ក្រុងលីវើភូលៈ ក្រុមហង្សក្រហម Liverpool បាននិងកំពុងស្ថិតនៅលើផ្លូវដ៏វិជ្ជមានមួយក្នុងការទទួលបានឱកាសទៅប្រកួតបន្តក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលពួកគេអាចនឹងត្រូវប៉ះជាមួយក្រុម Barcelona ឬ Man United បន្ទាប់ពី Liverpool បានយកឈ្នះក្រុម Porto ២-០ នៅក្នុងជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនៅកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។
បើទោះបីជាការប្រកួតនៅក្នុងវគ្គ ៨ ក្រុមនេះត្រូវបានគេមើលឃើញថា នឹងមានប្រកួតប្រជែងគ្នាតានតឹងខ្លាំង ប៉ុន្តែសម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃអង្គារនោះកីឡាករ Naby Keita បានស៊ុតបញ្ចូលទីជួយឲ្យក្រុម Liverpool នាំមុខ ១-០ នៅត្រឹមនាទីទី ៥ ហើយនៅនាទីទី ២៦ ខ្សែប្រយុទ្ធរបស់ប្រេស៊ីល Roberto Firmino រកបាន ១ គ្រាប់ទៀតធ្វើឲ្យលទ្ធផលជាផ្លូវការគឺក្រុម Liverpool ឈ្នះក្រុម Porto ២-០។
គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បាននិយាយថា៖ «លទ្ធផល ២-០ នេះគឺពិតជាលទ្ធផលល្អមួយដូចទៅនឹងអ្វីដែលខ្ញុំបានរំពឹងទុកតាំងពីមុនពេលប្រកួត ហើយឥឡូវនេះខ្ញុំបានសម្រេចក្ដីរំពឹងរបស់ខ្ញុំហើយ។ នេះជាការប្រកួតដ៏ល្អមួយ និងមានការគ្រប់គ្រងល្អមួយដែលធ្វើឲ្យយើងទទួលបានជោគជ័យ ១០០ ភាគរយដោយការរកបានគ្រាប់បាល់ដ៏អស្ចារ្យ ២ គ្រាប់នេះ»។
តាមរយៈការយកឈ្នះក្រុម Porto របស់ព័រទុយហ្គាល់ ២-០ នៅក្នុងជើងទី ១ នេះបានធ្វើឲ្យក្រុម Liverpool មានអារម្មណ៍កក់ក្ដៅបន្តិចនៅក្នុងការប្រកួតជើងទី ២ ជាមួយក្រុម Porto នៅប្រទេសព័រទុយហ្គាល់នាថ្ងៃទី ១៧ ខែមេសា។
លោក Klopp បាននិយាយថា៖ «យើងត្រូវតែទៅទីនោះហើយយើងត្រូវតែប្រយុទ្ធទោះជាយើងដឹងថា ក្រុម Porto នឹងវាយបកយើងវិញក៏ដោយ ប៉ុន្តែនោះគឺជារបៀបដែលគេគួរតែធ្វើនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះ»។
ក្រុម Liverpool ធ្លាប់បានផ្តួលក្រុមយក្សរបស់ព័រទុយហ្គាល់មួយនេះ ៥-០ នៅក្នុងការប្រកួតជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយកាលពីរដូវកាលមុន ហើយសម្រាប់ការប្រកួតលើកនេះ គេបានមើលឃើញថាទម្រង់លេងរបស់ក្រុមលោក Sergio Conceicao មិនសូវល្អប៉ុន្មានទេ ប៉ុន្តែនៅប្រកួតជើងទី ២ ក្នុងទឹកដីខ្លួនក្រុមនេះអាចនឹងលេងបានល្អជាងពេលនេះ។
ខ្សែបម្រើប្រយុទ្ធ Mohamed Salah បានបញ្ចប់ការខកខានមិនបានរកគ្រាប់បាល់ក្នុងការប្រកួត ៨ លើក ខណៈ Liverpool បានវិលត្រឡប់ទៅស្ថិតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយរូបគេរកបាន ១ គ្រាប់ជួយឲ្យ Liverpool ឈ្នះក្រុម Southampton ៣-១ កាលពីថ្ងៃសុក្រហើយលោក Klopp ក៏បានចាប់អារម្មណ៍លើទម្រង់លេងយ៉ាងល្អរបស់ Jordan Henderson ផងដែរ។
លោក Klopp បាននិយាយថា៖ «Hendo គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ដែលកីឡាកររូបនេះអាចបង្ហាញការលេងបានល្អបែបនេះម្ដងទៀត ហើយគាត់ចូលចិត្តតួនាទីនោះ ដូច្នេះវាជាកំហុសរបស់ខ្ញុំ ដែលខ្ញុំបានដាក់ឲ្យគាត់លេងជាកីឡាករបម្រុងរយៈពេល ១ ឆ្នាំកន្លះ ប៉ុន្តែយើងត្រូវការគាត់នៅទីនោះ»៕ SN