ទីក្រុង​ឡុងដ៍៖ ក្រុមហង្ស​ក្រហម​​ Liverpool បាន​នាំ​មុខ​គេ​ដាច់ ​៨ ​ពិន្ទុ ​ឈរ​នៅ​លើ​កំពូល​តារាង​ក្របខ័ណ្ឌ Premier League ខណៈ​កីឡាករ Divock Origi បាន​ធ្វើ​ឲ្យ​ក្រុម Everton ឈឺ​ចាប់​ម្ដង​ទៀត ​ក្នុង​ជ័យ​ជម្នះ ​៥-២ សម្រាប់​ម្ចាស់​ជើងឯក​អឺរ៉ុប​នេះ ​នៅ​កីឡដ្ឋាន​ Anfield​ ពី​រាត្រី​ថ្ងៃ​ពុធ​។​


កីឡាករ Origi និង​កីឡាករ​Xherdan Shaqiri ដែល​ពួក​គេ​ត្រូវ​បាន​​លេង​ជំនួស​កីឡាករ Roberto Firmino និង​កីឡាករ Mohamed Salah នោះ ​បាន​ជួយ​ឲ្យ​ក្រុម Liverpool នាំ​មុខ​ ២-០ នៅ​ត្រឹម​នាទី​ទី ​១៧​។​​


កីឡាករ Michael Keane រក​បាន ​១ ​គ្រាប់​វិញ ​សម្រាប់​ក្រុម​ភ្ញៀវ​ Everton មុន​ពេល​កីឡាករ Origi រក​បាន​គ្រាប់​បាល់​ទី ​២ ​របស់​ខ្លួន​ ហើយ​ខ្សែ​ប្រយុទ្ធ​ Sadio Mane បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ដើម្បី​បន្ត​នាំ​មុខ ​៤-១ នៅ​ត្រឹម​តង់​ទី ​១​។​


ការ​រក​បាន​គ្រាប់​បាល់​មិន​ទាន់​បញ្ឈប់​ទេ ខណៈ​កីឡាករ Richarlison រក​បាន ​១ ​គ្រាប់​ទៀត ​សម្រាប់​ក្រុម​ភ្ញៀវ​នៅ​ដើម​តង់​ទី ​២​​ ប៉ុន្តែ​កីឡាករ​ Georginio Wijnaldum បាន​បន្ថែម ​១ ​គ្រាប់​ចុង​ក្រោយ​ ​សម្រាប់​ម្ចាស់​ផ្ទះ​​​នៅ​នាទី ​៩០ ​​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ចាញ់​ ៨​ លើក​ក្នុង​ការ​ប្រកួត​លីក ​១១ ​លើក ​និង​ឈរ​នៅ​តំបន់​បាត​តារាង​លេខ ​៣​។​​


លោក Jurgen Klopp ដែល​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ​៥​លើក​នោះ​បាន​និយាយ​ថា៖ «​គ្រាប់​បាល់​ទាំង​អស់ ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ ហើយ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​វា​ខ្លាំង​ណាស់​»។​


លោក Klopp បាន​បន្ថែម​ថា៖ «​យើង​ត្រូវ​ការ​ជើង​ថ្មី​ ហើយ​ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ការ​គោរព​របស់​ខ្ញុំ​ចំពោះ​ក្មេងៗ​នៅ​ក្នុង​ក្រុម​​នេះ ​ព្រោះ​ពួក​គេ​ធ្វើ​បាន​ល្អ​។ វា​ហាក់​ដូច​ជា​កំប្លែង​បន្តិច​ក្នុង​ការ​ផ្លាស់ប្ដូរ​បែប​នេះ ​ប៉ុន្តែ​ក្មេងៗ​ទាំង​នេះ​បាន​ត្រៀម​ខ្លួន​បង្ហាញ​ទម្រង់​លេង​បែប​នេះ​ឯង​»។

​​

ខ្សែ​បម្រើ​ស្វ៊ីស​ Shaqiri របស់​ក្លិប​ហង្ស​ក្រហម​ដែល​ទើប​ចាប់​ផ្ដើម​ដំបូង​នៃ​រដូវកាល​នេះ​​បាន​និយាយ​ថា៖ «​ក្ដី​សុបិន​ធំ​បំផុត​របស់​ខ្ញុំ ​គឺ​ចង់​ឈ្នះ​ពាន​នេះ​ជា​មួយ​ក្លិប​នេះ​ ​និង​សម្រាប់​អ្នក​គាំទ្រ​ផង​ដែរ​»​។​​

គ្រូ​បង្វឹក​ក្លិប Everton លោក Marco Silva ដែល​បាន​ផ្លាស់​ប្ដូរ​កីឡាករ​ត្រឹម​តែ​នាទី ​៣៥ ​ដើម្បី​តាម​រក​គ្រាប់​បាល់​ថែម​ទៀត​នោះ​បាន​និយាយ​ថា៖ «​ខ្ញុំ​មិនមែន​ជា​មនុស្ស​ដែល​ឆ្លើយ​បាន​ត្រឹមត្រូវ​ពី​ស្ថានភាព​នេះ​ទេ ​ព្រោះ​សំណួរ​នេះ ​គឺ​សម្រាប់​មនុស្ស​ផ្សេង​ទៀត»។​​

គ្រូ​បង្វឹក​ដែល​រង​ការ​ស្រែក​ឲ្យ​គេ​បណ្ដេញ​ចេញ​ពី​តំណែង​នេះ​បាន​បន្ថែម​ថា៖ «​ប្រភេទ​កំហុស​ដែល​យើង​មាន​នោះ ​គឺ​ដោយសារ​​​កីឡាករ​​កំពុង​លេង​នៅ​ក្រោម​ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង ​ដើម្បី​ដណ្ដើម​ទីតាំង​នៅ​​លើ​តារាង​ដូច្នេះ​ហើយ​ពួក​គេ​តែង​មាន​កំហុស​មួយ​ចំនួន​ជា​ធម្មតា​សម្រាប់​កម្រិត​ដែល​យើង​លេង​​បែប​នេះ​​​»។​

បរាជ័យ​របស់​ក្រុម​ Everton លើក​នេះ​បាន​ធ្វើ​ឲ្យ​លោក Silva ត្រូវ​រង់ចាំ​មើល​ថា តើ​គាត់​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​បន្ត​ដឹកនាំ​ក្រុម​នេះ​ជា​​បន្ត​ទៀត​ឬ​យ៉ាង​ណា​នៅ​មុន​ពេល​ពួក​គេ​ត្រូវ​សា្វគមន៍​ការ​ធ្វើ​ដំណើរ​របស់​ក្លិប Chelsea មក​កាន់​ទឹក​ដី​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​៕ AFP/SN