ភ្នំពេញៈ សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​ហៅ​កាត់​ថា MMA បាន​បង្ហាញ​ពី​ភាពជោគជ័យ​របស់​ខ្លួន​ទាំង​ទៅលើ​ការកសាង​ធនធាន​អត្តពលិក គ្រូបង្វឹក និង​ការកើនឡើង​នៃ​ចំនួន​ក្លិប​ដែល​បាន​ចុះឈ្មោះ​ជា​សមាជិកភាព​ជាមួយ​សហព័ន្ធ​មួយ​នេះ ហើយ​នៅ​ខែ​សីហា​ខាង​មុខ​នេះ MMA ក៏​នឹង​បន្ត​បញ្ជូន​កីឡាករ​ ១ ​នាក់ និង​កីឡាការិនី​ ១ ​នាក់​ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ផង​ដែរ​។


លោក កែប៊ិន សូរស្មី អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​សហព័ន្ធ​របស់​យើង​បាន​បង្កើត​ឡើង​វិញ​ម្តង​ទៀត​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៨ ដោយ​យើង​ទាំងអស់​គ្នា​បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការបង្រួបបង្រួម​ក្លិប និង​កីឡាករ​ទាំងអស់ ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ​យើង​ទទួល​បាន​ជោគជ័យ​ដ៏ល្អ​វិសេសវិសាល​ហួស​ពី​ការរំពឹងទុក​របស់​យើង​ទៅ​ទៀត​។ លើស​ពី​នេះ​យើង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា អ្នក​ទាំងអស់​គ្នា​នឹង​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ទទួល​បាន​ភាគជោគជ័យ​ថ្មីៗ​បន្ថែម​តទៅ​មុខ​ទៀត​»​។


ការលើក​ឡើង​របស់​លោក កែប៊ិន សូរស្មី ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃ​អាទិត្យ​ស្រប​ពេល​ប្រធាន​សហព័ន្ធ លោក វ៉ាត់ ចំរើន បាន​អវត្តមាន​ហើយ​ក៏​ជា​ថ្ងៃ​ដែល MMA បង្ហាញ​ពី​ចំនួន​ក្លិប ដែល​បាន​ចូលរួម​ជា​សមាជិកភាព​ព្រម​ទាំង​ការប្រគល់​វិញ្ញាបនបត្រ​ដល់​ក្លិប​ទាំង​នោះ និង​បណ្ណ​សមាជិក​ទៅ​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក និង​អាជ្ញាកណ្តាល​ផង​ដែរ​។


លោក កែប៊ិន សូរស្មី បាន​បន្ថែម​ថា​៖ «​ពេល​នេះ​យើង​មាន​ ២២ ​ក្លិប​ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​សហព័ន្ធ​ក្នុង​នោះ​ ១៨ ​ក្លិប​ស្ថិត​នៅ​កម្ពុជា និង​ ៤ ​ក្លិប​មក​បណ្តា​ប្រទេស​ខាង​ក្រៅ​មាន កាណាដា បារាំង អូស្ត្រាលី និង​អាមេរិក​ហើយ​យើង​មាន​កីឡាករ កីឡាការិនី​ចំនួន​ ៤៧ ​នាក់​ក្នុង​នោះ​ ៤៣ ​នាក់​ជា​ជនជាតិ​ខ្មែរ និង​ ៤ ​នាក់​ជា​ខ្មែរ​អាណិកជន​»​។


ចំពោះ​ក្លិប​ទាំង​ ២២ ដែល​បាន​ចុះឈ្មោះ​ធ្វើ​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​មាន​ក្លិប Cambodian Top Team ក្លិប​សិល្បៈ Prodal Fight & Fitness Studio សាលា​គុន​បុរាណ​ខ្មែរ​ល័ក្ខរ៉ៃយ៉ុងល្បុក្កតោ Monster Factory ក្លិប​អេភូថង​កីឡា H/Art Jiu Jitsu សាលា​គុនតា​ដំបងដែក​ខេត្ត កំពង់ឆ្នាំង Chau Kaizen ក្លិប​មីស្ទ័រលីគុន​ខ្មែរ Neak Ta Pradal Serey ក្លិប​អាណាចក្រ​ប្រយុទ្ធ Prodal Kun Khmer of Lowell Ma USA ក្រុម​ប្រយុទ្ធ​ខេត្ត​សៀមរាប The Temple Bordeaux ក្លិប​ល្បុក្កតោ​បារាយណ៍​អណ្តែត Prokout Fitness & Fight Center និង​ក្លិប​ល្បុក្កតោ​ស ជាដើម​។


ទាក់ទង​ទៅ​នឹង​គោលបំណង​ធំ​របស់​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា លោក កែប៊ិន សូរស្មី បាន​បញ្ជាក់​ថា​៖ «​គោលដៅ​ចម្បង​របស់​សហព័ន្ធ​យើង​គឺ​ជួយ​អភិវឌ្ឍ​កីឡា​ក្បាច់​ប្រដាល់​ចម្រុះ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ពង្រឹង​សមត្ថភាព​របស់​យុទ្ធជន​ដែល​ជា​កីឡាករ កីឡាការិនី​របស់​យើង​ព្រម​ទាំង​គិតគូរ​ពី​ស្ថានភាព​រស់នៅ និង​ស្ថានភាព​នៃ​ការប្រយុទ្ធ​របស់​ពួកគេ​ឲ្យ​កាន់​តែ​មាន​ភាព​រីកចម្រើន​ឡើង​ថែម​មួយ​កម្រិត​ទៀត​»​។

ជាមួយ​គ្នា​នេះ​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​ក៏​គ្រោង​បញ្ជូន​កីឡាករ ចាន់ សំអាត និង​កីឡាការិនី អេ យ៉ានុត ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ខែ​សីហា​ខាង​មុខ​ផង​ដែរ​ដោយ​ក្នុង​នោះ ចាន់ សំអាត នឹង​ត្រូវ​ប៉ះ​អ្នកប្រដាល់​មីយ៉ាន់ម៉ា Punnya Say ក្នុង​កម្មវិធី ONE Championship ដែល​នឹង​ត្រូវ​ធ្វើ​នៅ​សិង្ហបុរី​នា​ថ្ងៃ​ទី​ ៦ ខែ​សីហា ហើយ អេ យ៉ានុត ត្រូវ​ឡើង​ប្រកួត​ក្នុង​កម្មវិធី World Leitwei Championship នៅ​ប្រទេស​មីយ៉ាន់ម៉ា​នា​ថ្ងៃ​ទី​ ២ ខែ​សីហា​ដោយ​កញ្ញា​ត្រូវ​ជួប​កីឡាការិនី​របស់​បារាំង សូហ៊ីម៉ង់ ហ្វ្រេឌី​៕