Lucas ជួយ Spurs ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោយ​ទម្លាក់ Ajax

Content image - Phnom Penh Post
Lucas បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ៣ ​គ្រាប់​ជួយ Spurs ទម្លាក់ Ajax​។ AFP

អាំស្ទែរដាំៈ លោក Mauricio Pochettino គ្រូបង្វឹក​ក្រុម Spurs បាន​ហៅ​កូនក្រុម​របស់​គាត់​ថា​ជា​ «​កំពូល​វីរបុរស​» ក្រោយពី​ពួកគេ​បាន​ឈ្នះ​ក្រុម Ajax ៣-២ ក្នុង​ជើង​ទី​ ២ ​នៅ​ក្រៅ​ទឹកដី​ខ្លួន​ក្នុង​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​ដោយ​ការស៊ុត​បញ្ចូល​ទី​ទាំង​ ៣ ​គ្រាប់​របស់​កីឡាករ Lucas Moura ជួយ​ឲ្យ​ក្រុម Spurs ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​តាំងពី​ឆ្នាំ​ ២០០៨​។

ក្រុម Ajax របស់​ប្រទេស​ហូឡង់​ជិត​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ​ខណៈ​ក្រុម​នេះ​បាន​នាំមុខ​ ៣-២ គិត​លទ្ធផល​ទាំង​ ២ ​ជើង និង​គិត​ត្រឹម​នាទី​ទី​ ៩០​ ​នៃ​ការប្រកួត​ចុងក្រោយ​នេះ ប៉ុន្តែ​កីឡាករ Lucas បាន​បញ្ចូល​ ១ ​គ្រាប់​ទៀត​នៅ​ម៉ោង​បន្ថែម​ ៥ ​នាទី​ចុងក្រោយ​ធ្វើឲ្យ​លទ្ធផល​ទាំង​ ២ ​ជើង​ស្មើគ្នា​ ៣-៣ ប៉ុន្តែ​ក្រុម Ajax ចាញ់​គ្រាប់​បាល់​នៅក្នុង​ទឹកដី​របស់ខ្លួន​ទើប​ធ្វើ​ឲ្យ​ក្រុម​នេះ​មិន​អាច​ឡើង​ទៅ​វគ្គ​ចុងក្រោយ​បាន​ទេ​។

ជុំវិញ​ការប្រកួត​ជើង​ទី​ ២ ​នេះ​ក្រុម Ajax បាន​នាំមុខ​ក្រុម Spurs ២ ​គ្រាប់​នៅ​តង់​ទី​ ១ ​ប៉ុន្តែ​ចូល​ដល់​តង់​ទី​ ២ ក្រុម Spurs រក​បាន​ ៣ ​គ្រាប់​ដោយ​កីឡាករ Lucas គឺ​គ្រាប់​ទី​ ១ ​នៅ​នាទី​ទី​ ៥៥ ហើយ​នាទី​ទី​ ៥៩ ​បាន​ ១​ ​គ្រាប់​ទៀត បន្ទាប់មក​រក​បាន​បន្ថែម​ ១ ​គ្រាប់​ទៀត​នៅ​ក្នុង​នាទី​បន្ថែម​ ៩០+៥ ធ្វើ​ឲ្យ Spurs ឈ្នះ​ក្រុម Ajax ៣-២​។

ក្រោយពី​ទទួល​ជ័យជម្នះ​នេះ​ហើយ​ក្រុម Spurs នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម Liverpool សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃទី​ ១ ខែ​មិថុនា​ខាង​មុខ​។

លោក Pochettino បាន​និយាយ​ទាំង​ស្រក់​ទឹកភ្នែក​ថា​៖ «​វា​គឺជា​រាត្រី​ដ៏សំខាន់​បំផុត​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​សូម​អបអរសាទរ​ចំពោះ​កូនក្រុម​របស់​ខ្ញុំ​ដែល​ពួកគេ​សម្រេច​ការងារ​ដ៏អស្ចារ្យ​មួយ​នេះ​»​។

គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បាន​និយាយ​មុន​ការប្រកួត​នេះ​ថា ពួកគេ​គឺជា​វីរបុរស​ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​គិត​ថា ពួកគេ​គឺជា​កំពូល​វីរបុរស​ព្រោះ​ពួកគេ​បាន​ជួយ​ក្លិប​ឲ្យ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League ដែល​សឹងតែ​ជា​រឿង​អព្ភូតហេតុ​មួយ​ទៅ​ហើយ​»​។

ពាក់ព័ន្ធ​នឹង​លទ្ធផល​នេះ​កីឡាករ Lucas បាន​និយាយ​ថា​៖ «​បាល់ទាត់​ធ្វើឲ្យ​យើង​មាន​តម្លៃ​ក្នុងពេល​ដែល​យើង​មិន​ស្មាន​ដល់​ដូច្នេះ​ឯង​គឺ​ដូចជា​ពេលនេះ​អ៊ីចឹង វា​ជា​ពេល​ល្អ​បំផុត​ក្នុង​ជីវិត និង​អាជីព​របស់ខ្ញុំ​»​។

បរាជ័យ​លើក​នេះ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​​ និង​សមាជិក​ក្រុម Ajax ខកចិត្ត​យ៉ាង​ខ្លាំង​ក្រោយពី​បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​ដែល​បាន​នាំមុខ​ក្រុម Spurs ១-០ ក្នុងការ​ប្រកួត​ជើង​ទី​ ១ ​នៅ​ក្រៅ​ទឹកដី​ខ្លួនឯង​នោះ ខណៈ​ក្រុម​នេះ​មិន​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​ ១៩៩៦​។

ក្រោយពី​បាន​ផ្ដួល​ក្រុម Real Madrid ក្នុង​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​រួច​បន្ត​ទៅ​ផ្ដួល​ក្រុម Juventus ក្នុង​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​រួច​ហើយ​អ្នកគាំទ្រ​ និង​ក្រុម​របស់លោក Erik Ten Hag គ្រូបង្វឹក​ក្រុម Ajax មាន​សង្ឃឹម​ក្នុង​ការលើក​ពាន​អឺរ៉ុប​នេះ ប៉ុន្តែ​ពេល​នេះ​ក្ដីសង្ឃឹម​លើក​ពាន​នេះ​ត្រូវ​បាន​រលាយ​អស់​ហើយ​ក្រោយពី​ចាញ់​ក្រុម Spurs ក្នុង​ជើង​ទី​២​នេះ​។

លោក Erik Ten Hag បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​កូនក្រុម​ខ្ញុំ​ថា វា​ពិបាក​នឹង​រក​ពាក្យ​ណាមួយ​យក​មក​ប្រើ​ឲ្យ​ត្រូវ​នឹង​ស្ថានភាព​ពេលនេះ​ខ្លាំងណាស់​ព្រោះ​បាល់​ទាល់​គឺ​ព្រៃផ្សៃ​បែប​នេះឯង​ ប៉ុន្តែ​យើង​ត្រូវតែ​ស៊ូទ្រាំ​នឹង​ភាពព្រៃផ្សៃ​នៅ​យប់​នេះ ហើយ​យើង​ត្រូវតែ​បន្តដំណើរ​ទៅ​មុខ​ទៀត​»៕ SN