ភ្នំពេញ៖ ​ព្រឹត្តិការណ៍​បាល់ទាត់​ពាក់​កណ្តាល​អាជីព Keller Williams Cambodia Cup រដូវកាល​ទី ​៩ ឆ្នាំ ​២០២០ (KW Cambodia Cup) បាន​សម្រេច​បង្កើន​ប្រាក់​រង្វាន់​សម្រា់​ក្រុម​ម្ចាស់​ជើងឯក​ឡើង​ដល់​ ​៤០ លាន​រៀល ស្មើ​នឹង ​១ ម៉ឺន​ដុល្លារ គឺ​កើន​ឡើង​​ទ្វេដង បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ហើយ​រូបមន្ត​នៃ​ការ​ប្រកួត ក៏​ត្រូវ​បាន​កែប្រែ ដើម្បី​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ក្រុម​ចូល​រួម​ផង​ដែរ។


យ៉ាង​ណា​ក៏​ដោយ​​លោក​ឧកញ៉ា​​បណ្ឌិត គីម ហ៊ាង ដែល​ជា​ស្ថាបនិក​បង្កើត​ពាន​ដ៏​ធំ​មួយ​នេះ បាន​អះអាង​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​​ថា ​ក្រុម​ដែល​មាន​បំណង​ចង់​​ចូលរួម​ការ​ប្រកួត​រដូវ​កាល​នេះ ត្រូវ​តែ​ជាក្រុម​ដែល​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង ដើម្បី​ឲ្យ​ស័ក្តិសម ទៅ​នឹង​ប្រាក់​រង្វាន់ ដែល​មាន​ការ​កើន​ឡើង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​នេះ។


លោក គីម ហ៊ាង ដែល​ជា​ប្រធាន​ក្រុមហ៊ុន Keller Williams Cambodia បាន​ថ្លែង​ថា៖ ​«​យើង​មើល​ឃើញ​ថា សម្ទុះ​នៃ​ការ​ចូលរួម គឺ​មាន​ចំនួន​ច្រើន អ៊ីចឹង​យើង​នឹង​មាន​ការ​សម្រិតសម្រាំង​យក​តែ​ក្រុម​ ដែល​មាន​គុណភាព​លេង​ល្អ​ឲ្យ​ចូល​រួម ប៉ុន្តែ​ក្រុម​ចាស់​ធ្លាប់​ចូលរួម​លេង និង​​មាន​សមត្ថភាព​ល្អ យើង​នឹង​ផ្តល់​អាទិភាព​ឲ្យ​ ចំណែក​ក្រុម Top4 កាល​ពី​រដូវ​កាល​មុន យើង​​នឹង​ឲ្យ​ចូលរួម​ដោយ​ស្វ័យប្រវត្តិ ចំណែក​ក្រុម​ថ្មី គឺ​យើង​នឹង​ឲ្យ​ពួក​គេ​ធ្វើ​ការ​ប្រកួត​ជម្រុះ បើ​សិន​ជា​ចំនួន​ចូលរួម​មាន​ការ​លើស ព្រោះ​រដូវកាល​នេះ យើង​នឹង​ទទួល​យក​ពី ​១៦ ​ក្រុម ទៅ​ ​២០ ​ក្រុម​ប៉ុណ្ណោះ»។


អ្នក​និយម​ចូល​លេង​កីឡា​បាល់ទាត់​លោក គីម ហ៊ាង បាន​បន្ថែម​ថា៖ ​«យើង​មិន​ចង់​ឲ្យ​អ្នក​ចូលរួម​លេង​ច្រើន​ពេក តែ​មាន​កម្រិត​​លេង​ខុស​គ្នា​ដាច់​នោះ​ទេ ព្រោះ​បទពិសោធ​​​របស់​យើង ក្រុម​ដែល​ចូលរួម​ប្រកួត ហើយ​ស្ទើរ​សមត្ថភាព គឺ​គាត់​បោះបង់​ចោល​ការ​ប្រកួត​តែ​ម្តង បន្ទាប់​ពី​គាត់​ប្រកួត​ចាញ់​ក្រុម​ផ្សេងៗ​ច្រើន​គ្រាប់​ពេក ​ពី ​៣ ទៅ ​៤ ​ប្រកួត​នោះ អ៊ីចឹង​យើង​ត្រូវ​តែ​ពង្រឹង​ការ​ប្រកួត ព្រោះ​ពាន​រង្វាន់​យើង​ជា​ពាន​ពាក់​កណ្តាល​អាជីព លក្ខណៈ​ឯកជន​ដ៏​ធំ ​ល្អ និង​មាន​អាយុ​កាល​យូរ​ជាង​គេ​នៅ​ស្រុក​ខ្មែរ»។


