ភ្នំពេញ៖ នាយកគ្រប់គ្រងកម្មវិធី Mas Fight Cambodia នៅលើសង្វៀនថោន លោក គឹម ស្រ៊ុនកុសល បានអះអាងថា លោកនឹងមានការរឹតបន្តឹងច្បាប់ប្រកួតឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីរកឲ្យឃើញម្ចាស់ប្រាក់លាន ហើយការធ្វើបែបនេះ ក៏ព្រោះតែការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ទម្ងន់ ៥៧ គ.ក្រ នៅថ្ងៃអាទិត្យនេះ ត្រូវគេមើលឃើញថា អាចនឹងពិបាករកម្ចាស់ជើងឯក ព្រោះបេក្ខភាពទាំង ៤ នាក់ ដែលត្រូវដាក់ឲ្យប្រកួតមានសមត្ថភាពប្រហាក់ប្រហែលគ្នា។
សម្រាប់ការប្រកួតនៅសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងមានភាពកក្រើកខ្លាំង ព្រោះបេក្ខភាព ម៉ន សាម៉េត, អេ ណារ័ត្ន, ប៊ុន សុធា និង សៅ ប៊ុនធឿន សុទ្ធតែនិយមចូលចិត្តវាយសម្រុកដូចគ្នា ចំណែកលក្ខខណ្ឌប្រកួតនឹងជំរុញឲ្យពួកគេប្រកួតគ្នាកាន់តែខ្លាំង ព្រោះនៅវគ្គជម្រុះមានត្រឹម ៣ ទឹកទេ រីឯវគ្គផ្តាច់ព្រ័ត្រ ដែលប្រកួត ១ ទឹក ស្មើ ៩ នាទីនោះ គឺអ្នកផ្តួលដៃគូឲ្យសន្លប់ ទើបអាចក្លាយជាម្ចាស់ជើងឯក តែបើគ្មានអ្នកសន្លប់ គឺស្មើគ្នា ហើយត្រូវចែកប្រាក់រង្វាន់ជា ២។
ចំពោះបេក្ខភាពទាំង ៤ នាក់នេះ ម៉ន សាម៉េត មានបទពិសោធច្រើនជាងគេ ប៉ុន្តែ អេ ណារ័ត្ន និង ប៊ុន សុធា ជាជើងខ្លាំងជំនាន់ក្រោយ ដែលមានសមត្ថភាពប្រកួតល្អ។ បន្ថែមលើនេះ ប៊ុន សុធា ក៏ធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតដណ្តើមប្រាក់លាននៅសង្វៀនថោននេះ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២០ ផងដែរ ប៉ុន្តែបានត្រឹមស្មើ យុគ យក្សផ្លែ ក្រោយគ្មានអ្នកណាសន្លប់។ ចំណែក សៅ ប៊ុនធឿន ក៏ជាជើងខ្លាំងជំនាន់ក្រោយម្នាក់ដែរ ប៉ុន្តែបើប្រៀបធៀបជាមួយ ម៉ន សាម៉េត, អេ ណារ័ត្ន និង ប៊ុន សុធា គឺរូបគេ អាចនឹងមានភាគរយតិចជាងគេក្នុងការស្វែងរកការឈ្នះ។
ទាក់ទងនឹងការប្រកួត ដែលតម្រូវឲ្យបេក្ខភាពចាប់ឆ្នោតនៅមុនការប្រកួតចាប់ផ្តើមនេះ លោក គឹម ស្រ៊ុនកុសល ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការប្រកួតដណ្តើមប្រាក់លាននៅសប្តាហ៍នេះ នឹងមានភាពស្វិតស្វាញខ្លាំង ព្រោះ ម៉ន សាម៉េត, ប៊ុន សុធា និង អេ ណារ័ត្ន សុទ្ធតែមិនងាយផ្តួលដោយសន្លប់តែបើអ្នកខ្លាំងជួបគ្នា ក្នុងវគ្គជម្រុះ អ៊ីចឹងនៅវគ្គផ្តាច់ព្រ័ត្រ អាចមានសង្ឃឹមរក អ្នកសន្លប់បាន»។
ជាមួយគ្នានេះ លោក គឹម ស្រ៊ុនកុសល បានធ្វើការវិភាគទៅតាមទស្សនៈផ្ទាល់ខ្លួន និងការយល់ឃើញរបស់លោកថា បើ ប៊ុន សុធា ចាប់ឆ្នោតជួប អេ ណារ័ត្ន នៅវគ្គជម្រុះ គឺ ម៉ន សាម៉េត អាចមានសង្ឃឹម ប៉ុន្តែបើ អេ ណារ័ត្ន ឬ ប៊ុន សុធា ចាប់ឆ្នោតជួប ម៉ន សាម៉េត វិញ អ៊ីចឹងវគ្គផ្តាច់ព្រ័ត្រ អ្នកណាជួបអ្នកណា ក៏មានឱកាសផ្តួលបានដែរ ព្រោះមជ្ឈដ្ឋានខាងក្រៅគេវាយតម្លៃថា ម៉ន សាម៉េត រឹង ធន់ មិនងាយសន្លប់ ហេតុនេះឱកាសយកឈ្នះ សាម៉េត បានមានតែនៅវគ្គជម្រុះ ព្រោះបើដល់វគ្គផ្តាច់ព្រ័ត្រ ដែលប្រើច្បាប់ Mas Fight វាយ ៩ នាទីនោះ គឺពិបាកផ្តួល ម៉ន សាម៉េត ហើយ។
យ៉ាងណាក៏ដោយ លោក គឹម ស្រ៊ុនកុសល នឹងរឹតបន្តឹងច្បាប់ប្រកួត ដើម្បីរកឲ្យឃើញម្ចាស់ជើងឯក។ លោកបានបញ្ជាក់ថា៖ «នៅមុនការប្រកួតនេះ ខ្ញុំនឹងអាចប្រជុំជាមួយអាជ្ញាកណ្តាលក្នុងការរឹតបន្តឹងច្បាប់នៅលើសង្វៀនប្រកួតចៀសវាងកីឡាករវាយថយខ្លាំងពេក ធ្វើឲ្យយើងពិបាកនឹងរកម្ចាស់ជើងឯកបាន ដូច្នេះការពិន័យកាតលឿង និងកាតក្រហមត្រូវប្រើឲ្យមានប្រសិទ្ធភាព»៕