ក្រុងគែរៈ ខ្សែប្រយុទ្ធ Riyad Mahrez និង​ខ្សែប្រយុទ្ធ Sadio Mane នឹង​ជួបគ្នា​ជាថ្មី​លើក​ទី​ ២ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Cup of Nations ខណៈ​ជម្រើសជាតិ​អាល់ហ្សេរី និង​សេណេហ្គាល់​ជួប​គ្នា​នៅ​យប់​ថ្ងៃនេះ​នៅក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប​។


តារា​បាល់ទាត់​អាល់ហ្សេរី Mahrez លេង​នៅ​ក្លិប​មេឃ​ខៀវ Man City បាន​ឈ្នះ​ក្រុម​ហង្ស​ក្រហម Liverpool ដើម្បី​លើក​ពាន​អង់គ្លេស Premier League កាលពី​រដូវកាល​មុន​។


ទោះ​យ៉ាងណា​ក៏ដោយ​កីឡាករ​ឆ្នើម​ក្រុម​ហង្សក្រហម Mane មាន​បំណង​បំពេញ​ក្ដីសុបិន​ដ៏សំខាន់​បំផុត​ក្នុង​នាម​ជា​ពលរដ្ឋ​អាហ្វ្រិក​ម្នាក់​គឺ​ត្រូវ​ឈ្នះ និង​លើក​ពាន Cup of Nations បន្ថែម​ពី​លើ​ពាន Champions League​។


ទោះ​ជា​ក្រុម​សេណេហ្គាល់​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ​ប្រចាំ​ទ្វីប​នេះ និង​ស្ថិត​នៅ​លើ​ក្រុម​អាល់ហ្សេរី ៤៦ ​ចំណាត់ថ្នាក់​ក៏ដោយ ប៉ុន្តែ​ការធ្វើ​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់​កីឡាករ Mane និង​ក្រុម​សេណេហ្គាល់​នៅ​តែ​ជួប​បញ្ហា​នៅឡើយ​។


ការស៊ុត​បាល់​ ១១ ​ម៉ែត្រ​មិន​ចូល​របស់ Mane ចំនួន​ ២ ​លើក​ការ​ចាញ់​ក្រុម​អាល់ហ្សេរី​នៅ​ការប្រកួត​ក្នុង​ពូល និង​ការសង្គ្រោះ​បាល់​មិន​ល្អ​របស់​អ្នក​ចាំទី Edouard Mendy គឺជា​ការសាកល្បង​ដំណោះស្រាយ​របស់​ក្រុម​សេណេហ្គាល់​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ Cup of Nations​។


គ្រូបង្វឹក​សេណេហ្គាល់ លោក Aliou Cisse កំពុង​បំពេញភារកិច្ច​ស្ដារ​មុខមាត់​ផ្ទាល់​ខ្លួន​ព្រោះ​គាត់​ជា​ប្រធាន​ក្រុម​សេណេហ្គាល់​ដែល​ស៊ុត​បាល់​ប៉េណាល់ទី​មិន​បាន​ល្អ​ធ្វើឲ្យ​ចាញ់​ក្រុម​កាម៉េរូន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ ២០០២​។

លោក Cisse បាន​និយាយ​ថា​៖ «​ការចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​បាន​ធ្វើឲ្យ​ខ្ញុំ​ចងចាំ​វា​មិន​ភ្លេច​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​អ្វី​ដែល​ជំរុញ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​គ្រូបង្វឹក​នេះ​គឺ​បាន​ជួយ​ឲ្យ​ក្រុម​សេណេហ្គាល់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​កូនក្រុម​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​នឹង​ធ្វើឲ្យ​បាន​ល្អ​ជាង​ជំនាន់​របស់​ខ្ញុំ​»​។

កីឡាករ Mane បាន​ប្រាប់​កម្មវិធី France Football នៅ​មុន​ពេល​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​ថា​៖ «​ខ្ញុំ​ត្រៀម​ខ្លួន​លើក​ពាន Cup of Nations ឲ្យ​ដូច​កាលដែល​ខ្ញុំ និង​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម​លើក​ពាន Champions League អ៊ីចឹង​ដែរ​ព្រោះ​ការធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីក្រុង​ដាកា​ជាមួយ​ពាន​នេះ​គឺជា​រឿង​អស្ចារ្យ​បំផុត ហើយ​នោះ​ជា​ក្ដីសុបិន​ដ៏សំខាន់​បំផុត​របស់​ខ្ញុំ​»​។

ទន្ទឹម​នេះ​ដែរ​ក្រុម​អាល់ហ្សេរី​ក៏​មាន​បំណង​លើក​ពាន​នេះ​ជាថ្មី​ដែរ​ក្រោយពី​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​តាំងពី​ឆ្នាំ​ ១៩៩០​។

គ្រូបង្វឹក​ក្រុម​អាល់ហ្សេរី​លោក Djamel Belmadi និយាយ​ទៅ​កាន់​ពលរដ្ឋ​អាល់ហ្សេរី​ថា​៖ «​ខ្ញុំ​មិនមែន​ជា​អ្នក​នយោបាយ ជា​មនុស្ស​មហាអស្ចារ្យ ឬ​ជា​គ្រូ​វេទមន្ត​នោះ​ទេ ប៉ុន្តែ​ថា​យើង​នឹង​ប្រកួត​ឲ្យ​ដូច​ពេល​យើង​បាន​ធ្វើ​រហូត​មក​ដល់​វគ្គ​នេះ​»​។

គ្រូបង្វឹក​អន្តរជាតិ​ដ៏សម្បូរ​បទពិសោធ​លោក Claude Le Roy និយាយ​ថា​៖ «​ក្រុម​អាល់ហ្សេរី​លេង​បាន​ល្អ បិទ​បាន​ល្អ និង​ការពារ​បាន​ល្អ​ព្រោះ​ពួកគេ​អាច​ដណ្ដើម​បាល់​មកវិញ​បាន​ភ្លាមៗ​»​។

ប្រធាន​ក្រុម​អាល់ហ្សេរី Mahrez បាន​និយាយ​ថា​៖ «​យើង​សប្បាយចិត្ត​ណាស់​ដែល​បាន​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Cup of Nations ព្រោះ​វា​ជា​អ្វីមួយ​ពិសេស​មែនទែន​»៕ SN