លីវើរភូល៖ លោក Jurgen Klopp សរសើរការឆ្លើយតបរបស់ក្រុម Liverpool នឹងវិបត្តិកូនក្រុមរបួស ដែលបណ្ដាលឱ្យគាត់បាត់បង់កីឡាករជម្រើសដំបូងរហូតដល់ទៅ ៨ រូប ដោយការរកជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុម Leicester City ៣-០ អំឡុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ហើយលទ្ធផលនេះ ជួយឱ្យក្រុមជើងឯកចាស់មាន ២០ ពិន្ទុស្មើក្រុមកំពូលតារាង Tottenham Hotspur។
ក្រុមរបស់លោក Klopp អវត្តមានកីឡាករជាច្រើនរូប ដូចជា Virgil van Dijk, Joe Gomez, Trent Alexander-Arnold, Jordan Henderson, Thiago Alcantara, Xherdan Shaqiri និង Alex Oxlade-Chamberlain ដោយសារមានរបួស ខណៈ Mohamed Salah អត់បានលេង ព្រោះវិជ្ជមានវីរុសកូរ៉ូណា។
តែយ៉ាងណាក្ដី ទោះជួបវិបត្តិនេះ ក៏ក្រុមហង្សក្រហមបានផ្ដួលក្រុម Leicester ដែលនៅមុនសប្ដាហ៍ ឈរនៅទី១ ក្នុងតារាងពិន្ទុ ដើម្បីបង្កើតបាននូវកំណត់ត្រាថ្មី នោះគឺការលេងអត់ចាញ់ដល់ទៅ ៦៤ ប្រកួតក្នុងលីគនៅទឹកដី Anfield។
លោក Klopp បានសរសើរកូនក្រុមថា៖ «គួរឱ្យពេញចិត្តណាស់ ព្រោះពួកយើងសមនឹងបានលទ្ធផលនេះ ១០០ ភាគរយ។ កូនក្រុមទាំងអស់ លេងបានយ៉ាងល្អអស្ចារ្យក្នុងប្រកួតទល់នឹងក្រុមគូប្រជែងដ៏ខ្លាំង។ ទម្រង់លេងរបស់ពួកគេ ដូចយប់មិញនោះ ខ្ញុំសឹងមិនជឿទាល់តែសោះ តែពួកគេកំពុង ពុះកញ្ជ្រោលខ្លាំងណាស់»។
ជាមួយគ្នានេះ James Milner ជាថ្មីម្ដងទៀត បង្ហាញពីតម្លៃក្នុងនាមជាកីឡាករដ៏មានប្រយោជន៍ម្នាក់ ពេលអត្តពលិកវ័យ ៣៤ ឆ្នាំ មកបំពេញនាទីជាខ្សែការពារខាងស្ដាំផង និងជាខ្សែបម្រើផង បន្ទាប់ពី Naby Keita មានរបួសនៅវគ្គទី២។
កីឡាករសញ្ជាតិអង់គ្លេសបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុត (assist) ២ ដង ដោយទាត់ពីជ្រុង ខណៈការបញ្ជូនរបស់គេ ធ្វើឱ្យ Liverpool បើកការនាំមុខ ដោយសារការធ្វើឱ្យចូលទីខ្លួនឯងរបស់ Jonny Evans។
កីឡាករចំណូលថ្មី Diogo Jota ដែលកំពុងឡើងជើងបានបន្ថែមការនាំមុខ ដោយការតែតបាល់ពីការបញ្ជូនរបស់ខ្សែការពារ Andy Robertson ខណៈ ១ គ្រាប់នេះ ធ្វើឱ្យខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់វ័យ ២៣ ឆ្នាំ ក្លាយជាអ្នកលេងរបស់ក្រុម Liverpool ទី១ ដែលស៊ុតបញ្ចូលទីបានរហូត នៅ ៤ ប្រកួតដំបូងរបស់ក្រុមខ្លួនក្នុងលីគ។
Roberto Firmino ដែលតែងតែមានពាក្យលេចឮមិនចេះចប់ ក្រោយការមកដល់របស់ Jota ក៏ត្រូវបានលោក Klopp ពោលសរសើរដែរ ក្នុងប្រកួតនេះ ជាពិសេសការលោតតែតបាល់បំប៉ោងសំណាញ់ទីយ៉ាងស្អាតពីការទាត់ជ្រុងរបស់ Milner ដែលវាជាគ្រាប់ជ័យជម្នះចុងក្រោយរបស់ក្រុម។
ឆ្លើយតបនឹងសំណួរដែលសួរថា តើលោកនឹងដាក់ Jota ជំនួស Firmino ទេ ពេល Salah ត្រឡប់មកវិញ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Klopp បានតបថា៖ «អ្វីដែលមនុស្សជាច្រើននិយាយពីគេ គឺជារឿងគួរឱ្យអស់សំណើចណាស់។ អ្នកមិនអាចទៅកៀកបង្គោលទីដូចរូបគេធ្វើបានកាលពីយប់មិញនេះឡើយ។ គេគឺជាអ្នកស៊ុតបញ្ចូលទីយ៉ាងពិតប្រាកដ។ គេលេងបានយ៉ាងអស្ចារ្យណាស់យប់មិញ»៕ AFP/VN