡាករសញ្ជាតិអាមេរិកវ័យ ៣៤ ឆ្នាំ បានសម្ដែងអារម្មណ៍សោកស្ដាយ បើកម្មវិធីនេះមិនអាចរៀបចំឲ្យមានមែន។ Isner បាននិយាយទៅកាន់ទូរទស្សន៍ ESPN ពីថ្ងៃអង្គារថា៖ «វាជារឿងគួរឲ្យសោកស្ដាយមែន បើសិនជាត្រូវលុបចោលកម្មវិធីប្រកួតនេះ តែយើងក៏ត្រូវធ្វើចិត្តទទួលស្គាល់ការពិត ដោយសារស្ថានការណ៍បច្ចុប្បន្ន។ ប៉ុន្តែយើងក៏នៅតែមានសង្ឃឹមថា នឹងអាចឮពាក្យសុទិដ្ឋិនិយមខ្លះៗពី សំណាក់ក្រុមអ្នករៀបចំជាមិនខាន»។
ការប្រកួតវាយកូនបាល់ដណ្ដើមពានរង្វាន់ Wimbledon របស់ប្រទេស អង់គ្លេស នេះគឺជាការប្រកួតដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំ មានដូចជា Australian Open (ប្រទេស អូស្ត្រាលី) ដែលឆ្នាំនេះបានរៀបចំរួចហើយ ដោយជើងឯកជារបស់កីឡាករសញ្ជាតិស៊ែប៊ី Novak Djokovic, តែកម្មវិធី French Open នៅប្រទេស បារាំង ពេលនេះត្រូវបានពន្យារពេល ដោយប្ដូរពីកាលបរិច្ឆទដើម ថ្ងៃទី ២៤ ខែឧសភា ទៅរៀបចំពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលា វិញ។ រីឯការប្រកួត US Open នៅសហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២៤ ខែសីហា ដល់ថ្ងៃទី ១៣ ខែកញ្ញា៕ AFP/VN