ជាមួយ​ការ​ពង្រឹង​បន្ថែម​ទៅ​លើ​គុណភាព​លេង​នេះ ព្រឹត្តិការណ៍ KW Cambodia Cup 2020 ដែល​កាល​ពី​ឆ្នាំ​មុន មាន​ឈ្មោះ​ថា KW Cambodia League 2019 ហើយ​ប្រើ​រូបមន្ត​ប្រកួត​វិល​ជុំ រួច​កំណត់​យក​ក្រុម​លេខ ​១ ដើម្បី​លើក​ពាន​នោះ គឺ​​បាន​កែ​ប្រែ​យក​រូបមន្ត​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​តាម​ពូល​វិញ (២ ពូល) រួច​យក​ក្រុម​ Top 4 ឡើង​ទៅ​ប្រកួត​វគ្គ​ខ្វែង ខណៈ​ទីលាន KMH និង​វេស្ទើន នឹង​ក្លាយ​ជា​ទី​កន្លែង​​ប្រជែង​​របស់​ក្រុម​ចូលរួម​ទាំង​អស់ ក្នុង​រដូវកាល​នេះ ហើយ​ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​តែ​រាល់​ថ្ងៃ​អាទិត្យ​ទេ ចំណែក​ថ្ងៃ​បើក​រដូវកាល​ថ្មី ​គ្រោង​​ធ្វើ​នៅ​ថ្ងៃទី ៩ ខែកុម្ភៈ។​


លោកឧកញ៉ា គីម ហ៊ាង (ឆ្វេង) និងលោក​បណ្ឌិត ភូ សម្បត្តិ​។ ឈន ណន

បន្ថែម​លើ​នេះ ការ​បង្កើន​ប្រាក់​រង្វាន់​ដល់​ក្រុម​លេខ ​១ ពី ​២០ ​លាន​រៀល កាល​ពី​ឆ្នាំ​មុន រហូត​ដល់ ​៤០ ​លាន​រៀល (១ ម៉ឺន​ដុល្លារ) និង​ការ​ផ្តល់​ប្រាក់​រង្វាន់​ដល់​ក្រុម​លេខ ​២ ​ចំនួន ​២០ ​លាន​រៀល លេខ ៣ ចំនួន ​១០ ​លាន ក្រុម​លេខ ​៤ ចំនួន ​៥ ​លាន ក្រុម Fair play ២ លាន​រៀល ព្រម​ទាំង​ផ្តល់​ជូន​អ្នក​ទាត់បាល់​បញ្ជូល​ទី​ច្រើន​ជាង​គេ និង​អ្នក​ចាំទី​ល្អ​ជាង​គេ ចំនួន ​១០ ម៉ឺន​រៀល​ដូច​គ្នា​នោះ វា​នឹង​សម្ទុះ​នៃ​ការ​ប្រកួត​ប្រជែង​​នៅ​រដូវកាល​នេះ កាន់​តែ​មាន​ភាព​ស្វិតស្វាញ​ខ្លាំង។

