ក្រុង​ឡុងដ៍៖ ក្លិប Man Utd បាន​លុប​ចោល​ជំរំ​ហ្វឹកហាត់​រដូវ​ត្រជាក់​នៅ​តំបន់​មជ្ឈិមបូព៌ា ​ដោយសារ​ក្ដី​កង្វល់​ពី​ភាព​តានតឹង​នៅ​ក្នុង​តំបន់​នេះ​។​


ក្រុម​ Man Utd ​តែង​តែ​ប្រើ​ជំរំ​​ Nad Al Sheba Sports នៅ​ក្នុង​ទីក្រុង​ឌូបៃ​ធ្វើ​ជា​មូលដ្ឋាន​ហ្វឹកហាត់​សម្រាប់​អាកាសធាតុ​កក់ក្ដៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ហើយ​​ក្រុម​នេះ​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរំ​នោះ​នៅ​ក្នុង​ការ​ឈប់​សម្រាក​រដូវ​ត្រជាក់​លើក​ដំបូង​សម្រាប់​ក្រុម​ទាំង​អស់​​ដែល​លេង​នៅ​ក្របខ័ណ្ឌ​ Premier League នៅ​ក្នុង​ពេល​ខាង​មុខ​​។​​

ប៉ុន្តែ​គ្រូ​បង្វឹក​ក្រុម​ Man Utd លោក Ole Gunnar Solskjaer បាន​បញ្ជាក់​ថា ផែនការ​ទាំង​នោះ​ឥឡូវ​នេះ​ត្រូវ​បាន​ពន្យារពេល​ហើយ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​ឧត្ដមសេនីយ៍​របស់​អ៊ីរ៉ង់​ម្នាក់​ ​គឺ​លោក Qassem Soleimani ថ្មី​ៗ​នេះ​។​​


ការ​សម្លាប់​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ក្នុង​តំបន់​នេះ ដូច្នេះ​ហើយ​​លោក Solskjaer ​បាន​សម្រេច​ចិត្ត​​ថា​ ក្រុម​ Man Utd នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស ​កាតា ​​នោះ​ទេ ​ដោយសារ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​​របស់​ក្រុម​គាត់​។


លោក Solskjaer​ បាន​និយាយ​ថា៖ «​មាន​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ព្រួយ​បារម្ភ​​នោះ ​គឺ​​មិន​​មែន​ជា​ពេល​ដែល​យើង​​ស្ថិត​​នៅ​​លើ​ទីលាន​បាល់ទាត់​នោះ​ទេ​​ ប៉ុន្តែ​វា​អាច​ជា​រឿង​ផ្សេង​ទៀត ​ដែល​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ជាង​នោះ​​ទៅ​ទៀត​​»​។


គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​យើង​កំពុង​តាម​ដាន​ស្ថានភាព​នៅ​តំបន់​មជ្ឈិមបូព៌ា ​ប៉ុន្តែ​​នោះ​ពិត​ជា​គ្មាន​អ្វី​កើត​ឡើង​នោះ​ទេ​»។​

លោក Solskjaer បាន​បង្ហាញ​ថា ជំនួស​ឲ្យ​ការ​ទៅ​ប្រទេស​នោះ គាត់​នឹង​អនុញ្ញាត​ឲ្យ​កូន​ក្រុម​របស់​គាត់​ឈប់​សម្រាក​ក្នុង​ពេល​សម្រាក​រដូវ​ត្រជាក់​នោះ ​ក្រោយ​ពី​​ពួក​គេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ Wolves នៅ​ថ្ងៃទី ​១ ខែ​កុម្ភៈ ​​ក្នុង​ទឹក​ដី​ខ្លួន​ឯង​។​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ឈប់​សម្រាក់ ​២-៣ ថ្ងៃ​ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​នោះ​ទេ​ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​នឹង​ស្ថិត​នៅ​ក្នុង​តំបន់​អឺរ៉ុប​តែ​ប៉ុណ្ណោះ​»។​

លោក Solskjaer បាន​ចាត់​ទុក​ការ​ឈប់​សម្រាក​ពាក់​កណ្ដាល​រដូវកាល​​ដែល​ទើប​បង្កើត​ឡើង​នៅ​រដូវកាល​នេះ​ថា​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​កូន​ក្រុម​គាត់ ​ក្រោយ​ពី​បាន​ធ្វើ​ការ​ប្រកួត​ដ៏​លំបាក​កន្លង​មក​នេះ​។​

ដោយ​ក្រុមMan Utd នៅ​សល់​ការ​ប្រកួត ​៤ ​លើក​ទៀត​នោះ ​​ការ​ប្រកួត​នៅ​ក្នុង​​ជុំទី ​៣ ​ជាមួយ​ក្រុម Wolves នៅ​កីឡដ្ឋាន​ Old Trafford ពី​ថ្ងៃ​ម្សិលមិញ​នោះ ​គឺ​ជា​ការ​ប្រកួត​លើក​ទី ​១៥ ​ក្នុង​រយៈពេល ​៤៩ ​ថ្ងៃ​ ហើយ​តួលេខ​នេះ​នឹង​ឡើង​ដល់​លេខ ​១៩ ​ក្នុង​រយៈពេល ​៦៦ ​ថ្ងៃ ​នៅ​ពេល​ពួក​គេ​នឹង​ជួប​​គ្នា​ម្ដង​ទៀត​នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ​​នេះ​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា ការ​ឈប់​សម្រាក​ពាក់​កណ្ដាល​រដូវកាល​នេះ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​គ្រប់​គ្នា​»។​

លោក Solskjaer ​​បន្ថែម​ថា៖ «​ទម្រាំ​ដល់​ពេល​នោះ ​យើង​មាន​ការ​ប្រកួត ​៥ ​ឬ ​៦ ​លើក​ទៀត ​ដូច្នេះ​​យើង​​ត្រូវ​តែ​ប្រឹងប្រែង​ និង​មាន​ទម្រង់​លេង​ល្អ​ដើម្បី​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​យើង​ចង់​បាន​ បន្ទាប់​មក​យើង​នឹង​សម្រាក​ស្រូប​​យក​វីតាមីន​ D»៕ AFP/SN​