ក្រុងរីយ៉ូៈ ខ្សែប្រយុទ្ធ Lionel Messi មានការអន្ទះសាខ្លាំងក្នុងការជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនបានលើកពាន Copa America ក្នុងរដូវកាលនេះ ព្រោះប្រទេសមួយនេះបានខកខានលើកពាននេះជាង ១ ទសវត្សរ៍មកហើយ ហើយក្រុមអាហ្សង់ទីននឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍នេះចុងសប្ដាហ៍នេះ ស្របពេលខ្សែប្រយុទ្ធឆ្នើម Neymar របស់ក្រុមជម្រើសជាតិប្រេស៊ីលអវត្តមានពីការប្រកួតដោយសាររងរបួស។
ម្ចាស់ស្បែកជើងមាស Ballon d''Or ៥ ជំនាន់ Messi គឺជាកីឡាករម្នាក់ ដែលមានប្រវត្តិលើកពានជាច្រើនក្នុងពេលលេងឲ្យក្លិប Barcelona ដូចជាលើកពាន Champions League ៤ លើក និងពាន La Liga ១០ លើក ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិវិញ កីឡាកររូបនេះហាក់ដូចជាមិនទាន់ឃើញលើកពានធំម្ដងណាឡើយ ហើយកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានឲ្យដឹងថា រូបគេកំពុងតែជិតអស់ពេលហើយ ដើម្បីបង្កើតភាពអស្ចារ្យសម្រាប់ប្រទេសជាតិ។
តារាបាល់ទាត់ដ៏ឆ្នើមរបស់ពិភពលោក Messi បានប្រាប់បណ្ដាញ Fox Sports កាលពីសប្ដាហ៍មុនថា៖ «ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំ ដោយឈ្នះអ្វីម្យ៉ាងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ឬក៏យ៉ាងហោចណាស់ព្យាយាមធ្វើដូច្នេះឲ្យបានច្រើនតាមដែលអាចធ្វើបាន»។
ក្រុមជម្រើសជាតិអាហ្សង់ទីនបានចាញ់វគ្គផ្ដាច់ព្រ័ត្រ ៤ លើករួមទាំងចាញ់វគ្គចុងក្រោយ ២ លើកនៃក្របខ័ណ្ឌ Copa នេះ នៅពេលប្រកួតជាមួយប្រទេស Chile។ ប៉ុន្តែអ្វីកាន់តែឈឺចាប់ទៀតនោះគឺចាញ់វគ្គផ្ដាច់ព្រ័ត្រ World Cup 2014 ជាមួយប្រទេសអាល្លឺម៉ង់នៅកីឡដ្ឋាន Maracana ប្រទេសប្រេស៊ីលជាទីដែលកីឡាករ Messi សង្ឃឹមថាជម្រើសជាតិអាហ្សង់ទីននឹងលើកពាន Copa នៅថ្ងៃទី ៧ ខែកក្កដាខាងមុខនេះ។
តាំងពីចាញ់ក្រុមអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រនោះមក ក្រុមអាហ្សង់ទីនបានចាញ់ជាបន្តបន្ទាប់រយៈពេល ៣ ឆ្នាំជាប់គ្នាជាហេតុធ្វើឲ្យ Messi ឈឺចាប់យ៉ាងខ្លាំង ហើយបានប្រកាសឈប់លេងជាអន្តរជាតិ ក្រោយពីមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទៅលើរូបគេ និងមិត្តរួមក្រុមដទៃទៀត។
Messi បាននិយាយថា៖ «ប្រជាពលរដ្ឋកំពុងវាយប្រហារចំពោះយើងពីគ្រប់មជ្ឈដ្ឋានទាំងអស់»។ ប៉ុន្តែការប្រកាសឈប់លេងជាអន្តរជាតិរបស់ Messi នេះបានរយៈពេលតែ ៦ សប្ដាហ៍ប៉ុណ្ណោះ ក្រោយមករូបគេបានចូលលេងវិញ ក្នុងការប្រកួតវគ្គជម្រុះចុងក្រោយដោយរកបាន ៣ គ្រាប់តែម្នាក់ឯងជួយឲ្យក្រុមអាហ្សង់ទីនឈ្នះក្រុមអេក្វាដ័រ ៣-១ ធ្វើឲ្យអាហ្សង់ទីនបានឡើងទៅលេង World Cup 2018 នៅប្រទេសរុស្ស៊ី។
ទោះជា Messi បានជួយឲ្យក្រុមអាហ្សង់ទីនឡើងទៅលេង World Cup ក៏ពិតមែន ប៉ុន្តែ Messi នៅតែមិនអាចជួយឲ្យអាហ្សង់ទីនឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្របានទេ ក្រោយពីចាញ់ក្រុមជម្រើសជាតិបារាំង ៤-៣ ដែលជាម្ចាស់ជើងឯក World Cup 2018 នៅជុំទី ២ ធ្វើឲ្យអាហ្សង់ទីនត្រឡប់ទៅផ្ទះវិញទាំងឈឺចាប់បំផុត។
មកដល់ពេលនេះគឺមានរយៈពេល ២៦ ឆ្នាំហើយគិតតាំងពីក្រុមអាហ្សង់ទីនបានលើកពាន Copa America លើកចុងក្រោយ និងជាលើកទី ១៤ កាលពីឆ្នាំ ១៩៩៣ និងការទទួលបានជើងឯករងចំនួន ១៤ លើក ប៉ុន្តែពេលនេះ Messi កំពុងអន្ទះសាចង់លើកពាននេះម្ដងទៀត។
Messi បាននិយាយប្រាប់ TyC Sports កាលពីសប្ដាហ៍មុនថា៖ «យើងនឹងទៅទីនោះជាមួយក្ដីសង្ឃឹម និងឆន្ទៈដូចគ្នាជានិច្ច។ ប្រទេសអាហ្សង់ទីននឹងធ្វើការផ្លាស់ប្ដូរជាមួយក្រុមយុវជនថ្មីៗជាច្រើន។ វាមានរយៈពេលយូរហើយ តាំងពីអាហ្សង់ទីនឈ្នះវា ហើយយើងទាំងអស់គ្នាចង់អបអរសាទរលើកពាននេះម្ដងទៀត»៕ SN