ក្រុង Montreal: កីឡាករ​វាយ​កូនបាល់ (Tennis) Rafael Nadal បានបញ្ចប់​ការប្រកួត​ដោយ​ឈ្នះ​កីឡាករ​រុស្ស៊ី Daniil Medvedev ក្នុង​លទ្ធផល ៦-៣ និង ៦-០ ពីថ្ងៃ​អាទិត្យ​នៅ​ទីក្រុង Montreal ប្រទេស​កាណាដា និង​បន្ត​បំបែក​កំណត់ត្រា​ឈ្នះ​ពាន​ Masters ​ចំនួន​ ១០០០ ​លើក​។


កីឡាករ​ជាប់​ចំណាត់ថ្នាក់​ទី​ ២ ​ក្នុង​ពិភពលោក​រូបនេះ​បាន​គ្រង​ជើងឯក Masters លើក​ទី​ ៣៥ ​ដោយ​ឈ្នះ​ពាន​នេះ​ច្រើនជាង​កីឡាករ Navak Djokovic ចំនួន​ ២ ខណៈ Djokovic ឈ្នះ​បាន​ពាន ៣៣ ​លើក​។


ស្ដេច​កីឡា​វាយ​កូន​បាល់ Nadal បាន​ការពារ​ពានរង្វាន់​របស់​គាត់​ដោយ​ជោគជ័យ​ជា​លើកដំបូង​ក្នុង​អាជីព​របស់គាត់​។


ម្ចាស់​ជើងឯក Grand Slam ១៨ ​ជំនាន់​រូបនេះ​និយាយ​ថា​៖ «​វា​សំខាន់​ណាស់​ដែល​ចាប់ផ្ដើម​ការប្រកួត​នៅក្នុង​ទម្រង់​លេង​ល្អ​បែបនេះ​»​។


កីឡាករ Nadal បាន​បន្ថែម​ពាក់ព័ន្ធ​នឹង​កីឡាករ Medvedev ថា​៖ «​គាត់​មកលេង​បានល្អ​ណាស់​នៅក្នុង​ការប្រកួត​ជាច្រើន​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​»​។


ផ្ទុយ​មកវិញ Nadal បាន​លេង​តែ​ ៣ ​ប្រកួត​តាំងពី​ចាប់ផ្ដើម​ឈ្នះ​ជា​បន្តបន្ទាប់​នៅ​ក្របខ័ណ្ឌ US Open ពី​សប្ដាហ៍​មុន ដោយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោយពី​គូប្រកួត​របស់គេ​បាន​បោះបង់​ការប្រកួត​នៅ​វគ្គ​ ៤ ​នាក់​ចុងក្រោយ​ដោយសារ​ឆ្អល់ពោះ​ខាង​ឆ្វេង​។

កីឡាករ Nadal និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​លេង​បានល្អ​បំផុត​នៅ​សប្ដាហ៍​នេះ​ដោយ​គ្មាន​សង្ស័យ​បន្តិច​ឡើយ​។ ខ្ញុំ​បាន​ធ្វើ​រឿង​ជាច្រើន​បានល្អ​គឺ​ប្ដូរ​ទិសដៅ និង​ប្ដូរ​ក្បាច់​លេង​ដែល​ធ្វើ​បាន​ល្អ​នៅ​រសៀល​នេះ​»​។

កីឡាករ​ដដែល​នេះ​និយាយ​ថា​៖ «​ខ្ញុំ​គិតថា ខ្ញុំ​លេង​ដោយ​វៃឆ្លាត ខ្ញុំ​មាន​អារម្មណ៍ល្អ​ផ្ដោត​តែ​លើ​បាល់​»​។

ដោយ​អ្វីៗ​រលូន​សម្រាប់​កីឡាករ Nadal នោះ រូបគាត់​ត្រូវការ​ពេល​តែ​ ៧០ ​នាទី​ដើម្បី​ឈ្នះ​កីឡាករ​រុស្ស៊ី Medvedev ដែលជា​បរាជ័យ​លើក​ទី​ ៤ ​របស់​កីឡាករ​រុស្ស៊ី​រូបនេះ​។

ជាច្រើន​ម៉ោង​ក្រោយមក​កីឡាករ Nadal បាន​និយាយ​ថា រូបគាត់​នឹង​រំលង​ពាន Cincinnati Masters ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ចន្ទ​ជាទី​ដែល​គាត់​បាន​លេខ​ ២ ​នៅ​ពីក្រោយ​កីឡាករ Djokovic និង​នាំមុខ​កីឡាករ Roger Federer​។

កីឡាករ​រូបនេះ​បាន​និយាយ​តាម Facebook ថា​៖ «​គ្មាន​អ្វី​ក្រៅតែ​ពី​មូលហេតុ​ផ្ទាល់ខ្លួន​ដោយសារ​ចង់​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ដូច​ខ្ញុំ​មាន​អារម្មណ៍​នៅពេល​នេះឯង​»​។

កីឡាករ Medvedev និយាយ​ថា​៖ «​ខ្ញុំ​ធ្លាប់​ប្រកួត​ជាមួយ Roger (Federer) ២ ​ដង និង​ជាមួយ Novak (Djokovic) ៤ ​ដង ប៉ុន្តែ​មិន​ធ្លាប់​ប្រកួត​ជាមួយ Nadal បាន​ម្ដងណា​ឡើយ​ពី​មុន​មក​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​បានដឹងថា ការប្រកួត​នេះ​នឹង​ទៅជា​យ៉ាងណា​រួច​ទៅហើយ ខ្ញុំ​ជា​អ្នក​ត្រៀមខ្លួន​ម្នាក់​ ប៉ុន្តែ​ខ្ញុំ​ដូចជា​មិន​អាច​បង្ហាញ​ពី​ការលេង​តេនីស​ដ៏ល្អ​បំផុត​របស់ខ្ញុំ​បាន​ទាល់​តែ​សោះ ហើយ Nadal ពិតជា​លេង​បាន​ល្អ​មែន​នៅ​ថ្ងៃនេះ​»​។

ទោះ​យ៉ាងណា​ក៏ដោយ កីឡាករ Medvedev ពេញចិត្ត​នឹង​ពេលវេលា​របស់គាត់​នៅក្នុង​ទីក្រុង​តូរ៉ុនតូ ដោយ​និយាយ​ថា​៖ «​ខ្ញុំ​ជឿថា នេះ​ជា​សប្ដាហ៍​ល្អ​បំផុត​មិន​ធ្លាប់មាន​របស់ខ្ញុំ ហើយ​កម្រិត​របស់ខ្ញុំ​ក្នុងការ​ប្រកួត​ទាំងអស់​គឺ​ពិតជា​ល្អ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ធ្វើឲ្យ​បាន​ប្រសើរ​នៅ​ថ្ងៃនេះ​ ប៉ុន្តែ​វា​មិន​សម្រេច​ទេ ហើយ​ខ្ញុំ​នឹង​ទទួល​យក​បទពិសោធ​ពី​ការប្រកួត​នេះ និង​ព្យាយាម​បង្កើន​សមត្ថភាព​នៅពេល​ក្រោយ​ទៀត​»​។

ចំពោះ​កីឡាករ Nadal វិញ​នេះ​ជា​ការឈ្នះ​ពាន​លើក​ទី​ ៣ ​ហើយ​នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ដែល​លើក​ដំបូង​បាន​ឈ្នះ​នៅ​ទីក្រុង​រ៉ូម និង​លើក​ទី​ ២ ​នៅ​ការប្រកួត French Open នៅ​ប្រទេស​បារាំង​៕ SN