យ៉ាង​ណា​ក៏​ដោយ លោក គីម ហ៊ាន ពិត​ជា​ចង់​បាន​ក្រុម​យុវជន​ថ្នាល​មក​ពី​ក្លិប​អាជីព​ចូលរួម​ពាន​នេះ​ឲ្យ​បាន​ច្រើន។ លោក​បាន​ថ្លែង​ថា៖ ​«ពាន​យើង​ជា​ពាន​ពាក់​កណ្ដាល​អាជីព អ៊ីចឹង​លក្ខខណ្ឌ​មិន​តឹងរ៉ឹង​ពេក​ទេ ព្រោះ​ពេល​យើង​តឹងរ៉ឹង​ពេក ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​កម្រិត អ៊ីចឹង​​ដូច​ឆ្នាំ​មុន​ដែរ គឺ​កីឡាករ​បរទេស​យើង​បើក​ចំហ ១០០ ​ភាគរយ មាន​ន័យ​ថា មួយ​ក្រុម​មាន​បរទេស​សុទ្ធ​ក៏​អាច​លេង​បាន ហើយ​ចំពោះ​ក្រុម​ថ្នាល​ទាំង​ក្នុង​ក្របខ័ណ្ឌ U18, U20 ឬ U22 របស់​ក្លិប​អាជីព ដែល​ចង់​ចូលរួម គឺ​យើង​ឲ្យ​ចូលរួម»។

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា៖​ «កីឡាករ ដែល​យើង​ហាម​មាន​តែ ​១ ​ករណី​គត់ គឺ​កីឡាករ​អាជីព​លេង​នៅ​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៩ និង​២០២០ ដោយ​យើង​កំណត់ ​១ ​ក្រុម​ឲ្យ​មាន​​តែ ​២ ​នាក់​ទេ ក្រៅ​ពី​នោះ​យើង​មាន​ការ​បើក​ចំហ​ដើម្បី​ឲ្យ​មាន​ក្រុម​ខ្លាំង​ប្រកួត​ប្រជែង​​គ្នា​ហើយ​​​មែន​ទែន​ទៅ​ខ្ញុំ​ចង់​​ឲ្យ​ក្រុម​​ថ្នាល​របស់​ក្លិប​អាជីព ដូចជា​បឹងកេត ណាហ្គាវើល វិសាខា ភ្នំពេញ​ក្រោន និង​ក្រសួង​ការពារ​ជាតិ​ជា​ដើម គឺ​បើ​គាត់​បញ្ជូន​ឲ្យ​មក​លេង​ទាំង​ក្រុម​តែ​ម្តង​កាន់​តែ​ល្អ»។

ចំណែក​លោក​បណ្ឌិត ភូ សម្បត្តិ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KW Cambodia បាន​ថ្លែង​​ថា៖ ​«បើ​ទោះបី​ជា​ក្រុមហ៊ុន​របស់​យើង មិន​ទទួល​បាន​ផល​ចំណេញ​​មក​វិញ សម្រាប់​ការ​​ចំណាយ​ថវិកា​​ច្រើន ក្នុង​ការ​​ឧបត្ថម្ភ​ផ្ដាច់​មុខ​ដល់​​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ KW Cambodia មាន​របៀប​ចាត់​ចែង​ទៅ​លើ​សង្គម គ្រួសារ និង​អាជីវកម្ម​របស់​យើង អ៊ីចឹង​ពាន​បាល់ទាត់​នេះ ជា​ការងារ​សង្គម​មួយ​ដែរ ដោយ​យើង​បាន​ជួយ​ជំរុញ​អ្នក​ដែល​ស្រឡាញ់​បាល់ទាត់​ឲ្យ​គាត់​បំប្លែង​​ខ្លួន​បន្តិច​ម្តងៗ​ ទៅ​ជា​កីឡាករ​អាជីព ដែល​អាច​​ចូល​ទាត់​នៅ​ក្លិប​ធំៗ ឬ​ក្រុម​ជម្រើសជាតិ​បាន ហេតុ​នេះ​​​ទើប​ជា​យើង​បាន​ពង្រីក​ការ​ប្រកួត​នេះ ឲ្យ​កាន់​តែ​មាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ​បែប​នេះ»។

គួរ​បញ្ជាក់​ថា សម្រាប់​ក្រុម​ដែល​ចង់​ចូលរួម​ការ​ប្រកួត​នៅ​រដូវកាល​នេះ គឺ​កំណត់​ឲ្យ​បង់​ថវិកា​វិភាគ​ទាន​ដល់​ពាន ​១០០ ​ដុល្លារ បង់​វិភាគ​ទាន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ចំនួន ​១០០ ដុល្លារ និង​ថវិកា​តម្កល់​ទុក​ចំនួន ​១០០ ​ដុល្លារ​​ទៀត៕