ក្រុងឡុងដ៍ៈ គ្រូបង្វឹក​ក្លិប Chelsea លោក Frank Lampard បាន​វាយបក​ចំពោះ​ការរិះគន់​របស់លោក Jose Mourinho ក្រោយពី​ក្រុម​នេះ​បាន​ចាញ់​ក្រុម Man Utd ៤-០ ពីថ្ងៃ​អាទិត្យ​។


ការប្រកួត​ស្វិតស្វាញ​ក្រោម​ការដឹកនាំ​លើក​ដំបូង​របស់​លោក Lampard ដែលជា​ការចាប់ផ្ដើម​របស់​ក្លិប​លេង​នៅ​ក្របខ័ណ្ឌ Premier League នេះ បានបញ្ចប់​ទៅ​ដោយ​ការចាញ់​ទាំងស្រុង​នៅ​កីឡដ្ឋាន Old Trafford កាលពី​ថ្ងៃអាទិត្យ​ដោយ​កីឡាករ Marcus Rashford រកបាន​ ២ ​គ្រាប់​គឺ​នៅ​នាទី​ទី​ ១៨ និង​នាទី​ទី​ ៦៧ ហើយ​កីឡាករ Anthony Martial រកបាន​​ ១ ​គ្រាប់​ទៀត​នៅ​នាទី​ទី​ ៦៥ នៅ​មុនពេល​កីឡាករ Daniel James បន្ថែម​ ១ ​គ្រាប់​ចុងក្រោយ​នៅ​នាទី​ទី​​ ៨១​។


គ្រូបង្វឹក​ក្លិប Man Utd លោក Mourinho អតីត​គ្រូបង្វឹក​ក្លិប Chelsea បាន​រិះគន់​ចំពោះ​ការជ្រើសរើស​កីឡាករ​ឲ្យ​ចូល​លេង​របស់​លោក Lampard ដោយ​និយាយថា កីឡាករ​ដែល​មាន​បទពិសោធ​ជាច្រើន​ដូចជា កីឡាករ N''Golo Kante, Marcos Alonso, និង Oliver Giroud ជាដើម​គួរតែ​ដាក់​ឲ្យ​ចូល​លេង ខណៈ​កំពុង​មាន​បញ្ហា​ចោទ​ជាច្រើន​ជុំវិញ​ទម្រង់​លេង​របស់​កីឡាករ Mason Mount, Tammy Abraham និង Andreas Christensen​។


លោក Lampard ហាក់​ដូចជា​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការលើកឡើង​របស់​លោក Mourinho ដោយ​អះអាងថា ការរង​របួស​គឺជា​ហេតុ​ផល​ដែល​នាំ​ឲ្យ​មានការ​ជ្រើសរើស​កីឡាករ​ឲ្យ​ចូល​លេង​បែបនេះ​នៅ​ក្នុង​ការប្រកួត​បើកឆាក​នៅ​រដូវកាល​ថ្មី​។


គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​សន្និសីទ​កាសែត​ថា​៖ «​គាត់​មិន​ចូលចិត្ត​ទម្រង់​លេង​របស់​កីឡាករ Mason Mount ឬ​? តើ​នោះ​ជា​អ្វីដែល​គាត់​ចង់​មានន័យ​ឬ​?»​។


លោក Lampard និយាយ​ថា​៖ «​ខ្ញុំ​មិនអាច​អូស​កីឡាករ​ចេញពី​បន្ទប់​ព្យាបាល​ឲ្យ​មក​ចូល​លេង​បានទេ​ប្រសិនបើ​ពួកគេ​មាន​ ឬ​គ្មាន​បទពិសោធ​ក៏ដោយ​ដូច្នេះ​នេះ​ជា​កីឡាករ​ដែល​បាន​លេង​ក្នុងការ​ប្រកួត​ដែល​យើង​ពិតជា​ក្រុម​ល្អ​បាន​រយៈពេល​​ ៤៥ ​ទៅ​ ៦០ ​នាទី​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​អ្វី​ជា​ភ័ស្តុតាង​នោះ​គឺថា យើង​បាន​ប្រពឹត្ត​កំហុស​មួយចំនួន​ដែល​នាំ​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី​ក្នុងចំណោម​ឱកាស​ស៊ុត​ទាំង​ ៥ ​លើក​របស់​ពួកគេ​ ដូច្នេះ​ហើយ​វា​មាន​តថភាព​ចំពោះ​យើង​»​។

លោក Lampard បាន​បន្តថា​៖«​ខ្ញុំ​មិន​ត្រូវ​ព្រួយបារម្ភ​ពេក​ពី​អ្វីដែល​នរណាម្នាក់​និយាយ​រិះគន់​នោះទេ​ ព្រោះ​វា​ជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​គិតពី​អ្វីដែល​ពិតប្រាកដ​គឺថា ក្រុម​របស់​យើង​មាន​ទម្រង់​លេង​ល្អ​ និង​មាន​ទំនុកចិត្ត​ខ្ពស់​»​។

កីឡាករ Giroud និង​កីឡាករ Kante ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង ខណៈ​កីឡាករ​អាមេរិក Christian Pulisic ក៏បាន​ចូល​លេង​សម្រាប់​ការប្រកួត Premier League នៅក្នុង​តង់​ទី​ ២ ​ផងដែរ​។

លោក Lampard បាន​ពន្យល់​ពី​ការសម្រេចចិត្ត​របស់គាត់​ក្នុង​ការមិន​ដាក់​កីឡាករ​អាមេរិក​រូបនេះ​ក្នុង​ជម្រើស​ដំបូង​ដែល​រូបគេ​បាន​ទៅ​ដល់​ក្លិប​នេះ​ក្នុង​ការបិទ​បញ្ចប់​រដូវកាល​ក្រោយពី​បាន​ចុះ​កុងត្រា​ទិញ​ពី​ក្លិប Borussia Dortmund ពី​ខែ​មករា​ក្នុង​តម្លៃ​ខ្លួន​ ៥៨ ​លាន​ផោន​ស្មើនឹង​​ ៦២,៣ ​លាន​ដុល្លារ​។

គ្រូបង្វឹក​រូបនេះ​បាន​បញ្ជាក់​ថា​៖ «Cristian Pulisic មាន​អាយុ​ ២០ ឆ្នាំ ហើយ​គាត់​នឹង​ក្លាយជា​កីឡាករ​ឆ្នើម​មួយរូប​សម្រាប់​ក្លិប​នេះ ព្រោះ​គាត់​មាន​សមត្ថភាព​អស្ចារ្យ​ដូច​អ្នក​បាន​ឃើញ​គាត់​បន្តិច​ហើយ​ពី​ល្បឿន​អូស​បាល់​របស់​គាត់​ក្នុង​ការប្រកួត​នេះ​»​។

គ្រូបង្វឹក​ដដែល​នេះ​បាន​បន្ត​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​ក៏មាន​ជម្រើស​ផ្សេង​នៅក្នុង​តំបន់​បម្រើ និង​តំបន់​ផ្សេងទៀត​ដែរ ហើយ​ខ្ញុំ​មិន​ចង់​ផ្ដោត​ខ្លាំង​លើ Christian ក្នុង​ការប្រកួត​ដោយ​មិន​បាន​ជួយ​គាត់​នៅតាម​ផ្លូវ​នោះទេ ដូច្នេះ​ហើយ​ខ្ញុំ​ក៏បាន​ដាក់​កីឡាករ Ross Barkley និង Mason ដែល​មាន​កម្លាំង​ខ្លាំង​ឲ្យ​នៅ​អម​ជាមួយ​កីឡាករ Christian ផងដែរ​»៕ SN