ក្រុង​ប៊ែរឡាំង៖ លោក Julian Nagelsman បន្ទោស​កូន​ក្រុម​ ដែល​​សល់​គ្នា​ ​១០ ​នាក់​ថា ការពារ​ដូច​ក្រុម​សិស្ស​សាលា​ក្នុង​ការ​​ប្រកួត​នៅ​យប់​ថ្ងៃ​ពុធ ដែល​ក្រុម RB Leipzig របស់​លោក លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Hertha Berlin ២-២ នៅ​ផ្ទះ​ខ្លួន​ឯង ធ្វើ​ឲ្យ​បាត់​ឱកាស​ឡើង​ទៅ​ចំណាត់​​ថ្នាក់ទី ​២ ក្នុង​តារាង​ពិន្ទុ​នៃ​​ក្រប​ខ័ណ្ឌ​ Bundesliga​។ ​​


ក្រុម Hertha ​តាម​ស្មើ​នៅ​ចុង​ម៉ោង​នៃ​តង់​ទី២ ដែល​ជា​ការ​ស៊ុត​បាល់​ពិន័យ ​១១ ម៉ែត្រ បាន​សម្រេច​របស់​ខ្សែ​ប្រយុទ្ធ Krzysztof Piatek ហើយ​វា​ក៏​ជាគ្រាប់​បាល់​ ដែល​ជួយ​បន្ថយ​ភាព​អាម៉ាស់​ឲ្យ​​​​​អ្នក​ចាំ​ទី​ Rune Jarstein ផង​ដែរ ដែល​ចាប់​បាល់​មិន​ជាប់​នាំ​ឲ្យ​ក្រុម Leipzig នាំ​មុខ​ ២-១​។


ព្រោះ​តែ​ទទួល​បាន​លទ្ធផល​មិន​ល្អ ជា​ពិសេស​ការ​បណ្ដោយ​ឲ្យ​គ្រាប់​បាល់​កើត​ឡើង​បាន​ទាំង​​មិន​គួរ​ឲ្យ​ជឿ​​នេះ លោក​គ្រូ​បង្វឹក Nagelsmann បាន​សម្ដែង​អារម្មណ៍​ខឹង​សម្បា​ក្រុម Leipzig របស់​លោក ដែល​ការពារ​បាល់​​ចេញ​ពី​ជ្រុង​មិន​បាន​ល្អ ពេល​ការ​ប្រកួត​លេង​បាន​តែ ​៩ ​នាទី​ ដោយ​​​បណ្ដោយ​ឲ្យ​​ខ្សែ​បម្រើ​ Marko Grujic មាន​ឱកាស​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច​។​


លោក Nagelsmann បាន​និយាយ​​​ដោយ​​អារម្មណ៍​មួហ្មង​ថា​៖ «​យើង​ចាប់​ផ្ដើម​បាន​ល្អ តែ​ក្រោយ​មក​ធ្លាក់​ចុះ។ ​យើង​ការពារ​ដូច​ក្រុម​កូន​ក្មេង​សិស្ស​​សាលា​។ ជា​លើក​ទី​២ ហើយ ដែល​​​​​យើង​លេង​ស្មើ​បន្ត​បន្ទាប់​​គ្នា នៅ​ផ្ទះ​ខ្លួន​ឯង ហើយ​យើង​របូត​គ្រាប់​បាល់​ទាំង​មិន​គួរ​ឡើយ​។ យើង​ត្រូវ​បន្ទោស​​ខ្លួន​ឯង។ យើង​​​រីករាយ ដែល​​អាច​ស៊ុត​បញ្ចូល​ទី​បាន តែ​ពេល​​នេះ ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ»​។​


សម្រាប់​ការ​ប្រកួត ​ដែល​បាន​លេង​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន Red Bull Arena នេះ ក្រុម​ Leipzig ​តាម​ពី​ក្រោយ​ក្រុម Hertha ១-០ រហូត​ដល់​នាំ​មុខ​​ ២-១ វិញ មុន​នឹង​ស្មើ​គ្នា ២-២ ហើយ​គ្រាប់​បាល់​របស់​ក្រុម​ម្ចាស់​ផ្ទះ ធ្វើ​បាន​ដោយ​កីឡាករ Lukas Klostermann និង Patrik Schick នាទីទី​ ២៤ និង ​៦៨ ខណៈ​ខាង​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​កីឡាករ Grujic និង Piatek នាទីទី ​៩ និងទី ​៨២​។


ការ​ប្រកួត​នេះ ក៏​មាន​ពិន័យ​កាត​ក្រហម ​ចំពោះ​កីឡាករ​​​ក្រុម​​ម្ចាស់​ផ្ទះ​ផង​ដែរ គឺ​ខ្សែ​បម្រើ​ Marcel Halstenberg នៅ​នាទីទី​ ៦៣ បន្ទាប់​ពី​រូប​គេ​ប្រព្រឹត្ត​កំហុស ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២​ (ស្មើ​កាត​ក្រហម)​ ហើយ​​លទ្ធផល​ត្រឹម​តែ​ ១ ​ពិន្ទុ​នេះ ធ្វើ​ឲ្យ Leipzig ឈរ​នៅ​លេខ​ ៣​ ដដែល ក្នុង​តារាង​ពិន្ទុ​លីក​កំពូល​ ដោយ​​តាម​​ពី​ក្រោយ​ក្រុម​ឈរ​លេខ​ ២ Borussia Dortmund ចំនួន​ ២ ពិន្ទុ និង​ក្រុម​កំពូល​តារាង​ Bayern Munich រហូត​ដល់​ទៅ​ ៩ ​ពិន្ទុ ខណៈ​ក្របខ័ណ្ឌ Bundesliga​ រដូវកាល ២០១៩-​២០២០ នៅ​សល់​តែ​ ៦ ​​ប្រកួត​ទៀត​ នឹង​បញ្ចប់​ជា​ស្ថាពរ​ហើយ​៕ AFP/VN