ទីក្រុង​ប៉ារីស៖ ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា​ Josh Maja រក​បាន ​៣ ​គ្រាប់​តែ​ម្នាក់​ឯង ​ខណៈ​ក្លិប Bordeaux បាន​លត់​ក្លិប Nimes យ៉ាង​ចាស់​ដៃ​ ៦-០ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ ​៣ ​ក្នុង​ក្របខ័ណ្ឌ​បារាំង​ Ligue 1 ខណៈ​ក្លិប Marseille របស់​លោក Andre Villas-Boas ឈរ​នៅ​លេខ ​២ ​ដោយ​ចាញ់ ​២ ​ពិន្ទុ ​នៃ​ក្រុម​ PSG ដែល​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​ជាមួយ​ជ័យជម្នះ​ ២-០ ទៅ​លើ​ក្រុម​ Angers កាល​ពី​ថ្ងៃ​អង្គារ​។​​


កីឡាករ Maja អាយុ ​២០ ​ឆ្នាំ ​ដែល​បាន​ចូលរួម​នឹង​ក្លិប Bordeaux នៅ​ខែ​មករា​នោះ​បាន​បំប៉ោង​សំណាញ់​ទី ​៣ ​លើក​ក្នុង​តង់​ទី ​១ ​ក្នុង​ការ​ប្រកួត​មួយ​ដែល​ត្រូវ​បាន​ពន្យារពេល ​២៥ ​នាទី ​ដោយសារ​មាន​អ្នក​គាំទ្រ​ក្លិប Bordeaux ជាង ​២០ ​នាក់ ​បាន​ឆ្លង​ចោល​ទីលាន​ប្រកួត​នៅ​កីឡដ្ឋាន Matmut របស់​ក្លិប Bordeaux។​


ក្រុម​អ្នក​គាំទ្រ​ទាំង​នេះ​បាន​ដើរ​ចូល​ក្នុង​ទីលាន​ប្រកួត​ក្រោយ​ពី​ប្រកួត​បាន ​១១ ​នាទី ​ដោយ​សំដៅ​ទៅ​រក​ប្រធាន​ក្លិប​នេះ ​គឺ​លោក Frederic Longuepee ក្រោយ​ពី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​កាន់​បដា​ដែល​ស្នើ​សុំ​ឲ្យ​គាត់​ចុះ​ចេញ​ពី​តំណែង​។​


កីឡាករ Maja បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Canal ថា៖ «​វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​​ទោះ​ជា​មិន​ទាន់​ជោគជ័យ​នៅ​ឡើយ​ក៏​ដោយ​»។​​


កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា៖ «​នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​ និង​និយាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ដែល​បាន​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​សម្រេច​នេះ​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​»។​


ទន្ទឹម​នេះ​ដែរ​ក្លិប Marseille បាន​ប្រកួត​ឈ្នះ​ក្រុម Angers ២-០ ដែល​គ្រាប់​ទី ​១​ រក​បាន​ដោយ​កីឡាករ​ Morgan Sanson ហើយ​គ្រាប់​ទី ​២ ​រក​បាន​ដោយ​កីឡាករ​ Dimitri Payet នៅ​ក្នុង​ការ​ប្រកួត​ក្រៅ​ទឹក​ដី​​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ឈ្នះ​ជាប់ៗ​គ្នា ​៥ ​លើក​។​

លោក Villas-Boas គ្រូ​បង្វឹក​ក្លិប Marseille បាន​និយាយ​ថា៖ «​ទីតាំង​របស់​ក្លិប PSG មិន​ទាន់​ជា​ក្ដី​កង្វល់​របស់​យើង​នៅ​ឡើយ​ទេ​​ព្រោះ​គោលដៅ​របស់​យើង ​គឺ​ត្រូវ​បញ្ចប់​ជា​មួយ​ការ​ឈរ​នៅ​លេខ ​២ ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប្រសិន​បើ​យើង​អាច​ឈ្នះ​ក្រុម Bordeaux នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ វា​អាច​ធ្វើ​ឲ្យ​បន្ថែម​គម្លាត​បន្តិច​ទៅ​លើ​ក្រុម​ផ្សេង​ទៀត​មុន​ពេល​សម្រាក​សម្រាប់​​បុណ្យ​ណូអែល​»។​

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយ​ហ្គាល់​រូប​នេះ ​បាន​រក្សា​ជំនឿ​ចិត្ត​ជាមួយ​ក្រុម​នេះ​ដែល​បាន​ឈ្នះ​ក្រុម Brest ២-១ កាល​ពី​​ថ្ងៃ​សុក្រ។​​

គ្រូ​បង្វឹក​ក្រុម Angers លោក Stephane Moulin បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ ​៥ ​លើក​ក្រោយ​ពី​ចាញ់​ក្រុម Nice កាល​ពី​ចុង​សប្ដាហ៍​ដោយ​​កីឡាករ​ Ismail Traore បាន​ធ្វើ​ជា​ប្រធាន​ក្រុម​ជំនួស​កីឡាករ Thomas Mangani។​​

លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម Marseille បាន​ឡើង​ទៅ​ឈរ​នៅ​លេខ ​២ ​មាន ​៣១ ​ពិន្ទុ ​ក្នុង ​១៦ ​ពិន្ទុ ​តាម​ពី​ក្រោយ​ក្រុម​ PSG ដែល​ឈរ​នៅ​លើ​​កំពូល​តារាង​មាន ​៣៣ ​ពិន្ទុ ​ក្នុង ​១៤ ​ប្រកួត​។​

ស្រប​ពេល​នោះ​ដែរ​ ក្រុម Lyon បាន​ចាញ់​ក្រុម​ Lille ១-០ ក្នុង​ទឹក​ដី​ខ្លួន​ឯង ​ក្រោយ​ពី​កីឡាករ​ Jonathan Ikone បាន​ប្រព្រឹត្ត​កំហុស​ធ្វើ​ឲ្យ​ ពួក​គេ​មិន​អាច​រក​បាន​គ្រាប់​បាល់​បាន​ឡើយ​​៕ AFP/SN