ក្រុងលីយ៉ុង៖ ក្លិប Lyon បានប្រកាសពីថ្ងៃចន្ទថា ក្លិបលេងនៅក្របខ័ណ្ឌ Ligue 1 នេះបានសម្រេចចិត្តបណ្ដេញគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរបស់ខ្លួន គឺលោក Sylvinho ដែលទើបដឹកនាំបាន ១១ ប្រកួត នៅរដូវកាលនេះ ក្រោយពីរៀបចំទម្រង់លេងមិនសូវល្អ។
លោក Sylvinho បានចូលដឹកនាំនៅកីឡដ្ឋាន Groupama កាលពីខែឧសភា ដើម្បីជំនួសលោក Bruno Genesio។
ក្លិបនេះបាននិយាយថា៖ «ក្លិប Lyon បានសម្រេចអនុវត្តនីតិវិធីដែលអាចឈានដល់ការបញ្ចប់កុងត្រារបស់លោក Sylvio Mendes Campo Junior (Sylvinho)»។
ទោះជាបានបាត់បង់កីឡាករសំខាន់ៗមួយចំនួនរួមមានកីឡាករ Ferland Mendy, Tanguy Ndombele និងកីឡាករ Nabil Fekir នៅពេលបិទបញ្ចប់រដូវកាលមុនក៏ដោយ ប៉ុន្តែ លោក Sylvinho បានបង្កើតក្ដីសុបិនមួយនៅពេលក្លិប Lyon បានឈ្នះក្រុម Monaco ៣-០ និងបានបន្តឈ្នះក្រុម Angers ៦-០ ក្នុងការប្រកួត ២ លើកដំបូងរបស់ពួកគេ។
ប៉ុន្តែពួកគេមិនបានឈ្នះការប្រកួតលីកណាមួយទេតាំងពីនោះមក និងបានរបូតពិន្ទុរហូតដល់នាំមុខក្រុមឈរនៅបាតតារាងតែ ១ ពិន្ទុប៉ុណ្ណោះ។
ការបណ្ដេញចេញដ៏ភ្ញាក់ផ្អើលចំពោះលោក Sylvinho នេះ បានកើតឡើងក្រោយពីប្រកួតស្មើគ្នាជាមួយក្រុម Zenit Saint Petersburg និងបានឈ្នះក្រុម RB Leipzig ២-០ កាលពីសប្ដាហ៍មុន បើទោះជាក្រុម Lyon បានទទួល ៤ ពិន្ទុ ពីការប្រកួត ២ លើក នៃក្របខ័ណ្ឌ Champions League ក៏ដោយ។
លោក Juninho នាយកកីឡានៅក្លិប Lyon បាននិយាយថា នៅពេលនិយាយពីការបណ្ដេញបុគ្គលិកចេញពីក្លិប គឺថា «គ្រូបង្វឹក គឺជាជម្រើសទី ១ ព្រោះវាជាច្បាប់បាល់ទាត់»។
ក្លិបដ៏ល្បីល្បាញនៅប្រទេស បារាំង មួយនេះបានបញ្ជាក់ថា លោក Gerald Baticle ជំនួយការគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Genesio នោះបានបន្តដឹកនាំការហ្វឹកហាត់ពីថ្ងៃអង្គារតាមការចង្អុលបង្ហាញពីលោក Juninho៕ AFP/SN