ក្រុងម៉ាឌ្រីដ: តារាឆ្នើម Lionel Messi ស៊ុតបញ្ចូលទីបាន ២ គ្រាប់ ក្នុងនោះរួមទាំង ១ គ្រាប់ ដែលប្រើបច្ចេកទេសផ្ទាល់ខ្លួនយ៉ាងអស្ចារ្យ ខណៈក្រុមអ្នកមានបុណ្យ Barcelona បំបាក់ក្រុម Athletic Bilbao ៤-០ ដើម្បីលើកពាន Copa del Rey កាលពីថ្ងៃសៅរ៍ ដោយលទ្ធផលនេះធ្វើឱ្យក្រុមគូប្រជែងរបស់ខ្លួនរងបរាជ័យជាលើកទី ២ ក្នុងរយៈពេល ២ សប្ដាហ៍ នៅកន្លែងដដែល។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាក្រុងសេវីលនេះនៅវគ្គទី ១ ក្រុមទាំង ២ បានស្មើគ្នា ០-០ តែចូលដល់វគ្គទី ២ ខ្សែប្រយុទ្ធ Antoine Griezmann ជួយឱ្យក្រុម Barca នាំមុខ នៅនាទីទី ៦០ មុននឹង Frenkie de Jong បន្ថែមការនាំមុខនៅនាទីទី ៦៣ ខណៈ ៥ នាទីបន្ទាប់ Messi ជួយឱ្យក្រុមនាំមុខកាន់តែឆ្ងាយ ហើយនាទីទី ៧២ ក៏អាចស៊ុតគ្រាប់ទី ២ របស់ខ្លួនបាន ក៏ដូចជាគ្រាប់បាល់ជ័យជម្នះចុងក្រោយ សម្រាប់ក្រុមផងដែរ។
Bilbao ជាក្រុមដែលឈ្នះពាន Copa del Rey នេះបានច្រើន លំដាប់ទី ២ បន្ទាប់ពីក្រុម Barca តែពួកគេមិនដែលបានកា្លយជាជើងឯកម្ដងណាឡើយតាំងពីលើកចុងក្រោយ នារដូវកាល ១៩៨៣-១៩៨៤ ដែលពេលនោះ ក្រុមមួយនេះយកឈ្នះគូប្រជែង Barca ១-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Santiago Bernabeu។
ចំណែកនៅខែមេសា ឆ្នាំ ២០២១ នេះ ជាមួយនឹងឱកាស ២ លើក ប្រាកដណាស់ជាពេលដែលក្រុម Bilbao អាចបន្ថែមចំនួនពានទៅក្នុងកំណត់ត្រារបស់ខ្លួន តែចុងក្រោយពួកគេបានបរាជ័យទាំងអស់ក្នុងការប្រកួតនាកីឡដ្ឋាន La Cartuja នេះ ដោយលើកទី ១ ចាញ់ Real Sociedad ១-០ ហើយបន្ទាប់មក លើកទី ២ នេះពួកគេក៏ចាញ់ Barca ៤-០ ទៀត។
យ៉ាងណា សម្រាប់កីឡាករអន្តរជាតិអាហ្សង់ទីន Messi ក្រោយពីអាចរួមចំណែកជួយឱ្យក្រុមលើកពានរង្វាន់នេះបាននិយាយថា៖ «វាជារឿងពិសេសណាស់ក្នុងការធ្វើជាប្រធាននៃក្រុម ដែលខ្ញុំចំណាយពេលវេលាជាមួយពេញមួយជីវិតរបស់ខ្ញុំ ហើយពិសេសណាស់ ដែលអាចលើកពានរង្វាន់នេះ»។
ដោយមានប្រធានក្លិបថ្មី លោក Joan Laporta នៅក្នុងចំណោមហ្វូងមនុស្សដែរនោះ ការឈ្នះពានទី ១ របស់លោក Ronald Koeman ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Barca នេះក៏អាចជាកម្លាំងជំរុញដ៏សំខាន់ផងដែរ ក្នុងការផ្ដល់ឱកាសឱ្យគាត់នៅធ្វើតួនាទីហួសពីរដូវក្ដៅ។
នៅពេលត្រូវបានសួរពីអនាគតរបស់លោក Koeman លោក Laporta បានឆ្លើយដោយខ្លីៗថា៖ «គាត់ធ្វើបានល្អ»។
យ៉ាងណាក្ដី ប្រយោជន៍នៃជោគជ័យនេះ ក្រៅពីបញ្ជាក់ឱ្យឃើញពីការរីកចម្រើនរបស់ក្លិបហើយនោះ សម្រាប់លោក Koeman មានសង្ឃឹមថា វាមិនត្រឹមតែអាចជួយអន្ទងចិត្តឱ្យ Messi ស្នាក់នៅបន្តប៉ុណ្ណោះទេ តែថែមទាំងផ្ដល់នូវកម្លាំងចិត្តកាន់តែខ្លាំងដល់ក្រុម Barca របស់លោកឱ្យទៅប្រជែងពានក្របខ័ណ្ឌ La Liga ទៀតផង។
អ្នកចាត់ការសញ្ជាតិហូឡង់ លោក Koeman បន្ថែមថា៖ «ទោះជាមានការប្រែប្រួលក្នុងក្លិប និងកីឡាករក្មេងៗក៏ដោយ នៅក្រុម Barca គ្រប់គ្នាត្រូវតែប្រយុទ្ធ ដើម្បីឈ្នះពាន។ យើងឈ្នះ ១ ហើយ អ៊ីចឹងឥឡូវនេះ យើងនឹងទៅប្រកួតប្រជែងរហូតដល់ហ្គេមចុងក្រោយ នៅ La Liga ទៀត»៕ VN